សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​ល្វាឯម​អនុវត្ត​​ច្បាប់​ចំពោះ​ពលរដ្ឋ​វៀតណាម

0:00 / 0:00

ជនជាតិ​វៀតណាម ដែល​ធ្លាប់​រស់នៅ​ក្នុង​ភូមិ​បណ្ដែត​ទឹក​នៅ​ចំណុច​កំពង់​ចម្លង​អរិយក្សត្រ បាន​ប្ដូរ​ទៅ​តាំង​ទីលំនៅ​នៅ​ទីតាំង​ថ្មី​នៅ​តាម​ដង​ទន្លេ​នៃ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ក្រោយ​មាន​សេចក្តី​ប្រកាស​ឲ្យ​ពួក​គេ​ចាក​ចេញ​ដោយ​អាជ្ញាធរ​ស្រុក​ល្វាឯម កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៥។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ចាត់​វិធានការ​ស៊ើប​អង្កេត​ចំពោះ​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​ប្រព្រឹត្ត​អំពើ​សូក​ប៉ាន់​តាម​រយៈ​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ដោយ​ខុស​ច្បាប់​ទាំងអស់​នោះ។ មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​អន្តោប្រវេសន៍ ចំពោះ​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់។

ពលរដ្ឋ​វៀតណាម ម្នាក់​អះអាង​ថា អ្នក​ដែល​ត្រូវ​អាជ្ញាធរ​ស្រុក​ល្វាឯម បណ្ដេញ​ចេញ​នោះ អ្នក​ខ្លះ​ទៅ​តាំង​ទីលំនៅ​នៅ​កំពង់​ចម្លង​មុខ​វត្ត​ខ្សាច់ និង​កោះ​មួយ​នៅ​មុខ​ជ្រោយ​អំពិល ចម្ងាយ​ពី ២ ទៅ ៣​គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​អរិយក្សត្រ។ បុរស​ដដែល​នោះ​អះអាង​ថា អាជ្ញាធរ​ស្រុក​ល្វាឯម មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​សម្ភារៈ​ផ្សេងៗ​នោះ​ទេ។ ពលរដ្ឋ​វៀតណាម ទាំង​នោះ​គ្រាន់​តែ​ត្រូវ​បណ្ដេញ​ចេញ​ជា​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ៖ « គេ​ថា​បើ​អ្នក​នៅ​ទី​ហ្នឹង​យូរ គេ​ឲ្យ​ទៅ​នៅ​តា​កុយ​បណ្ដោះអាសន្ន ហើយ​ពីរ​បី​ខែ​ក្រោយ គេ​ឲ្យ​មក​នៅ​វិញ»

មេ​ភូមិ​វៀតណាម លោក គ្រឿង តឺយ លើក​ឡើង​ថា ពលរដ្ឋ​វៀតណាម ៤៣​គ្រួសារ​ដែល​មាន​សមាជិក​ជិត ៣០០​នាក់​នោះ មាន​សៀវភៅ​ស្នាក់​នៅ​ចេញ​ដោយ​អាជ្ញាធរ​ស្រុក​ល្វាឯម។ លោក​បន្ថែម​ថា ពលរដ្ឋ​វៀតណាម ទាំង​នោះ ដំបូង​ឡើយ​មាន​ទីលំនៅ​នៅ​ខាង​ជើង​ស្ពាន​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ហើយ​ក្នុង​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៩ បាន​ប្ដូរ​ទីលំនៅ​មក​កំពង់​ចម្លង​អរិយក្សត្រ និង​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ បាន​ទៅ​តាំង​ទីលំនៅ​នៅ​មុខ​វត្ត​ខ្សាច់ និង​នៅ​កោះ​មួយ​នៅ​មុខ​ជ្រោយ​អំពិល៖ «»។

ពលរដ្ឋ​វៀតណាម ដែល​តាំង​ទីលំនៅ​លើ​ដង​ទន្លេ​ចតុមុខ​នៅ​តំបន់​កំពង់​ចម្លង​អរិយក្សត្រ ភូមិ​អរិយក្សត្រ នៅ​ទល់​មុខ​កោះ​ពេជ្រ​នោះ ក្រោយ​ពេល​អាជ្ញាធរ​ប្រកាស​ដេញ​ចេញ​ហើយ​នោះ មាន ១០​គ្រួសារ​បាន​ទៅ​តាំង​ទីលំនៅ​នៅ​កំពង់​ខ្សាច់ មុខ​វត្ត​ខ្សាច់ ស្រុក​ល្វាឯម ៥​គ្រួសារ​ឡើង​ទៅ​តាំង​ទីលំនៅ​ក្នុង​ភូមិ​វៀតណាម ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ដោយ​មួយ​គ្រួសារ​ត្រូវ​ចំណាយ​លុយ​ជាង ២០០​ដុល្លារ​សម្រាប់​ទិញ​ផ្ទះ​តូចៗ និង​ជិត ៣០​គ្រួសារ​ផ្សេង​ទៀត ទៅ​តាំង​ទីលំនៅ​នៅ​កោះ​មួយ​នៅ​មុខ​ភូមិ​ជ្រោយ​អំពិល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

