អាជីវករលក់សាច់ជ្រូកនៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រេចបញ្ជូនពាក្យបណ្តឹងរបស់ខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ប្តឹងជំនួយការសត្តឃាតស្រុក ប្រធានការិយាល័យកសិកម្មស្រុក និងសមត្ថកិច្ចមួយរូប ថាបានប្រើអំពើហិង្សាមកលើខ្លួន។ ប៉ុន្តែជំនួយការម្ចាស់សត្តឃាតបញ្ជាក់ថា គ្មានការប្រើអំពើហិង្សាអ្វីទេ គឺជាការរៀបចំដើម្បីមានរឿងចោទប្រកាន់ខ្លួនប៉ុណ្ណោះ។
ពលរដ្ឋមួយរូបលក់សាច់ជ្រូកនៅឃុំមេមត់ អះអាងថា ប្រសិនបើពាក្យបណ្តឹងរបស់ខ្លួននៅដំណាក់កាលអធិការដ្ឋាននគរបាលស្រុកមិនមានដំណោះស្រាយ ពួកគាត់នឹងដាក់ពាក្យប្តឹងទៅតុលាការតែម្តង។
ប្រជាពលរដ្ឋនៅឃុំមេមត់ លោកស្រី អ៊ា ស្រីនេត លើកឡើងថា ពាក្យបណ្តឹងនោះបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក កាលពីរសៀលថ្ងៃទី៨ មករា ប៉ុន្តែមិនទាន់មានដំណឹងត្រឡប់មកវិញនៅឡើយទេ។ លោកស្រីរំឭកថា កាលពីថ្ងៃទី៨ មករា លោកស្រីជិះម៉ូតូលក់សាច់ជ្រូកនៅតាមភូមិ ប៉ុន្តែត្រូវបានខាងជំនួយការម្ចាស់ភាស៊ីសត្តឃាតស្រុកមេមត់ លោក ជឹង គឹមឈាង ព្រមទាំងប្រធានការិយាល័យកសិកម្មស្រុក លោក លី រម្យនា និងមន្ត្រីនគរបាលមួយរូប ទាញម៉ូតូលោកស្រីបណ្ដាលឲ្យដួលទាំងជំហរ រងរបួសធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា មូលហេតុនាំឲ្យអ្នកទាំងនោះទៅបង្ករឿង ហើយប្រាប់ថាលោកស្រីមិនមានសិទ្ធិធ្វើអាជីវកម្មលក់សាច់ជ្រូកឡើយ ប៉ុន្តែលោកស្រីវិញអះអាងថា ពីព្រោះតែពួកគេផ្តល់សិទ្ធិធ្វើអាជីវកម្មរើសអើងគណបក្សនយោបាយ ដោយសារប្តីលោកស្រីជាសកម្មជនគណបក្សប្រឆាំង៖ «នៅតែបន្តលក់ទៀតថ្ងៃមួយខ្ញុំជា។ ឥឡូវខ្ញុំមកពេទ្យ»។
ពាក្យបណ្តឹងបញ្ជូនទៅអធិការដ្ឋានស្រុកមេមត់ កាលពីថ្ងៃទី៨ មករា គឺប្តឹងមនុស្សពាក់ព័ន្ធមួយចំនួន ដូចជា លោក លី រម្យនា ជាប្រធានការិយាល័យកសិកម្មស្រុកមេមត់ លោក ជឹង គឹមឈាង តំណាងម្ចាស់ភាស៊ីសត្តឃាត និងលោក ព្រំ រិន ជាមន្ត្រីនគរបាល។ ពួកគេប្តឹងទាមទាររកយុត្តិធម៌ ព្រមទាំងទារសំណងជាង ២០លានរៀល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការនគរបាលស្រុកមេមត់ លោក ហុង គឹមហឿន បានទេនៅថ្ងៃទី១០ មករា។
ដោយឡែកតំណាងម្ចាស់ភាស៊ីសត្តឃាតស្រុកមេមត់ លោក ជឹង គឹមឈាង មានប្រសាសន៍ថា ករណីនេះ គឺជាការរៀបចំពីសំណាក់អ្នកទាំងនោះ ដើម្បីចោទប្រកាន់ពួកគាត់តែប៉ុណ្ណោះ ពីព្រោះពួកលោកគ្រាន់តែចូលទៅសាកសួរ និងប៉ះកញ្ឆេរលក់សាច់ជ្រូក បែរជាស្ត្រីរូបនោះផ្ដួលខ្លួនតែម្តង។ លោកបន្តថា ភ្លាមៗនោះស្រាប់តែមានមន្ត្រីគណបក្សសង្គ្រោះជាតិ ជាច្រើន មានវត្តមាននៅកន្លែងកើតហេតុ ព្រមទាំងថតសកម្មភាពភ្លាមៗ ហើយថែមទាំងចោទប្រកាន់ពួកលោកថាបានប្រើអំពើហិង្សាលើស្ត្រីទៀតផង៖ «បងឯងគិតមើល ធម្មតាក្រុមប្រឹក្សាមិនមែននៅជិតទេ គឺនៅឆ្ងាយណាស់»។
លោកបន្តថា ប្រសិនបើអាជីវកររូបនោះនៅតែបន្តលក់ដូរសាច់ជ្រូកដោយបំពានទៀត ខាងលោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
ប្រធានក្រុមប្រឹក្សាស្រុកមេមត់ មកពីគណបក្សសង្គ្រោះជាតិ លោក គង់ សំអាន បញ្ជាក់ថា នោះគឺជាការលាបពណ៌មកលើគណបក្សប្រឆាំង ពីព្រោះពីពួកគាត់ទៅដល់កន្លែងកើតហេតុជិតមួយម៉ោងក្រោយពេលមានរឿង។ លោកថា រឿងនេះ គឺមានការឃុបឃិតគ្នាពីសំណាក់អាជ្ញាធរ រួមនឹងម្ចាស់ភាស៊ីសត្តឃាត ដើម្បីធ្វើបាបអាជីវកររូបនោះ ពីព្រោះសំណុំរឿងនេះខាងលោកបានបញ្ជូនទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយដោះស្រាយជាយូរណាស់មកហើយ ប៉ុន្តែមិនមានដំណោះស្រាយ។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នាង សុវ៉ាត មានប្រសាសន៍ថា សមត្ថកិច្ចត្រូវស្វែងរកមូលហេតុដែលនាំឲ្យមានជម្លោះកើតឡើង។ លោកមើលឃើញថា រឿងនេះកើតឡើងអាចដោយសារតែម្ចាស់សត្តឃាតមិនបានបន្តសិទ្ធិធ្វើអាជីវកម្មដល់អាជីវកររូបនោះ ដោយមិនបានបញ្ជាក់ហេតុផលច្បាស់លាស់៖ «ហេតុអីបានជាករណីប៉ុណ្ណឹង យើងមិនព្រមសម្របសម្រួលគ្នា? ទៅរុញគ្នា ប៉ុន្តែករណីជាក់ស្តែងយ៉ាងម៉េចហ្នឹង ដែលគេចុះទៅវាស់វែង»។
មន្ត្រីសិទ្ធិមនុស្សដដែលបន្ថែមទៀតថា ករណីនេះត្រូវមានការសម្របសម្រួលណាមួយ ឬដោះស្រាយឲ្យបានច្បាស់លាស់ដល់អាជីវកររូបនោះ ជៀសវាងមានការចោទប្រកាន់អាជ្ញាធរ ឬម្ចាស់សត្តឃាត ថាផ្តល់អាជីវកម្មលក់ជ្រូកដល់ពលរដ្ឋរើសអើងគណបក្សនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
