មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួននៅស្រុកកំពង់ត្រាច ខេត្តកំពត លើកឡើងដូចគ្នាថា ជំនួយពីសហគមន៍អន្តរជាតិពិតជាមានសារសំខាន់ដែលមិនអាចខ្វះបាន។ ពួកគេបន្តថា បើសិនជាមានការកាត់ផ្តាច់ជំនួយ ឬបង្កកជំនួយមែន ពួកគេនឹងរងផលប៉ះពាល់ខ្លាំង ដ្បិតជីវភាពក្រីក្រ។
នៅក្នុងបរិវេណសាលារៀនមួយនៅឯស្រុកកំពង់ត្រាច ខេត្តកំពត ជនបរទេស និងខ្មែរមួយចំនួនស្ថិតក្នុងសម្លៀកបំពាក់ជាយោធា និងគ្រូពេទ្យ កំពុងពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ពួកគេខ្លះ គឺអ្នកស្ម័គ្រចិត្ត និងខ្លះទៀតជាទាហាននៃកងទ័ពអាកាសសហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ថៃ និងកម្ពុជា ដែលហ្វឹកហ្វឺនរួមគ្នា ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅខេត្តកំពត។ គម្រោងជំនួយមនុស្សធម៌នេះមានឈ្មោះថា បេសកកម្មទេវតាឆ្នាំ២០១៦ នៅតំបន់ប៉ាស៊ីហ្វិក (Pacific Angel 2016)។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ក្រហមក្រមៅ កំពុងអង្គុយនៅកៅអីខាងមុខបន្ទប់រង់ចាំ លោកស្រី សែម សាខន គឺជាអ្នកស្រុកកំពង់ត្រាច ខេត្តកំពត។ លោកស្រីមកកាន់ទីនេះ ដើម្បីទទួលបានការព្យាបាលដោយឥតគិតថ្លៃពីក្រុមអ្នកស្ម័គ្រចិត្ត និងកងទ័ពចម្រុះអាមេរិក អូស្ត្រាលី ថៃ វៀតណាម និងកម្ពុជា។

កំពុងបីកូនតូចនៅក្នុងដៃ លោកស្រី សែម សាខន បញ្ជាក់ថា លោកស្រីរីករាយជាខ្លាំងនៅពេលមានគ្រូពេទ្យចុះជួយព្យាបាលជំងឺបែបនេះ ពីព្រោះលោកស្រីមានជំងឺភ្នែក ហើយមិនមានលទ្ធភាពទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យឯកទេសឡើយ។ លោកស្រីបន្តទៀតថា ការផ្តល់ជំនួយសប្បុរសធម៌បែបនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋក្រីក្រដូចជាលោកស្រី៖ «បានគាត់មកជួយអ៊ីចឹង ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនខ្មែរព្យាបាលជំងឺ។ បើសិនជាគេលែងជួយ ខ្ញុំមានការបារម្ភច្រើន បារម្ភថា បើពួកខ្ញុំឈឺ យើងពិបាករកពេទ្យព្យាបាលដោយសារយើងក្រីក្រ អត់សូវមានថវិកាចូលពេទ្យ អត់មានលុយទិញថ្នាំ ហើយពេលបានមក មិនអស់លុយកាក់អ៊ីចឹង ខ្ញុំត្រេកអរ»។
គម្រោងប៉ាស៊ីហ្វិក អេនជឺល ២០១៦ (Pacific Angel 2016) រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្ដូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងមហន្តរាយ។
នាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងអាកាសកម្ពុជា និងជាសហប្រធានបេសកកម្មទេវតាឆ្នាំ២០១៦ វរសេនីយ៍ឯក មាស វុដ្ឋា មានប្រសាសន៍ថា លំហាត់ហ្វឹកហ្វឺននេះ បានផ្តល់អត្ថប្រយោជន៍សំខាន់ពីរយ៉ាង។ ទីមួយ គឺជាការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក កងទ័ពអូស្ត្រាលី ជាមួយនឹងកងទ័ពប្រទេសអាស៊ានមួយចំនួន ព្រមទាំងកងទ័ពអាកាសកម្ពុជា។ ទីពីរ គឺជំនួយមនុស្សធម៌ដែលផ្តល់ឲ្យពលរដ្ឋរស់នៅក្នុងខេត្តកំពត រួមមាន ការងារវិស្វកម្ម ការពិនិត្យសុខភាព និងការព្យាបាលជំងឺ ជាដើម៖ «ការពិតខ្ញុំចង់បានជំនួយណាស់ ឱ្យតែបានផ្ដល់ឱ្យគឺបានហើយ។ យើងអ្នកទទួលផលប្រយោជន៍ទេ យើងអត់មានអវិជ្ជមានអីទេ គ្រាន់តែជាជំនួយ»។
ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ប្រជាពលរដ្ឋជាង ២ពាន់នាក់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានមកទទួលយកសេវាពិនិត្យសុខភាព និងព្យាបាលជំងឺពីបេសកកម្មទេវតាឆ្នាំ២០១៦។
គម្រោងបេសកកម្មទេវតាឆ្នាំ២០១៦ ដែលរួមមានការហ្វឹកហ្វឺនផ្នែកយោធា ជំនួយផ្នែកវិស្វកម្ម និងជំនួយផ្នែកសុខាភិបាល នៅក្នុងខេត្តកំពត ដែលមានរយៈពេល ១២ថ្ងៃ ចំណាយអស់ថវិកាជាង ១លានដុល្លារ។
ជុំវិញរឿងជំនួយបរទេស កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនខ្វល់នឹងជំនួយបរទេសឡើយ ពីព្រោះវាមិនប៉ះពាល់ដល់រដ្ឋាភិបាលរបស់លោកនោះទេ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសបែបនេះក្រោយពេលសភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដោយព្រមានបង្កកជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ប្រសិនបើមិនមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងទេនោះ៖ «អាងអីអាងកាត់ ពេលខ្លះខ្ញុំថា កាត់ៗទៅ។ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល អ្នកណាដែលធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាល ស៊ីប្រាក់ខែអង្គការក្រៅរដ្ឋាភិបាល អ្នកហ្នឹងងាប់មុនគេ ព្រោះគេមានផ្តល់មកឱ្យរដ្ឋាភិបាលពីអង្កាល់»។
សុន្ទរកថាបែបនេះរបស់លោក ហ៊ុន សែន បានរងនូវការរិះគន់ពីអ្នកសិក្សាស្រាវជ្រាវ អ្នកសេដ្ឋកិច្ច និងសាធារណជនមួយចំនួន ថាមិនខ្វល់នឹងសុខទុក្ខរបស់ប្រជាជនខ្លួនឯង។
ប្រជាពលរដ្ឋក្រីក្រដែលទទួលបានផលពីជំនួយសប្បុរសធម៌ គម្រោងប៉ាស៊ីហ្វិក អេនជឺល ២០១៦ (Pacific Angel 2016) ថ្លែងថា ពួកគេមិនចង់ឃើញសហគមន៍អន្តរជាតិកាត់ផ្តាច់ ឬបញ្ឈប់ជំនួយមកកាន់កម្ពុជា នោះទេ។ តែផ្ទុយទៅវិញ ពួកគេចង់ឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា ឲ្យបានច្រើន ដើម្បីជួយសម្រួលដល់ការរស់នៅ និងដោះស្រាយការលំបាករបស់ពួកគេបានមួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
