ជំងឺអុតក្ដាមសត្វគោក្របី កំពុងរាតត្បាតខ្លាំងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយជំងឺនេះបានឆ្លងរាលដាលពីភូមិមួយទៅភូមិមួយទៀតបន្តបន្ទាប់គ្នា ក្នុងរយៈពេលប្រមាណជិត ២ខែហើយ ដោយពុំមានអាជ្ញាធរណាចុះទៅពិនិត្យមើល ដើម្បីរិះរកវិធីទប់ស្កាត់នៅឡើយទេ។ ចំណែកឯមេឃុំ ក៏បញ្ជាក់ថា ពុំទទួលព័ត៌មានជុំវិញការឆ្លងជំងឺសត្វគោក្របីនេះនៅឡើយ។
ប្រជាពលរដ្ឋដែលមានគោក្របីមានជំងឺអុតក្តាម អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ បញ្ជូនអ្នកជំនាញខាងបសុពេទ្យ ទប់ស្កាត់ការរាលដាលជំងឺនេះជាបន្ទាន់ ពីព្រោះថា សត្វគោក្របីចេះតែឆ្លងបន្តកន្ទុយគ្នាពីផ្ទះមួយទៅផ្ទះមួយមិនឈប់ឈរឡើយ។
អ្នកភូមិថ្លែងថា សត្វគោក្របីឈឺស្ទើរគ្រប់ផ្ទះ គឺចាប់ពីមួយក្បាលដល់ ៥ក្បាល ចាប់ផ្ដើមតាំងពីដើមខែកក្កដា រហូតមក។
រស់នៅភូមិចម្ការគួយខាងលិច ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង គឺអ្នកស្រី ហាក់ អយ វ័យ ៥០ឆ្នាំប្លាយ សម្បុរស្រអែមពាក់អាវដៃវែងពណ៌ស្វាយផងនោះ ថ្លែងនៅខាងមុខក្រោលគោនៅព្រឹកថ្ងៃទី១៦ សីហា ថា សត្វគោរបស់អ្នកស្រីឈឺប្រមាណ ៥ក្បាលក្នុងចំណោមគោ ១១ក្បាល ចាប់ផ្ដើមឈឺប្រមាណកន្លះខែមកហើយ គ្មានថ្នាំសង្កូវសម្រាប់ព្យាបាលសត្វគោឲ្យជាសះស្បើយនោះទេ ហើយរិះរកវិធីព្យាបាលតាមបែបបុរាណដោយខ្លួនឯង៖ «អាហ្នឹងមានតាំងពីសម្បកធ្មា តាំងពីសម្បកអាដែងអង្ក្រង សម្បកត្របែក ឲ្យតែចត់ ៣បួនមុខ។ ហើយខ្ញុំចេះតែស្រោចៗទៅ ឥឡូវហ្នឹងវារាងចេះតែបណ្ដើរៗមកវិញអ៊ីចឹងទៅចា៎ ហើយគ្មានស្អីទៀត ហើយខ្ញុំចេះតែប្រឹសៗដើរមើលអ៊ីចឹងៗទៅ ហើយដាក់ភ្នក់អាចំបើងអីៗ ចេះតែដាក់ ហើយបបរច្រកផង ដល់វាអត់ស៊ី។ ដល់អត់ស៊ី ខ្ញុំបបរច្រកៗហ្នឹងទៅចេះតែប្រឹសរួចអ៊ីចឹងទៅបានប៉ុណ្ណឹងទៅ»។
គោក្របីរបស់អ្នកភូមិភាគច្រើនចេញពងបែកតាមមាត់ ឈឺតាមក្រចកជើងដើរមិនរួច ហើយមិនស៊ីស្មៅឡើយ។
