ក្រុមអាជីវករប្រមាណជា ១០នាក់ នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដែលត្រូវតំណាងក្រុមហ៊ុនចម្ការកៅស៊ូ ឈុន ហុង មិនអនុញ្ញាតឱ្យពួកគាត់អាចបន្តចូលលក់ដូរនៅក្នុងបរិវេណក្រុមហ៊ុននោះបន្តទៀតឡើយ។
បញ្ហានេះ ធ្វើឲ្យពួកគាត់មានការមិនសប្បាយចិត្ត ហើយនាំគ្នាតវ៉ាចំពោះការសម្រេចនេះ ថាជារឿងមិនត្រឹមត្រូវ។ ប៉ុន្តែ ខាងតំណាងក្រុមហ៊ុនបញ្ជាក់ថា ការធ្វើនោះ គឺធ្វើទៅតាមសំណូមពរពីខាងភាគីកម្មករ ដែលធ្វើការនៅទីនោះ និងដើម្បីរៀបចំឱ្យមានសណ្ដាប់ធ្នាប់ប៉ុណ្ណោះ។
អាជីវករម្នាក់ លោក ទាវ ប៊ុណ្ណារ៉ាត់ ដែលអះអាងថា លោកបានលក់ដូរបន្លែ ត្រី សាច់ នៅក្នុងបរិវេណក្រុមហ៊ុនចម្ការកៅស៊ូ ឈុន ហុង បានជិត ៤ឆ្នាំមកហើយនោះ ឱ្យដឹងថា ចាប់ពីថ្ងៃទី៥ កញ្ញា មក ក្រុមអាជីវករមួយចំនួនត្រូវខាងតំណាងក្រុមហ៊ុន បញ្ឈប់ពួកគាត់មិនឱ្យចូលលក់ដូរនៅក្នុងបរិវេណក្រុមហ៊ុនតទៅទៀត។ លោកបន្តថា បន្ទាប់ពីប្រាប់ពួកគាត់ប្រមាណជា ១០នាក់ មិនឱ្យលក់នោះ គេបានជ្រើសរើសអ្នកចូលទៅលក់ដូរថ្មី ដែលលោកអះអាងថា ជាបក្ខពួករបស់តំណាងក្រុមហ៊ុន ក្រោមហេតុផលថាពួកគាត់លក់ទំនិញឱ្យកម្មករនៅនោះថ្លៃ។
លោកបន្ថែមថា កម្មករដែលធ្វើការនៅទីនោះ គឺជំពាក់ប្រាក់គាត់នៅពេលទិញទំនិញប្រមាណជិត ៤០លានរៀល ហើយនៅពេលក្រុមហ៊ុនបញ្ឈប់ភ្លាមៗដោយមិនទុកពេលវេលាឱ្យពួកគាត់អាចប្រមូលលុយជំពាក់ពីកម្មករបាននោះ គឺជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះពួកគាត់ត្រូវការដើមទៅសងធនាគារវិញ៖ «ឱ្យខ្ញុំហ្នឹង និងអាជីវករផ្សេងទៀត រៀបបញ្ជីទៅឱ្យក្រុមហ៊ុន ដើម្បីយកបញ្ជីហ្នឹងថាកម្មករណាដែលជំពាក់ឱ្យដោះស្រាយ ឱ្យជួបយើងខ្ញុំទាំងអស់គ្នានោះ យើងខ្ញុំនឹងដើរចេញពីក្រុមហ៊ុន និងឈប់លក់ដោយស្វ័យប្រវត្តិ តែក្រុមហ៊ុនអត់ធ្វើអ៊ីចឹងទេ។ ក្រុមហ៊ុនឱ្យចេញៗៗដោយអត់មានដឹងខ្លួន ស្រាប់តែចេញហ្មង។ ធ្វើអ៊ីចឹងៗ ធ្វើឱ្យពួកយើងខ្ញុំកើតទុក្ខមិនសុខចិត្តទេ ធ្វើហ្នឹង គឺធ្វើអយុត្តិធម៌ហើយ»។
អាជីវករលក់គ្រឿងទេសម្នាក់ទៀត អ្នកស្រី ហាក់ ណារ៉ុង មានប្រសាសន៍ថា កម្មករក៏ជំពាក់ប្រាក់គាត់ជាង ៣០លានរៀលដែរ ក្នុងការទិញទំនិញរបស់អ្នកស្រីកន្លងមក ហើយការរើសមនុស្សថ្មីទៅលក់ដូរជំនួសពួកគាត់នោះ អ្នកស្រីយល់ថា ជាការប្រកាន់បក្ខពួក។ ចំណែកការលើកឡើងថា ពួកគាត់លក់ថ្លៃជាងគេនោះ គឺជារឿងមិនអាចទៅរួចឡើយ។
