សហជីព​ជាង​៣០​ទាមទារ​ឲ្យ​ក្រសួង​ការងារ​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ចុង​ក្រោយ

0:00 / 0:00

សហភាព​សហព័ន្ធ​សហជីព​កម្ពុជា ជាង ៣០​ស្ថាប័ន បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់​សហជីព។ ក្រុម​សហជីព នៅ​តែ​ចាត់​ទុក​ថា សេចក្តី​ព្រាង​ច្បាប់​នេះ បង្កើត​ឡើង​គ្រាន់​តែ​ជា​ចេតនា​នយោបាយ បម្រើ​ផល​ប្រយោជន៍​តែ​និយោជក និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សហជីព​កម្មករ​នៅ​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​ពុំ​ទទួល​យក ឬ​បញ្ចូល​មតិ​យោបល់​របស់​ពួក​គេ។ សហជីព​ទាំង​នេះ ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បង្ហាញ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ។

សហភាព​សហព័ន្ធ​សហជីព​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាង ៣០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង លាត​ត្រដាង​សេចក្តី​ព្រាង​ច្បាប់​សហជីព​ចុង​ក្រោយ ដើម្បី​ធានា​ថា ក្រសួង​ពិត​ជា​ដាក់​បញ្ចូល​នូវ​សំណើ​រួម​របស់​សហជីព។

ការ​ទាមទារ​រួម​គ្នា​របស់​សហភាព​សហព័ន្ធ​សហជីព​កម្ពុជា ជាង ៣០​ស្ថាប័ន​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជំហរ​របស់​ខ្លួន លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​រៀបចំ​ឡើង​នា​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នៅ​ថ្ងៃ​ទី​១៣ សីហា។

ថ្លែង​ក្នុង​សន្និសីទ​កាសែត ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា លោក​មិន​ជំទាស់​ទេ បើ​សិន​រដ្ឋាភិបាល​ពិនិត្យ​លើ​សំណើ​របស់​សហជីព​ជាង ៤០​ចំណុច លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដែល​បាន​ដាក់​ជូន​ក្រសួង​ការងារ ជុំវិញ​ក្ដី​បារម្ភ​លើ​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា កន្លង​ទៅ។ លោក​ថា មាន​ចំណុច​មួយ​ចំនួន​ក្នុង​ច្បាប់​នេះ រឹតត្បិត​សេរីភាព​របស់​សហជីព ហើយ​ចំណុច​ដែល​រឹតត្បិត​ខ្លាំង តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​តឹងតែង​នៃ​ការ​ចុះ​បញ្ជិកា​សហជីព ការ​ផ្តល់​អំណាច​ជ្រុល​ហួស​ហេតុ​ដល់​អធិការ​ការងារ​ក្នុង​ការ​ព្យួរ និង​មាន​សិទ្ធិ​សម្រេច​ថា​កូដកម្ម​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ ការ​កំណត់​ចំនួន​កម្មករ​ពី ២៥% សម្រាប់​បង្កើត​សហជីព និង​ការ​ពិន័យ​ថ្នាក់​ដឹក​នាំ​សហជីព ព្រម​ទាំង​ការ​រាយការណ៍​ពី​សកម្មភាព​ចំណូល​ចំណាយ​របស់​សហជីព៖ «ខ្ញុំ​មិន​ជំទាស់​ទេ បើ​ច្បាប់​នេះ​ធ្វើ​យ៉ាង​ណា​ស្រប​ទៅ​តាម​អនុសញ្ញា​អន្តរជាតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វា​អាច​នឹង​ប្រសើរ តែ​បើ​វា​មាន​ចំណុច​ខ្វះ​ចន្លោះ ច្បាប់​នេះ​នឹង​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា ពិសេស​កម្មករ​ដែល​មាន​ចំណូល​តិចតួច។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​ប៉ះពាល់​ដល់​សហជីព​ឯករាជ្យ​នៅ​កម្ពុជា»

