ពលរដ្ឋមួយក្រុមនៅខេត្តក្រចេះ ឆ្លៀតពេលទំនេរបានប្រមូលគ្នាហាត់រៀនលេងភ្លេងពិណពាទ្យ ក្នុងគោលបំណងថែរក្សាកេរ្តិ៍ដំណែលដូនតាកុំឲ្យបាត់បង់ ស្របពេលដែលវង់ភ្លេងនេះពុំសូវបង្ហាញវត្តមាននៅក្នុងកម្មវិធីនានាដូចវង់ភ្លេងដទៃទៀតឡើយ។
តើការចំណាយពេលវេលារបស់ពួកគេ ទទួលបានការគាំទ្រពីក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនរបស់ពួកគាត់ឬទេ? ចុះហេតុអ្វី បានជាពួកគេមិនទៅរៀនភ្លេងសម័យដែលកំពុងពេញនិយម?
«សំឡេងភ្លេង»
សូរសព្ទនេះលាន់ឮចេញពីវត្តមួយឈ្មោះ បទុមរាជាដីដុះ ឋិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ជារៀងរាល់ល្ងាច ក្រុមពលរដ្ឋដែលមានវ័យចម្រុះពី ១៨ឆ្នាំដល់ជាង ៤០ឆ្នាំ តែងមកជាប្រចាំរៀនប្រគំភ្លេងពិណពាទ្យនេះ។ អ្នកហាត់រៀនភ្លេងទាំងនេះ មានសមាជិកទាំងអស់ចំនួន ៧នាក់ មានគ្រូបង្រៀនម្នាក់។ ចិត្តស្រឡាញ់ចង់ថែរក្សាវប្បធម៌ដូនតា ជំរុញឲ្យពួកគេលៃពេលដែលទំនេរពីការសិក្សា ធ្វើស្រែចម្ការ និងការប្រកបរបរចិញ្ចឹមជីវិត មកជុំគ្នាប្រគំភ្លេងនេះ។
ឋិតក្នុងទឹកមុខញញឹមញញែម កញ្ញា អ៊ន ស្រីស្រស់ ជាអ្នករៀនលេងគោះរនាតឯក ជាប្រភេទឧបករណ៍មួយបែបធ្វើពីឈើមានរាងដូចទូក គ្របបន្ទះឫស្សីជាច្រើនបន្ទះពីលើ។ កញ្ញា ស្រីស្រស់ ប្រាប់ថា នាងសព្វថ្ងៃជាសិស្សរៀនថ្នាក់ទី១០។ នាងឆ្លៀតពេលទំនេរពីការងារផ្ទះ និងការសិក្សា មករៀនភ្លេងនេះ។ កញ្ញា អ៊ន ស្រីស្រស់ និយាយទាំងអឹមអៀមថា នាងរៀនភ្លេងនេះបានរយៈពេល ២ខែ ចេះបាន ១០បទ។ ស្រីស្រស់ ឲ្យដឹងពីមូលហេតុដែលមករៀនភ្លេងពិណពាទ្យនេះថា ព្រោះនាងស្រឡាញ់បទភ្លេងបុរាណ៖ «ខ្ញុំចង់រៀន ឆ្លៀតពេលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មកហាត់»។
នៅក្នុងវង់ភ្លេងពិណពាទ្យ មានឧបករណ៍តន្ត្រីបុរាណដូចជា ឈឹង ស្គរធំ សំភោរ ស្រឡៃ រនាតឯក រនាតដែក គងតូចគងធំ។ វង់ភ្លេងនេះ ទាមទារឲ្យមានការសាមគ្គីភាពគ្នា ព្រោះត្រូវប្រគំជាក្រុម បើខ្វះសមាជិកណាមួយ ពេលប្រគំភ្លេងនោះមិនសូវពីរោះរណ្ដំទេ។
ឧបករណ៍ភ្លេងនីមួយៗមានមុខនាទី និងសូរសព្ទផ្សេងៗគ្នា។ គេតែងលេងភ្លេងនេះសម្រាប់ពិធីសក្ការៈ ការសម្ដែងរាំច្រៀង និងសិល្បៈទស្សនីយភាពផ្សេងៗ ក្នុងរឿងទេវកថាតាំងពីសម័យបុរាណកាលមក។ ក្រុមអ្នកភ្លេងអះអាងថា ឧបករណ៍រនាតឯក ដើរតួនាទីនាំមុខគេក្នុងពេលប្រគំម្តងៗ។
អ្នករៀនម្នាក់ទៀតអង្គុយនៅក្នុងរង្វង់ឈើនៃឧបករណ៍គងធំ គឺលោក ណោ ខន ជាសមាជិកក្រុមដែរនោះនិយាយថា លោកមករៀនភ្លេងនេះដើម្បីលើកកិត្តិយសខ្លួន និងតម្កើងកិត្តិយសវត្តផង ព្រោះសព្វថ្ងៃនេះ អ្នកចេះភ្លេងនេះមានតិចតួចណាស់នៅក្នុងភូមិ។ បុរសរូបនេះលើកឡើងថា ក្នុងមួយថ្ងៃលោកឆ្លៀតមករៀនរយៈពេលពីពីរទៅបីម៉ោងទេ ក្រោយទំនេរពីការងារធ្វើស្រែចម្ការ៖ «រៀនបានតែពេលយប់ ព្រោះថ្ងៃរវល់រៀងៗខ្លួន។ ល្អម៉្យាងដែរ ចេះភ្លេងអ៊ីចឹង ទៅណាមកណាគេរាប់អាន»។
គណៈកម្មការអាចារ្យវត្តលើកសរសើរចាប់តាំងពីមានវង់ភ្លេងពិណពាទ្យវត្តបទុមរាជាដីដុះ ពុទ្ធបរិស័ទជិតឆ្ងាយតែងពឹងអាស្រ័យស្នើក្រុមភ្លេងនេះ ទៅប្រគំកំដរក្នុងពិធីបុណ្យរបស់គេ។