បើ​ទោះ​ជា​យ៉ាង​ណា នៅ​មាន​ពលរដ្ឋ​វៀតណាម ចំនួន​ជាង ២០០​គ្រួសារ​ទៀត​កំពុង​រស់នៅ​លើ​គោក​នៅ​ភូមិ​អរិយក្សត្រ ដូច​គ្នា អាជ្ញាធរ​មិន​មាន​វិធានការ​ណា​មួយ​បណ្ដេញ​ចេញ​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​ល្វាឯម ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី​សញ្ជាតិ។ បើ​សិន​ពលរដ្ឋ​វៀតណាម ទាំងឡាយ​ណា​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ អាជ្ញាធរ​ស្រុក​ល្វាឯម មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​រស់​នៅ​លើ​ទីតាំង​ផ្សេង​នោះ​ឡើយ៖ « អាជ្ញាធរ​គួរ​តែ​ពិនិត្យ​មើល ពិនិត្យ​មើល​ថា បើ​ជន​អន្តោប្រវេសន៍​ដែល​ខុស​ច្បាប់ អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍ ដើម្បី​ធានា​ថា​រដ្ឋ​យើង​ជា​រដ្ឋ​មួយ​មាន​អធិបតេយ្យ និង​ច្បាប់​ពិត​ប្រាកដ»

នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា បើ​សិន​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ទឹក​នៅ​កំពង់​ចម្លង​អរិយក្សត្រ មិន​មាន​ឯកសារ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​នោះ​ទេ អាជ្ញាធរ​ត្រូវ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ត្រូវ​បញ្ជូន​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម វិញ។

លោក​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ចាត់​វិធានការ​ស៊ើប​អង្កេត​ចំពោះ​អាជ្ញាធរ​ថ្នាក់​ក្រោម​រូប​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​សូក​ប៉ាន់​តាម​រយៈ​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ខុស​ច្បាប់​ទាំងអស់​នោះ៖ «»។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា បើ​សិន​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដាក់​ពាក្យ​ប្ដឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ច្បាស់លាស់ នោះ​លោក​នឹង​បើក​ការ​ស៊ើប​អង្កេត។ លោក​បន្ថែម​ថា តាម​ច្បាប់ គឺ​មិន​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​ពាក្យ​បណ្ដឹង និង​វត្ថុ​តាង​ជាក់លាក់​នោះ​ទេ៖ «»។

ក្រៅ​ពី​ការ​រស់នៅ​ខុស​ច្បាប់ ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​លើ​ទឹក រង​ការ​រិះគន់​ថា បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ទឹក ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទឹក​មិន​ស្អាត និង​ទឹក​គ្មាន​សុវត្ថិភាព។ ពលរដ្ឋ​វៀតណាម ដែល​តាំង​ទីលំនៅ​នៅ​លើ​ទឹក​ទាំង​នោះ ប្រកប​របរ​ចិញ្ចឹម​ត្រី​ដាក់​បែរ​ក្នុង​ទឹក ចោល​សំរាម​ក្នុង​ទន្លេ និង​បន្ទោបង់​ក្នុង​ទឹក ជាដើម។

អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ មាន​ប្រសាសន៍​ថា ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​លើ​ទឹក​ទាំង​នោះ អាជ្ញាធរ​ខេត្ត​កណ្ដាល កំពុង​ស៊ើប​អង្កេត និង​ធ្វើ​ជំរឿន​ពី​ចំនួន​ពលរដ្ឋ​វៀតណាម និង​ស្វែងរក​ការ​ពិត​ជុំវិញ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់។ លោក​បន្ថែម​ថា ក្រោយ​ពេល​ការ​សិក្សា​ស្រាវជ្រាវ​រួច​ហើយ បើ​រក​ឃើញ​ថា ពលរដ្ឋ​វៀតណាម ទាំង​នោះ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍៖ «»។

ជំពូក​ទី​២ ស្ដីពី​ជន​បរទេស​មិន​មែន​អន្តោប្រវេសន៍ មាត្រា​៨ វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​អន្តោប្រវេសន៍ ចែង​ថា ជន​បរទេស​មិន​មែន​អន្តោប្រវេសន៍ អាច​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន ត្រូវ​មាន​ការ​អនុញ្ញាត​ចូល​ជា​មុន​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អាជ្ញាធរ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​តាម​រយៈ​អាជ្ញាធរ​បទេស​ណា​មួយ ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្រៅ​ប្រទេស។

គណបក្ស​ប្រឆាំង​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ៥​សែន​នាក់ ចំណែក​ឯ​រដ្ឋាភិបាល​វិញ​អះអាង​ដោយ​យោង​តាម​ជំរឿន​ឆ្នាំ​២០០២ ថា មាន​ចំនួន​ត្រឹម​តែ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ។

បច្ចុប្បន្ន ពលរដ្ឋ​វៀតណាម ១០​គ្រួសារ​រស់នៅ​កំពង់​ខ្សាច់ មុខ​វត្ត​ខ្សាច់ ស្រុក​ល្វាឯម ជាង ៦០​គ្រួសារ រស់នៅ​លើ​កោះ​មុខ​ភូមិ​ជ្រោយអំពិល ស្រុក​កៀនស្វាយ និង​នៅ​ភូមិ​ព្រែកតាសេក ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ចំនួន ៥៥​គ្រួសារ។

ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ទីនោះ​អះអាង​ថា ពលរដ្ឋ​វៀតណាម ទាំង​នោះ​សុទ្ធតែ​មាន​សៀវភៅ​ស្នាក់​នៅ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បើក​ការ​ស៊ើប​អង្កេត​មួយ​ដែល​មាន​សុចរិត​ភាព មាន​តម្លាភាព​ត្រឹមត្រូវ និង​ត្រូវ​ឈរ​លើ​ស្មារតី​នៃ​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ជំហរ​ថា ពលរដ្ឋ​វៀតណាម ណា​ដែល​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ អាជ្ញាធរ​ត្រូវ​បញ្ជូន​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម វិញ និង​ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​រូប​ណា ដែល​ស៊ី​សំណូក​សូក​ប៉ាន់​ពី​ពលរដ្ឋ​វៀតណាម ដោយ​ខុស​ច្បាប់ ដើម្បី​មាន​សិទ្ធិ​រស់នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។