ទន្ទឹម​គ្នា​នេះ សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា បាន​ដាក់​ការ​សង្ស័យ​ដែរ​ថា កិច្ច​ប្រជុំ​បិទ​ទ្វារ​របស់​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ ក្រសួង​ការងារ មិន​បាន​បង្ហាញ​នូវ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ ដោយ​គ្រាន់​តែ​ធ្វើ​បទ​បង្ហាញ និង​មិន​មាន​ពិគ្រោះ​យោបល់ ហាក់​ដូចជា​មាន​ចេតនា​ដាក់​បាំង។ លោក ស ម៉ូរ៉ា បន្ត​ថា ក្រុម​សហជីព​ទាំងអស់​ស្នើ​ឲ្យ​ក្រសួង​ការងារ លាត​ត្រដាង​ការ​ពិត​ពី​សេចក្តី​ព្រាង​ច្បាប់​សហជីព​ចុង​ក្រោយ ដើម្បី​ឲ្យ​មាន​តម្លាភាព៖ «ខ្ញុំ និង​ក្រុម​សហជីព​យល់​ថា ការ​បង្កើត​ច្បាប់​នេះ គឺ​ជា​មធ្យោបាយ​ទប់ស្កាត់​សិទ្ធិ​សមូហភាព​របស់​សហជីព​ឯករាជ្យ ក្នុង​ការ​ចូលរួម​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ»

សេចក្តី​ថ្លែងការណ៍​រួម​គ្នា​របស់​សហភាព​សហព័ន្ធ​សហជីព​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ សីហា ប្រកាស​ថា ការ​បិទ​បាំង​របស់​ក្រសួង​ការងារ លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ចុង​ក្រោយ គឺ​ច្បាស់​ណាស់​ថា សេចក្តី​ព្រាង​ច្បាប់​នោះ​គ្មាន​អ្វី​កែ​សម្រួល​ឲ្យ​ប្រសើរ​ឡើង តាម​ការ​ស្នើសុំ​របស់​សហជីព​នោះ​ឡើយ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​កំពុង​តែ​បង្ហាញ​ពី​ការ​ប្រើ​អំណាច​លើសលប់ ដើម្បី​ចូល​ខ្លួន​យ៉ាង​ជ្រៅ​ដល់​កិច្ចការ​សម្រេច​ផ្ទៃ​ក្នុង​របស់​សហជីព។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​ទាមទារ​របស់​ក្រុម​សហជីព​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ ក្រោយ​កិច្ច​ប្រជុំ​ត្រី​ភាគី​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នៅ​ឯ​ទីស្ដីការ​ក្រសួង រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សេចក្ដី​ព្រាង​ច្បាប់​សហជីព​មាន​ប្រមាណ​ជិត ១០០​មាត្រា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​ការងារ នៅ​ឡើយ ហើយ​នឹង​ត្រូវ​ដាក់​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ខែ​សីហា នេះ។ ជាង​នេះ​ទៀត ក្រសួង​ការងារ រំពឹង​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ច្បាប់​នេះ​នឹង​អាច​ដាក់​ជូន​រដ្ឋសភា​អនុម័ត​យ៉ាង​យូរ​បំផុត​ចុង​ឆ្នាំ​២០១៥។

សហភាព​សហព័ន្ធ​សហជីព​កម្ពុជា នៅ​តែ​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្តល់​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ និង​ស្នើ​ឲ្យ​ក្រសួង រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ដោយ​បើក​ទូលាយ​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ មុន​ពេល​រដ្ឋាភិបាល​បញ្ជូន​ទៅ​រដ្ឋសភា​អនុម័ត។ ជាង​នេះ​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា សហជីព​ទាំង​ជាង ៣០​ស្ថាប័ន នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ការងារ ដើម្បី​បង្ហាញ​ពី​ជំហរ​ខ្លួន ព្រម​ទាំង​ដាក់​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ទៅ​កាន់​ក្រសួង​ការងារ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។