អ្នក​ភូមិ​នៅ​កំពង់ស្ពឺ​ត្អូញត្អែរ​ពី​ការ​ទប់​ប្រឡាយ​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ស្រូវ

ជំនន់​ទឹក​ភ្លៀង​មួយ​រយៈ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​អ្នក​ភូមិ​នៅ​ឃុំ​ទួលសាលា នៃ​ខេត្ត​កំពង់ស្ពឺ ព្រោះ​តែ​ប្រឡាយ​ត្រពាំងកក់ មិន​អាច​កាយ​ប្រឡាយ​នោះ​ឲ្យ​ទឹក​ហូរ​បន្ត​បាន ដោយសារ​ម្ចាស់​ស្រែ​បាន​ទប់​ប្រឡាយ​ច្រើន​កង់ ដើម្បី​យក​ទឹក​ប្រើ។ ទន្ទឹម​នោះ មាន​អ្នក​ខ្លះ​ទប់​ទឹក​ចាប់​ត្រី នាំ​ឲ្យ​លិច​ស្រូវ​អ្នក​មាន​ស្រែ​ទំនាបៗ។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ឃុំ​ថ្លែង​ថា ទឹក​ជន់​ចូល​ស្រូវ​នាំ​ឲ្យ​ស្រូវ​ផ្លែ​ល្អ​នៅ​ពេល​ទឹក​ស្រក។

0:00 / 0:00

ពលរដ្ឋ ២​ភូមិ គឺ​ភូមិ​ព្រីង និង​ភូមិ​តាអាំ ក្នុង​ឃុំ​ទួលសាលា ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ តវ៉ា​សុំ​បើក​ទំនប់​ត្រពាំងកក់ ព្រោះ​ទឹក​លិច​ស្រូវ​កំពុង​ចេញ​ផ្កា​ច្រើន​ហិកតារ។ ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​បាន​សុំ​ឲ្យ​មេ​ភូមិ​ជួយ​អន្តរាគមន៍ តែ​មិន​អាច​ជួយ​បាន។

បុរស​ឈ្មោះ ឆិល អ៊ី អាយុ ៥៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រីង ថ្លែង​ថា ទំនប់​ត្រពាំងកក់ ដែល​នាំ​ទឹក​ពី​ទំនប់​ព្រែកត្នោត ត្រូវ​បាន​ម្ចាស់​ស្រែ​តាម​ឃុំ​នានា​ទប់​ទំនប់​យក​ទឹក​ដាក់​ស្រែ។ ប៉ុន្តែ នៅ​ឆ្នាំ​នេះ ទឹក​ឡើង​ខ្លាំង ព្រោះ​អំណោយ​ទឹក​ភ្លៀង​ល្អ ស្រាប់​តែ​មាន​អ្នក​ទប់​បន្ថែម ដើម្បី​ចាប់​ត្រី បាន​ធ្វើ​ឲ្យ​ទឹក​ជន់​ពន្លិច​ស្រូវ​គាត់​កំពុង​ចេញ​ផ្កា។ គាត់​បាន​សុំ​ឲ្យ​មេ​ភូមិ​ជួយ​ដោះស្រាយ ប៉ុន្តែ​ដោះ​មិន​ចេញ។ ស្រូវ​គាត់​ទំនង​ជា​ចង់​ខូច ទើប​គាត់​តវ៉ា​នេះ៖ «ប្រជាជន​ក្នុង​ភូមិ​ហ្នឹង គេ​ទប់​កង់ៗ​ព្រែក​ហ្នឹង គេ​បិទ​ទំនប់​លិច​ស្រូវ លិច​អី​អស់​ហើយ។ កាល​មុន គេ​ជីក​ធ្វើ​ប្រឡាយ​ស្រណុក​ទឹក​ហូរ ប៉ុន​ឥឡូវ គេ​ទប់​ហើយ​លុប​ព្រែក​ហ្នឹង​ជិត​អស់​ទៅ​លិច​ស្រូវ​កល់​លិច​ដង្ហើម​ស្រូវ​អស់​ហើយ»

មេ​ភូមិ​តាអាំ លោក ណុប សឺន ថ្លែង​ថា ពលរដ្ឋ ២​ភូមិ បាន​មក​ប្ដឹង​អាជ្ញាធរ​សុំ​ឲ្យ​ជួយ​បើក​ផ្លូវ​ទឹក​ប្រឡាយ​ត្រពាំងកក់ ដែល​មាន​អ្នក​ទប់​ច្រើន​កំណាត់ ដើម្បី​ទប់​ទឹក​ស្រោច​ដំណាំ និង​ប្រើប្រាស់។ លោក​ថា អ្នក​ទប់​ទឹក​នោះ​មាន​ខ្លះ​យក​ទឹក​នោះ​ប្រើ តែ​មាន​អ្នក​ខ្លះ​ទៀត​ទប់​ទឹក​នោះ​ចាប់​ត្រី។ អ្នក​ទាំង​នោះ មិន​បាន​គិត​ដល់​ស្រូវ​អ្នក​នៅ​ក្បែរ​កំពុង​ចេញ​ផ្កា​នៅ​ក្នុង​ស្រែ​ទំនាប នាំ​ឲ្យ​ខូច​នោះ​ទេ។ លោក​ថា ស្រូវ​ត្រាំ​ក្នុង​ទឹក​ច្រើន​ថ្ងៃ លម្អង​ផ្កា​ស្រូវ​នឹង​រោយ​អស់។