លោក កែ រិទ្ធិ ជាសិស្សរួមក្រុមដែរនោះ បង្ហើបឲ្យដឹងដែរថា លោកអាចរកចំណូលបានខ្លះ ព្រោះនៅពេលមានកម្មវិធីបុណ្យទានតាមភូមិ ឬតាមផ្ទះ គេអញ្ជើញក្រុមលោក និងអ្នកផ្សេងទៀតទៅប្រគំលេងភ្លេងពិណពាទ្យនេះក្នុងមួយលើកៗ អាចទទួលប្រាក់ឈ្នួលពី ៣០.០០០រៀល ទៅ ៦០.០០០រៀល។ បុរសវ័យ ៥៧ឆ្នាំរូបនេះ បង្ហាញការពេញចិត្តចំពោះជំនាញតន្ត្រីបុរាណមួយនេះ ពីព្រោះថា ការលេងភ្លេងនេះជាផ្នែកមួយដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារផង និងមួយផ្នែកជួយដល់វត្តរបស់លោកផង៖ «កិត្តិយសយើងគេសរសើរថា គ្រាន់បើពួកនេះចេះភ្លេងពិណពាទ្យ កិត្តិយសវត្តនៅពេលមានបុណ្យទានគេហៅភ្លេងវត្តទៅលេង»។
ពុទ្ធបរិស័ទចំណុះជើងវត្តបទុមរាជាដីដុះ បានទិញឧបករណ៍ភ្លេងនេះដាក់វត្តអារាមនេះកាលពីឆ្នាំ២០០៩។ ចាប់តាំងពីមានគ្រឿងតន្ត្រីនេះមក គណៈកម្មការអាចារ្យវត្ត បានអញ្ជើញគ្រូ បង្រៀនពលរដ្ឋដែលចង់រៀនបាន ២ជំនាន់ហើយគិតចាប់តាំងពីមានឧបករណ៍ភ្លេង។ ទោះជាត្រូវជួលគ្រូមកបង្រៀន ក៏អ្នករៀនមិនតម្រូវឲ្យបង់ប្រាក់ទេ ពីព្រោះថា ប្រាក់ឈ្នួលសម្រាប់ជួលគ្រូត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តជាអ្នកផ្គត់ផ្គង់ បង់ជូនគ្រូក្នុងមួយខែជាង ៣០០ដុល្លារ។
ព្រះចៅអធិការវត្តបទុមរាជាដីដុះ ព្រះតេជព្រះគុណ ឌឹម វិច្ឆិកា មានថេរដីកាថា ចាប់តាំងពីមានវត្តមានវង់ភ្លេងនេះមក នៅពេលមានពិធីបុណ្យប្រពៃណីម្ដងៗ រួមមាន បុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យកឋិនទាន នៅទីវត្តអារាមមានសភាពអ៊ូអរ និងអធិកអធមជាងមុន ព្រោះពុទ្ធបរិស័ទបានទៅចូលរួមលេងជុំគ្នានៅក្នុងបរិវេណវត្ត ដោយមានការទាក់ទាញពីក្រុមវង់ភ្លេងនេះផង។
ព្រះអង្គបន្តថា វង់ភ្លេងនេះបានចូលរួមចំណែកដ៏សំខាន់ក្នុងការប្រមូលថវិកាជួយកសាងវត្ត នៅពេលមានពុទ្ធបរិស័ទអញ្ជើញវង់ភ្លេងទៅប្រគំលេងក្នុងពិធីបុណ្យផ្សេងៗនោះ គឺបច្ច័យដែលបានមក រក្សាទុកកសាងវត្តខ្លះ និងខ្លះទៀតផ្តល់ជូនក្រុមអ្នកភ្លេងទាំងនោះ។ ចំណែកក្រុមតន្ត្រីទទួលបានថវិកាពី ២០.០០០រៀលឡើងទៅ៖ «មានភ្លេងមានអីអ៊ីចឹងទៅ គេស្គាល់វត្តច្រើន គេទាក់ទងរហូត ហើយបានបច្ច័យខ្លះជួយកសាងវត្ត»។
វង់ភ្លេងខ្មែរបុរាណមានជាច្រើនប្រភេទ ដែលបន្សល់ទុកឲ្យក្មេងៗជំនាន់ក្រោយ ហើយក្នុងចំណោមវង់ភ្លេងខ្មែរទាំងអស់នោះ វង់ភ្លេងពិណពាទ្យបានចូលរួមចំណែកក្នុងការឆ្លុះបញ្ចាំងអំពីសកម្មភាពប្រចាំថ្ងៃ ដែលត្រូវបានគេប្រើប្រាស់សម្រាប់ប្រគំកំដរក្នុងពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ក្នុងវង់របាំបុរាណ ពិធីបុណ្យសព ល្ខោន និងពិធីបួងសួងសំពះគ្រូធំគ្រូតូច ជាដើម។
ព្រះគ្រូចៅអធិការស្នើឲ្យពលរដ្ឋផ្សេងទៀត ចូលរួមហាត់ភ្លេងពិណពាទ្យឲ្យបានច្រើនថែមទៀត ដើម្បីចូលរួមចំណែករក្សាវប្បធម៌ប្រពៃណីដែលបន្សល់ទុកពីជីដូនជីតាមកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
