ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់មន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថាប្រព្រឹត្តអំពើពុករលួយក្នុងការធ្វើប័ណ្ណឆ្លងដែនឲ្យពលករទៅធ្វើការនៅប្រទេសថៃ ខុសច្បាប់។
ពលរដ្ឋអះអាងថា នៅពេលពួកគេប្រើប្រាស់ប័ណ្ណឆ្លងដែនធ្វើដំណើរដែលសមត្ថកិច្ចខ្មែរចេញឲ្យនោះ ត្រូវតម្រួតថៃ ចាប់បញ្ជូនតាមរថយន្តត្រឡប់មកកម្ពុជា វិញ ដោយពុំមានសមត្ថកិច្ចណាទទួលខុសត្រូវនោះទេ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់មន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រំដែនខ្មែរ-ថៃ នេះ ថាជាសកម្មភាពមួយគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ នោះទេ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យដឹងកាលពីថ្ងៃទី២៤ សីហា ថា មន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកប្រាក់ពីពួកគាត់ ក្នុងការធ្វើប័ណ្ណឆ្លងដែន ឬហៅប័ណ្ណការងារពណ៌ស៊ីជម្ពូ ជាប័ណ្ណដែលពលករខ្មែរធ្លាប់ធ្វើការងារនៅប្រទេសថៃ ហើយត្រូវឡប់មកលេងស្រុកកំណើតវិញម្នាក់ចំនួន ២៩០បាត ឬប្រមាណ ៣ម៉ឺន ៥ពាន់រៀលពីពលករ។
ពួកគេអះអាងថា ប័ណ្ណពណ៌ស៊ីជម្ពូនេះ មន្ត្រីប៉ូលិសអន្តោប្រវេសន៍បានប្រថាប់ត្រាឲ្យពលករធ្វើដំណើរទៅធ្វើការងារនៅប្រទេសថៃ តែត្រូវប៉ូលិសថៃ ចាប់ដាក់រថយន្តទ្រុងបញ្ជូនត្រឡប់មកកម្ពុជា វិញដូចសត្វធាតុ ដោយពុំមានសមត្ថកិច្ចណាទទួលខុសត្រូវចំពោះពួកគាត់នោះទេ៖ «មន្ត្រីប៉ូលិសអន្តោប្រវេសន៍ធ្វើនេះ គឺបោកប្រាស់ប្រជាពលរដ្ឋហួសហេតុពេកហើយ។ ពលករដែលប្រើប័ណ្ណស៊ីជម្ពូនេះពីខាងខ្មែរយើង គេប្រថាប់ត្រាឲ្យចូលបាន តែទៅដល់ទឹកដីថៃ ពេលជិះឡានទៅ សមត្ថកិច្ចថៃ គេចាប់យកមកវិញ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងនាយប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅរសៀលថ្ងៃទី២៦ សីហា ដោយទូរស័ព្ទរោទ៍ តែពុំមានអ្នកទទួល។
ចំណែកឯសេនាធិការប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សេម មករា មានប្រសាសន៍យ៉ាងខ្លីថា លោកពុំអាចបកស្រាយជុំវិញការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនេះបានទេ៖ «រឿងនេះខ្ញុំបានដាក់ច្បាប់ហើយ ខ្ញុំអត់ដឹងទេ។ ដូច្នេះអូនឯងអាចសួរទៅអ្នកផ្សេងវិញទៅ ពីព្រោះបើមិនមានការអនុញ្ញាតទេ ខ្ញុំមិនហ៊ានបញ្ចេញយោបល់ទេ»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណស៊ីជម្ពូឆ្លងដែន ត្រូវប៉ូលិសថៃ ចាប់បញ្ជូនតាមរថយន្តទ្រុងត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់ប្រមាណ ២ខែមកហើយ ពុំមានសមត្ថកិច្ចណាមានវិធានការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា ករណីដែលសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរនេះ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ៖ «មន្ត្រីប្រឆាំងអំពើពុករលួយសូមមេត្តាពិនិត្យមើលរឿងនេះផង។ ទី២ ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ចេញអនុក្រឹត្យ ដើម្បីឲ្យប្រជាពលរដ្ឋក្លាយជាកម្មករស្របច្បាប់នោះ គួរតែពិនិត្យថា តើប័ណ្ណស៊ីជម្ពូមួយតម្លៃ ២៩០បាតមែនឬអត់? ប្រសិនបើមានតម្លៃទាបជាងនេះ គួរតែដុសក្អែលមន្ត្រីទាំងនោះខ្លះទៅ បើមិនដូច្នេះទេ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺគ្មានការប្រែឡើយ»។
លោក ស៊ុំ ច័ន្ទគា ពន្យល់ទៀតថា បញ្ហាដែលកើតឡើងនេះ អាចដោះស្រាយបានប្រសិនសមត្ថកិច្ចខ្មែរធ្វើការទំនាក់ទំនងទៅអាជ្ញាធរថៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ប័ណ្ណឆ្លងដែនពណ៌ស៊ីជម្ពូនោះបាន។ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ឲ្យដឹងថា ពលករខ្មែរដែលសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជា វិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រមាណពី ២០០នាក់ទៅ ៣០០នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