ឆ្លើយតបនឹងការលើកឡើងនេះ ជំនួយការប្រធានផ្នែកកសិដ្ឋាននៅក្រុមហ៊ុនចម្ការកៅស៊ូ ឈុន ហុង លោក អ៊ី ហីង មានប្រសាសន៍ថា ការធ្វើឡើងនោះ គឺតាមការសំណូមពរពីខាងកម្មករ ដើម្បីឱ្យមានការរៀបចំកន្លែង និងម្ចាស់លក់ដូរថ្មី ពីព្រោះអ្នកលក់ដូរចាស់ លក់របស់របរថ្លៃ ដោយកម្មករមិនអាចទទួលយកបានទេ។ ជាងនេះទៅទៀត ការសម្រេចផ្លាស់ប្ដូរនោះ គឺមានការជ្រើសរើសយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីរបស់ក្រុមហ៊ុន ដោយមិនចង់ឱ្យមានលក់ដូរគ្មានសណ្ដាប់ធ្នាប់ក្នុងបរិវេណក្រុមហ៊ុនតទៅទៀត និងដើម្បីសមាមាត្រទៅនឹងតម្លៃទំនិញ និងប្រាក់ខែរបស់កម្មករ។ លោកបន្តថា ចាប់ពីថ្ងៃទី១ សីហា ដល់ថ្ងៃទី៧ សីហា គឺមានការដាក់ដេញថ្លៃ ហើយក៏ជ្រើសរើសបានមនុស្សប្រាំនាក់ សម្រាប់បន្តលក់នៅទីនោះ។
លោក អ៊ី ហីង៖ «ពួកខ្ញុំធ្វើនេះធ្វើទៅតាមច្បាប់ក្រុមហ៊ុនបង! និយាយម៉ាមាត់ឱ្យខ្លី គឺថ្នាក់ដឹកនាំបានប្រជុំពិភាក្សាគ្នា គឺកែទម្រង់នៃការលក់ដូរហ្នឹងតាមថ្នាក់ដឹកនាំគាត់ប្រជុំសម្រេចបង។ មិនមែនស្ថិតនៅលើប្អូនទេ ប៉ុន្តែភាគច្រើនកម្មករ អ្នកលក់ដូរទាំងអស់នេះដឹងពីមុនមកថា ខ្ញុំជាអ្នកគ្រប់គ្រងយូរហើយ។ អ៊ីចឹងគាត់យកឈ្មោះខ្ញុំទៅក្រឡៃធ្វើយ៉ាងម៉េចខ្ញុំអត់ដឹងទេ ប៉ុន្តែនីតិវិធីនេះថ្នាក់ដឹកនាំក្រុមហ៊ុន បានប្រជុំពិភាក្សាគ្នាដើម្បីកែទម្រង់ការលក់ដូរហ្នឹង»។
តំណាងក្រុមហ៊ុនដដែលបន្ថែមថា ខាងក្រុមហ៊ុនបានជូនដំណឹងនេះតាំងពីថ្ងៃទី៨ សីហា រហូតដល់ថ្ងៃទី៥ កញ្ញា ដើម្បីឱ្យអាជីវករចាស់ដែលមិនជាប់ក្នុងការជ្រើសរើស អាចប្រមូលប្រាក់ដែលកម្មករជំពាក់ និងបញ្ចេញទំនិញរបស់ខ្លួនឱ្យហើយ ជៀសវាងមានបញ្ហាចោទឡើង។ ចំពោះការចោទថា លោកយកតែបក្ខពួកមកលក់ជំនួសអ្នកចាស់នោះ គឺជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះការជ្រើសរើស គឺចេញពីអ្នកគ្រប់គ្រងជាជនជាតិចិន នៅទីនោះ មិនមែនលោកជាអ្នកសម្រេចឡើយ។ លោកបញ្ជាក់ថា អាជីវករអាចចូលទៅប្រមូលប្រាក់ពីកម្មករដែលជំពាក់បាន ប៉ុន្តែបើខាងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ គឺមិនអាចទៅរួចទេ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលមានបញ្ហាទាំងនោះ បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ដល់សាលាស្រុកព្រែកប្រសប់ រួចហើយ ដើម្បីធ្វើយ៉ាងម៉េចដោះស្រាយលើបញ្ហានេះ។
ក្រុមហ៊ុនចម្ការកៅស៊ូ ឈុន ហុង គឺមានកម្មករធ្វើការសរុបប្រមាណជិតមួយពាន់នាក់ មានទីតាំងនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
