ពលរដ្ឋ​និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពង់ធំ​ស្នើ​ឲ្យ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​បន្ថែម​ទៀត

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ធំ ពិសេស​ម្ចាស់​អាជីវកម្ម​បើក​កន្លែង​ផ្ញើ ឬ​ដក​ប្រាក់ ចង់​ឲ្យ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ដល់​ការ​ប្រកប​មុខ​របរ​របស់​ពួក​គាត់​ឲ្យ​បាន​ល្អ​ប្រសើរ។ ការ​ស្នើ​នេះ ក្រោយ​ពេល​មាន​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ប្រជាពលរដ្ឋ​បើក​អាជីវកម្ម​វីង (Wing) នៅ​ស្រុក​កំពង់ស្វាយ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ដោយ​ក្រុម​ចោរ​ប្លន់​ប្រមូល​ប្រាក់​មួយ​ចំនួន​ធំ និង​សម្ភារៈ​មាន​តម្លៃ​ផ្សេង​ទៀត។

ក្រោយ​ពេល​មាន​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ម្ចាស់​អាជីវកម្ម​ផ្ទេរ ឬ​ដក​ប្រាក់​នៅ​ស្រុក​កំពង់ស្វាយ ភ្លាម ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ប្រកប​មុខ​របរ​របស់​ខ្លួន។ ម្ចាស់​អាជីវកម្ម​ខ្លះ ស្ទើរ​តែ​មិន​ចង់​រក​ស៊ី ព្រោះ​ខ្លាច​សុវត្ថិភាព ប៉ុន្តែ​គ្មាន​ជម្រើស​ផ្លាស់ប្ដូរ​មុខ​របរ​អ្វី​ផ្សេង។

ម្ចាស់​អាជីវកម្ម​វីង មួយ​កន្លែង​នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ លោក ឈិន ជ័យរាធហ៍ មាន​ប្រសាសន៍​ថា ការ​បារម្ភ គឺ​មាន​ស្ទើរ​គ្រប់​ពេល​ចំពោះ​មុខ​របរ​មួយ​នេះ ពិសេស​នៅ​ពេល​ហេតុការណ៍​ប្លន់​ចេះ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ព្រម​ទាំង​ខេត្ត​កំពង់ធំ ផង។ ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ដើម្បី​ជៀសវាង​មាន​រឿង​អាក្រក់​ណា​មួយ​កើត​ឡើង លោក​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​គ្រប់​ពេលវេលា។ ម្យ៉ាង ដោយសារ​លោក​មិន​សូវ​មាន​ជំនឿ​ចិត្ត​លើ​សមត្ថកិច្ច​ស្រាប់​ផង៖ « បាទ ! មិន​សូវ​មាន​សង្ឃឹម​តែ​ម្តង បើ​ថា​ឲ្យ​ពួក​គាត់​ចេញ​កម្លាំង​ទៅ​ស្ទាក់​ឲ្យ​ពុះពារ​ជូន​ប្រជាពលរដ្ឋ គឺ​គ្មាន​សង្ឃឹម​តែ​ម្តង »

លោក​ចង់​ឲ្យ​សមត្ថកិច្ច​ពង្រឹង​ការ​យាម​ល្បាត និង​យក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​សន្តិសុខ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ពីព្រោះ​បច្ចុប្បន្ន សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន បំពេញ​ការងារ គឺ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។

កាល​ពី​ដើម​ខែ​កុម្ភៈ អភិបាល​ខេត្ត និង​ជា​គណៈ​មេ​បញ្ជាការ​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា អាជ្ញាធរ​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ឲ្យ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៦។ បន្ថែម​ពី​នេះ អាជ្ញាធរ​ខេត្ត​ត្រូវ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ព្រមាន​ដល់​គ្រប់​ស្នងការ រួម​ទាំង​កង​កម្លាំង​ទាំងអស់ អាច​ប្រឈម​ដក​បុណ្យ​ស័ក្តិ ឬ​តួនាទី ប្រសិន​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​នៅ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ ករណី​ប្លន់​ប្រដាប់​អាវុធ​លើ​ម្ចាស់​អាជីវកម្ម​ផ្ទេរ​ប្រាក់ និង​កន្លែង​លក់​គ្រឿង​អលង្ការ កើត​មាន​នៅ​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​បាត់ដំបង ពោធិ៍សាត់ ព្រម​ទាំង​ខេត្ត​កណ្ដាល។ បញ្ហា​ប្លន់​ប្រដាប់​អាវុធ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​ព្រមាន​ដក​ស័ក្ដិ​ស្នងការ​ទាំង​នេះ ប្រសិន​បើ​មិន​អាច​បង្ក្រាប ឬ​ចាប់​ក្រុម​ចោរ​ទាំង​នោះ​បាន ប៉ុន្តែ​មក​ទល់​ពេល​នេះ បញ្ហា​ប្លន់​ប្រដាប់​អាវុធ​នៅ​តែ​បន្ត​កើត​មាន ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មិន​ទាន់​មាន​ចំណាត់​ការ​អ្វី​នៅ​ឡើយ។

ទោះ​បី​ជា​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រកាស និង​ព្រមាន​យ៉ាង​ណា​ក៏ដោយ នៅ​ដើម​ឆ្នាំ​២០១៦ សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​តែ​កើត​មាន​ឡើង​ជា​ហូរហែ ពិសេស​នៅ​រាជធានី​ភ្នំពេញ​តែ​ម្តង។ ចំណែក​ករណី​ប្លន់​កន្លែង​ផ្ទេរ​ប្រាក់​វីង ក៏​នៅ​តែ​កើត​មាន​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដដែល ដូចជា​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន ព្រៃវែង ស្វាយរៀង និង​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ករណី​ប្លន់​ម្ចាស់​អាជីវកម្ម​វីង នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ជាដើម។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ មើល​ឃើញ​ថា បញ្ហា​សន្តិសុខ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន ហាក់​ដើរ​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល៖ « អា​នេះ​ជា​ការ​បារម្ភ​របស់​សង្គម​ស៊ីវិល ព្រោះ​ឥឡូវ​នេះ​មាន​ការ​កក្រើក​ឡើង​ហើយ »

លោក​បន្ត​ថា បញ្ហា​អសន្តិសុខ​នៅ​ក្នុង​សង្គម គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ ពិសេស​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​មាន​ក្តី​បារម្ភ។ ជាមួយ​គ្នា​នេះ លោក​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត គឺ​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សន្តិសុខ និង​បង្កើន​សកម្មភាព​ចុះ​ល្បាត​នៅ​តាម​មូលដ្ឋាន ឬ​ទីប្រជុំជន​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។