អ្នក​ភូមិ​ព្រែកថ្មី​ខេត្ត​កណ្ដាល​បារម្ភ​ពី​ការ​បាក់​ច្រាំង​ទន្លេ​ដោយសារ​ឈ្មួញ​បូម​ខ្សាច់

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែកថ្មី ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បារម្ភ​ខ្លាច​បាក់​ច្រាំង​ទន្លេ ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា កប៉ាល់​បូម​ខ្សាច់​ប្រមាណ​ជាង ១០​គ្រឿង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​បូម​ខ្សាច់​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លាស់​វេន​គ្នា ហើយ​បាន​បង្ក​ឲ្យ​ប្រេះ​ដី​នៅ​មាត់​ច្រាំង​ទន្លេ​នៅ​កន្លែង​ទៀត​ផង។

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែកថ្មី មួយ​ចំនួន បារម្ភ​ថា​ដី​ភូមិ​របស់​គាត់​អាច​នឹង​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ បើ​សិន​ជា​ឈ្មួញ​នៅ​តែ​បន្ត​បូម​ខ្សាច់​មិន​ឈប់​មិន​ឈរ​នោះ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែកថ្មី លោក ស៊ឹម មុន្នី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា មាន​កប៉ាល់​បូម​ខ្សាច់​ជាង ១០​គ្រឿង ត្រូវ​បាន​ឈ្មួញ​ដាក់​ពង្រាយ​តាម​បណ្តោយ​ទន្លេ​ក្នុង​ឃុំ​ព្រែកអញ្ចាញ នាំ​ឲ្យ​ពលរដ្ឋ​បារម្ភ​ខ្លាច​បាក់​ដី​ច្រាំង​ទន្លេ។ លោក​បន្ត​ថា ពលរដ្ឋ​មិន​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ទើប​អាច​ទទួល​ព័ត៌មាន​ពី​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំង​នេះ​ឡើយ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​តាំង​ពី​ភូមិ​ដល់​ស្រុក សុទ្ធតែ​ឆ្លើយ​ប្រាប់​អ្នក​ភូមិ​ថា ពួក​គាត់​មិន​ដឹង​ថា កប៉ាល់​បូម​ខ្សាច់​នេះ​ជា​របស់​អ្នក​ណា? បូម​ខ្សាច់​រយៈពេល​ប៉ុន្មាន​ទេ?

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ លោកស្រី សុខ វី ប្រាប់​ថា ពលរដ្ឋ​នៅ​ឃុំ​ព្រែកអញ្ចាញ ធ្លាប់​ស្នើ​ទៅ​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​នេះ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​ពេល​ស្រែក​តវ៉ា​ខ្លាំង ក្រុមហ៊ុន​ក៏​ផ្អាក​មួយ​រយៈពេល ឈប់​តវ៉ា​ក៏​មាន​កប៉ាល់​មក​បូម​ខ្សាច់​ច្រើន​លើស​ដើម។ លោកស្រី​បន្ត​ថា ដី​ភូមិ​របស់​គាត់​ដែល​ជាប់​នឹង​មាត់​ទន្លេ​នោះ ក៏​មាន​ស្នាម​ប្រេះ​ដោយ​កន្លែង​ខ្លះ​ដែរ ហើយ​គាត់​កំពុង​ព្រួយ​ចិត្ត​ថា បើ​ដី​ភូមិ​បាក់​ចូល​ក្នុង​ទន្លេ​បាត់ គ្រួសារ​គាត់​មិន​ដឹង​ជា​ទៅ​រស់​នៅ​ទី​ណា​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ភូមិ​ព្រែកថ្មី ឈ្មោះ ថាំង មាន​ប្រសាសន៍​ថា កប៉ាល់​ឈ្មួញ​បូម​ខ្សាច់​នៅ​កណ្ដាល​ទន្លេ ហើយ​វា​មិន​បណ្ដាល​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេ​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​មួយ​ចំនួន​មាន​ក្តី​បារម្ភ ព្រោះ​តែ​ពួក​គាត់​មិន​បាន​យល់​ដឹង និង​ទទួល​ព័ត៌មាន​ច្បាស់​ពី​អាជ្ញាធរ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​មិន​បណ្តោយ​ឲ្យ​ការ​បូម​ខ្សាច់​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ​ឡើយ។

ទោះ​បែប​ណា​ក្តី លោក​មេ​ភូមិ​ព្រែកថ្មី មិន​បាន​ដឹង​ថា កប៉ាល់​ដែល​បូម​ខ្សាច់​នៅ​ឃុំ​ព្រែកអញ្ចាញ នេះ ជា​របស់​ឈ្មួញ​ម្នាក់​ណា​ពិត​ប្រាកដ​ទេ។ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​កប៉ាល់​បូម​ខ្សាច់​ប្រមាណ ៥០​គ្រឿង ដោយ​បង្គាប់​ឲ្យ​ម្ចាស់​កប៉ាល់​ទាំងអស់​បង្ហាញ​អាជ្ញាប័ណ្ណ ដើម្បី​ឲ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ និង​កំណត់​ទីតាំង​បូម​ខ្សាច់​ឡើង​វិញ។

ករណី​បាក់​ច្រាំង​ទន្លេ​ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​នេះ កាល​ពី​ខែ​កក្កដា កន្លង​ទៅ ផ្ទះ​ប្រជាពលរដ្ឋ ១​ខ្នង ក្នុង​ភូមិ​ព្រែករុន ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​បាក់​ពាក់​កណ្ដាល​ធ្លាក់​ទៅ​ក្នុង​ទន្លេ និង​បង្ខំ​ចិត្ដ​រុះរើ​ចេញ​ភ្លាមៗ។ ទន្ទឹម​នឹង​នោះ ក៏​មាន​លំនៅឋាន​ពលរដ្ឋ​ចំនួន ៥​ខ្នង​ផ្សេង​ទៀត នៅ​តាម​មាត់​ច្រាំង​ទន្លេ​បាសាក់ ក្នុង​ផ្សារ​ឈូងលៀប ស្ថិត​ក្នុង​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ក៏​បាន​បង្ខំ​ចិត្ដ​រុះរើ​ចេញ​ជា​បន្ទាន់ ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ​ដល់​មុខ​ផ្ទះ​ពួក​គាត់​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់ ដែល​នាំ​ឲ្យ​បាក់​ច្រាំង​ទន្លេ ប៉ុន្តែ​បម្រាម​នោះ​មាន​ប្រសិទ្ធភាព​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។