សហជីពសេរីកម្មករ អះអាងថា កម្មករនឹងធ្វើកូដកម្ម ឬធ្វើពហិការមិនចូលធ្វើការ ដើម្បីទាមទារឲ្យដោះលែងបុគ្គលិកសហជីព និងកម្មកររោងចក្រ ៨នាក់ ដែលកំពុងជាប់ឃុំដោយគ្មានលក្ខខណ្ឌ និងតវ៉ាដំឡើងប្រាក់ឈ្នួលឲ្យបាន ៦០ម៉ឺនរៀល ឬ ១៥០ដុល្លារក្នុង១ខែ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ថ្លែងនៅថ្ងៃទី១៩ តុលា ថា ការអំពាវនាវនេះ មានបំណងជំរុញឲ្យតុលាការដោះលែងបុគ្គលិកសហជីព និងកម្មកររោងចក្រសាប៊្រីណា (Sabrina) ទាំង ៨នាក់ ដែលតុលាការបានឃុំខ្លួនអស់រយៈពេលជាង ៤ខែ ទាំងអយុត្តិធម៌ និងទី២ សុំដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យដល់ចំនួន ៦០ម៉ឺនរៀល។ លោកថា នេះគឺជាសារមួយឲ្យរដ្ឋាភិបាលចាប់អារម្មណ៍ចំពោះកម្មករថា ពួកគាត់ប្រាកដណាស់កំពុងយល់ដឹងពីសិទ្ធិ ហើយចង់បានយុត្តិធម៌។
កម្មការិនី សយ ណាគ្រី ដែលបម្រើការនៅរោងចក្រ យូ.អែស (US) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានថ្លែងថា នាងមិនខ្លាចទេ។ នាងនឹងចូលរួមធ្វើកូដកម្មនេះ ដើម្បីទទួលបានសិទ្ធិពីថៅកែ។ បើទោះបីជាការចូលរួមធ្វើកូដកម្មនោះ ពួកគាត់នឹងខាតបង់ប្រាក់អត្ថប្រយោជន៍នានាពីរោងចក្រក្ដី។
ទាក់ទងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ជាតិ ខេមរា មានប្រសាសន៍ថា នេះគឺជាសិទ្ធិសេរីភាពរបស់សហជីព ដែលអំពាវនាវដូច្នេះ។ ប៉ុន្តែ ពិតណាស់ លោកថា ការធ្វើដូច្នេះនឹងធ្វើឲ្យប៉ះពាល់ដល់ផលិតភាពការងាររបស់រោងចក្រ ប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកបញ្ជាទិញជាមួយម្ចាស់រោងចក្រ និងក៏ប៉ះពាល់ទៅដល់កម្មករខ្លួនឯងផ្ទាល់ ដែលខាតបង់ប្រាក់ដោយសារខកខានការងារផងដែរ។
តុលាការខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនថ្នាក់ដឹកនាំសហជីពសេរីកម្មករ ៨នាក់ ដាក់ក្នុងពន្ធនាគារខេត្ត ក្រោមបទចោទចំនួន២ គឺទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតឲ្យមានការខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌថ្មី។ ការឃុំខ្លួននេះ គឺបន្ទាប់ពីផ្ទុះហិង្សាកើតឡើង ដែលមានកម្មករជិត ២ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១៤ដុល្លារបន្ថែម កាលពីថ្ងៃទី៣ ខែមិថុនា។ កូដកម្មនោះ បានឈានទៅដល់ការប្រើអំពើហិង្សាធ្វើឲ្យកម្មការិនីរោងចក្រ ២នាក់ រលូតកូន និងកម្មករច្រើនទៀតរងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