លោក​យល់​បញ្ហា​តវ៉ា​របស់​អ្នក​ភូមិ​ថា​ស្រូវ​នឹង​ខូច លោក​បាន​ស្នើសុំ​អាជ្ញាធរ​ឃុំ​ជួយ​ដោះស្រាយ​បន្ត ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​ទេ។ ឯ​ស្រូវ​អ្នក​ភូមិ​ច្រើន​ហិកតារ នៅ​តែ​ត្រាំ​ក្នុង​ទឹក ខ្លាច​មាន​ហិង្សា​ពី​រឿង​បិទ​បើក​ទឹក​នោះ៖ «មាន​ពលរដ្ឋ​ហ្នឹង គាត់​ទប់​ទឹក​ហ្នឹង តម្កល់​យក​ជា​ផល​ប្រយោជន៍​របស់​គាត់ ហើយ​ទឹក​ហ្នឹង​បាន​នៅ​កល់​នៅ​តាម​បឹង​ស្រែ​ហ្នឹង លិច​ដង្ហើម​ស្រូវ​របស់​ពលរដ្ឋ​ខ្ញុំ​ហ្នឹង។ ការ​ស្ដារ​ប្រឡាយ​នេះ​វា​យូរ​ឆ្នាំ​ហើយ តែ​បុគ្គល​នោះ​មួយ​ឆ្នាំ​គាត់​បោះ​១​គីប ២​គីប។ មួយ​ឆ្នាំ​មក​ទៀត គាត់​បោះ​២​គីបៗ តាម​ខណ្ឌៗ​របស់​ស្រែ​គាត់​នោះ។ ឥឡូវ​ព្រែក​នោះ​ឡើង​ខ្នង​អណ្ដើក ទឹក​លែង​ហូរ​ចេញ​អស់​ហើយ​ហ្នឹង ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ស្រែ​ខាង​លើៗ​ហ្នឹង គាត់​ដោះស្រាយ​អត់​ចេញ។ ឥឡូវ​ហ្នឹង​ស្រូវ​កំពុង​ដង្ហើម​ខ្លះ ហើយ​អា​ស្រូវ​ម្លិះ​ហ្នឹង​ក៏​ត្រៀម​នឹង​ច្រូត​ទៀត ហើយ​ទឹក​នៅ​តែ​ត្រាំ​អ៊ីចឹង បើ​មេឃ​ភ្លៀង​មក​ថែម​ទៀត បាន​ន័យ​ថា ស្រូវ​ទាំង​នោះ​នឹង​ចោល​ហើយ»

មេ​ឃុំ​ត្រពាំងសាលា លោក មាស សាម៉ុន ថ្លែង​ថា កាល​ពី​សប្ដាហ៍​មុន​មាន​ទឹក​ជន់​ប្រាកដ​មែន បាន​លិច​ស្រូវ​អ្នក​ស្រុក។ ប៉ុន្តែ បច្ចុប្បន្ន ទឹក​បាន​ស្រក​អស់​ហើយ ហើយ​ស្រូវ​ទាំង​នោះ​មិន​មាន​ប៉ះពាល់​ទេ៖ «ទឹក​អត់​មាន​ទេ​អស់​រលីង​ហើយ ស្រក​អស់​ហើយ ចុះ​មាន​អ្នក​ឆ្កួត​ចេះ​តែ​រាយការណ៍​រក​ទឹក​លិច​ឯណា រក​ទឹក​ប្រើ​មិន​បាន​ផង​ហ្នឹង។ ជន់​តែ​មួយ​ភ្លែត​ហ្នឹង»

ជំទប់​ទី​១ ឃុំ​ទួលសាលា លោក សុខ លីហួរ ថ្លែង​ថា គ្រួសារ​ប៉ះពាល់​ពី​ទឹក​លិច​ពី​ទំនប់​មាន​តែ ៥ ទៅ ៦​គ្រួសារ ប៉ះ​ស្រូវ​អ្នក​ស្រុក ៤ ទៅ ៥​ហិកតារ។ លោក​ថា បញ្ហា​នេះ​អាជ្ញាធរ​ឃុំ​កំពុង​ដោះស្រាយ។ លោក​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ស្រុក​បរសេដ្ឋ កម្រ​មាន​ទឹក​ធ្វើ​ស្រែ​ណាស់ ទើប​អ្នក​ស្រុក​ទប់​ទឹក​ប្រើ។ ប៉ុន្តែ​ឆ្នាំ​២០១៣ មាន​ទឹក​ភ្លៀង​ផង និង​មាន​គេ​បើក​ទឹក​បង្ហូរ​ចេញ​ពី​ទំនប់​ខាង​លើ​មក​ផង ទើប​បណ្ដាល​ឲ្យ​លិច​ស្រូវ​មួយ​រយៈ។ លោក​អះអាង​ថា ទោះ​យ៉ាង​ណា ស្រូវ​លិច​ទឹក ហើយ​ទឹក​ឆាប់​ស្រក​បែប​នេះ នាំ​ឲ្យ​ស្រូវ​ល្អ​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។