អ្នកភូមិម្នាក់ទៀត គឺអ្នកស្រី ឌុច ស៊ីថា ថ្លែងនៅក្បែរក្រោលក្របីរបស់អ្នកស្រីថា ក្របីរបស់អ្នកស្រីចាប់ផ្ដើមឈឺបែកពពុះមាត់មិនស៊ីស្មៅ ទៅណាមិនរួចជិតមួយខែមកហើយ ដោយពុំមានថ្នាំសង្កូវសម្រាប់ព្យាបាលឲ្យជាសះស្បើយនោះទេ៖ «តាំងពីចេញវាហូរហែមកតាំងពីត្បូងមក បានទើបមកចាប់ខ្ញុំហ្នឹងក្រោយគេបន្តៗគ្នា។ ដើរអំប៉ើកៗស៊ីស្មៅមិនចង់កើតផង ហើមរបើកក្រចកហ្នឹងឡើងអាយះប៉ុនៗណាណី តាំងខ្ញុំថាមិនហៅពេទ្យទេ ដាំទឹកកំណត់ដាក់អំបិលសម្បកស្លឹកអំពិលស្លឹកអីទៅ សម្បកធ្មាទៅ ខ្ញុំស្រោចលាងវាទៅ»។
ទាក់ទងនឹងបញ្ហានេះ មេឃុំដំរីពួន លោក នួន សុភី មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរឃុំពុំទទួលព័ត៌មានជុំវិញជំងឺឆ្លងសត្វគោក្របីរបស់អ្នកភូមិ ថាយ៉ាងណានោះនៅឡើយទេ ហើយថា លោកនឹងតាមដានលើការងារនេះ៖ «ចាំមើលខ្ញុំឲ្យមេភូមិមើលចម្ការគួយលិច គួយកើត គាត់ធ្វើរបាយការណ៍មើល សត្វឈឺមានប៉ុន្មានក្បាលអី សម្រាប់ឲ្យពេទ្យបសុស្រុកគាត់ចុះពិនិត្យ និងធ្វើការចាក់វ៉ាក់សាំងណាស់!»។
ទាក់ទងនឹងបញ្ហានេះដែរ អនុប្រធានការិយាល័យពេទ្យសត្វខេត្តព្រៃវែង លោក ឈិម សម្បត្តិ ពន្យល់ថា ជំងឺដែលឆ្លងរាតត្បាតសត្វគោក្របីរបស់អ្នកភូមិនោះ ជាជំងឺអុតក្ដាម ហើយជំងឺនេះច្រើនកើតក្នុងរដូវវស្សាដែលមានភ្លៀងញឹកញាប់ ហើយបញ្ហានេះបណ្ដាលមកពីការខ្វះអនាម័យទីកន្លែងរស់នៅរបស់គោក្របី។ លោកថា មេរោគជំងឺអុតក្តាមគោក្របី ពុំមានថ្នាំព្យាបាលនៅឡើយទេ ប៉ុន្តែអាចការពារដោយវិធីអនាម័យក្រោលគោក្របីឲ្យបានស្អាតល្អ៖ «វិធានការអនាម័យទៅលើកន្លែងសត្វរស់នៅ យើងចាញ់ពពួកថ្នាំជីអេហ្វ សម្លាប់មេរោគបាទ។ ហើយធ្វើម៉េចកុំឲ្យកន្លែងហ្នឹងកុំឲ្យមានភក់ជ្រាំអីអ៊ីចឹងបង យើងសម្អាតឲ្យវាស្ងួតអ៊ីចឹង ដើម្បីកុំឲ្យក្រចកជើងៗ វាភាគច្រើនកើតនៅលើក្រចកជើង។ បាទ! អ៊ីចឹងយើងប្រយ័ត្នអាកន្លែងហ្នឹងសំខាន់បំផុតហ្នឹង គឺកន្លែងស្ងួតរស់នៅស្ងួត ហើយយើងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំក្នុងករណីដែលវាមានខ្ទុះអ៊ីចឹង»។
ជំងឺអុតក្ដាមរាតត្បាតសត្វគោក្របីរបស់អ្នកភូមិជិត ២ខែមកហើយ ក្នុងនោះសត្វគោក្របីដែលឈឺច្រើនជាងគេមានចំនួន ៣ភូមិ គឺនៅភូមិចម្ការគួយខាងលិច ចម្ការគួយខាងកើត និងភូមិត្បូងក្ដី នៃឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
