តូបលក់ដូររបស់អាជីវករខ្មែររាប់ពាន់តូបនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ត្រូវបានបិទទ្វារមិនហ៊ានដាក់លក់ ដោយសារអាជ្ញាធរថៃ គំរាមចាប់ទំនិញរបស់ពួកគាត់។ ក្រុមអាជីវករអះអាងថា មូលហេតុដែលបិទទ្វារនេះ បន្ទាប់ពីពួកគាត់ទទួលដំណឹងជាថ្មីទៀតពីសមត្ថកិច្ចផ្នែកកម្មសិទ្ធិបញ្ញារបស់ថៃ ថានឹងចុះចាប់ទំនិញដែលនាំចូលពីកម្ពុជា ដាក់លក់នៅក្នុងផ្សារនេះ។
ក្រុមអាជីវកម្មខ្មែរនៅផ្សាររ៉ុងក្លឿ សម្ដែងការមិនពេញចិត្តនឹងអាជ្ញាធរខ្មែរនៅខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ថាមិនជួយអន្តរាគមន៍ទៅខាងភាគីថៃ ដើម្បីសម្រួលដល់ការលក់ដូររបស់ពួកគាត់នោះទេ។
តំណាងអាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ គឺលោក យក់ វីដេត ឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈ ថា តូបលក់អីវ៉ាន់របស់ពលរដ្ឋខ្មែរប្រមាណ ៦០ភាគរយ ក្នុងចំណោមជាង ៣.៥០០តូប ដែលធ្លាប់លក់ដូរជិត ២០ឆ្នាំមកនោះ ត្រូវបានបិទមិនហ៊ានលក់ដូរដូចពេលមុនៗនោះទេ។ លោកបន្ថែមថា ម្ចាស់តូបភាគច្រើនចូលទៅផ្សារថៃ ដែរ ប៉ុន្តែការចូលទៅនោះ ដើម្បីឃ្លាំមើលទំនិញរបស់ខ្លួនមិនឲ្យបាត់បង់ប៉ុណ្ណោះ។ លោកអះអាងថា ទំនិញដែលអាជ្ញាធរថៃ ចាប់ពីពួកគាត់នោះ គឺពួកគាត់ធ្លាប់ដាក់លក់ជាប្រចាំ ដោយពីមុនមកពុំមានបញ្ហាអ្វីនោះទេ។
លោកព្រួយបារម្ភខ្លាចអាជ្ញាធរថៃ ចាប់ទំនិញអស់ ធ្វើឲ្យគ្មានប្រាក់សងបំណុលគេ ដោយសារទំនិញដែលដាក់លក់នោះ ពួកគាត់ទិញមិនទាន់ឲ្យលុយគេអស់នៅឡើយ៖ « ពួកខ្ញុំមកលក់ដូរនៅស្រុកថៃ សព្វថ្ងៃ គេរឹតបន្តឹងគ្រប់ច្រក ពិបាកណាស់។ គឺទំនិញមកពីស្រុក គេចូលមកប្រទេសខ្មែរបានដោយសេរី ចំពោះទំនិញរបស់ខ្មែរវិញ ចូលទៅលក់នៅស្រុកគេមិនបានទេ »។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា អាជ្ញាធរថៃ ពុំបានគំរាមកំហែងអាជីវករខ្មែរមិនឲ្យលក់ដូរក្នុងផ្សាររ៉ុងក្លឿ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ។ លោកអះអាងថា ការបិទតូបនេះ គឺក្រុមអាជីវករមួយចំនួន ព្រួយបារម្ភដោយខ្លួនឯង គឺខ្លាចសមត្ថកិច្ចថៃ ចាប់ទំនិញរបស់ពួកគាត់ និងមួយចំនួនទៀត បិទតូបឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំចិន៖ « សមត្ថកិច្ចថៃ គេមិនបានហាមឃាត់អ្នកលក់ទំនិញស្របច្បាប់នោះទេ គឺគេហាមឃាត់តែអ្នកដែលលក់ទំនិញក្លែងក្លាយខុសច្បាប់ទេ »។
ទោះបីយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា អាជីវករខ្មែរបិទតូបនៅផ្សាររ៉ុងក្លឿ ដោយសារសមត្ថកិច្ចផ្នែកកម្មសិទ្ធិបញ្ញារបស់ថៃ មកពីទីក្រុងបាងកក ចុះចាប់ទំនិញរបស់ពួកគាត់។ លោកពន្យល់ថា ថ្វីបើសមត្ថកិច្ចថៃ ចុះចាប់ទំនិញនៅប្រទេសរបស់គេក៏ដោយ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយសារពួកគាត់លក់ទំនិញមិនបានដូចពេលមុខៗ។ លោកបន្ថែមថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធគួរទំនាក់ទំនងទៅខាងភាគីថៃ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស៖ « អាជ្ញាធរខ្មែរគួរពិនិត្យមើលផង ថាតើវិធានការចាប់ទំនិញរបស់សមត្ថកិច្ចថៃ មកលើពលរដ្ឋខ្មែរនោះ ត្រឹមត្រូវដែរទេ ព្រោះប្រជាពលរដ្ឋធ្លាប់លក់ដូរតាំងពីយូរយារណាស់មកហើយ »។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃ មកពីទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សារនេះ។ ការប៉ះទង្គិចគ្នានេះ បានកើតមានការវាយតប់ និងគប់ដុំថ្មទៅលើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាលចំនួន ២គ្រឿង។ ក្រោយមក នគរបាលថៃ បានចាប់អាជីវករខ្មែរចំនួនពីរនាក់។ បន្ទាប់មកទៀត នៅថ្ងៃទី៤ កុម្ភៈ តុលាការថៃ បានកាត់ទោសអាជីវករខ្មែរទាំង ២នាក់ ឲ្យជាប់ពន្ធនាគារ ៣ខែ។ រហូតមកទល់ពេលនេះ អ្នកទាំង ២នាក់នៅជាប់ក្នុងពន្ធនាគារប្រទេសថៃ នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
