ប្រជាពលរដ្ឋនៅឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២០ ខែវិច្ឆិកា បានចោទថា មន្ត្រីប៉ូលិសដែលចុះធ្វើអត្តសញ្ញាណប័ណ្ណក្នុងឃុំនេះ បានទារលុយពីប្រជាពលរដ្ឋលើសថ្លៃដែលក្រសួងមហាផ្ទៃ កំណត់។ តែការចោទប្រកាន់នេះ ត្រូវបានមន្ត្រីប៉ូលិសបដិសេធ។
ប្រជាពលរដ្ឋដែលតវ៉ាទាំងនោះ បានត្អូញត្អែរអំពីជីវភាពក្រលំបាក ហើយបានអំពាវនាវដល់មន្ត្រីប៉ូលិសដែលចុះទៅធ្វើអត្តសញ្ញាណប័ណ្ណក្នុងមូលដ្ឋានគាត់នោះ ឲ្យយកថ្លៃធ្វើអត្តសញ្ញាណប័ណ្ណដូចដែលក្រសួងមហាផ្ទៃ បានកំណត់នោះបានហើយ។
ប្រជាពលរដ្ឋមួយចំនួននៅភូមិចានទាប ឃុំសំរោង ដូចជា លោក ហ៊ួ តុលា និងអ្នកស្រី នាង ផល និងអ្នកភូមិផ្សេងទៀត បានអង្វរសុំឲ្យប៉ូលិសយកថ្លៃធ្វើអត្តសញ្ញាណប័ណ្ណត្រឹមតែ ១ម៉ឺនរៀលបានហើយ ព្រោះពួកគាត់ក្រ៖ «លោក ហ៊ួ តុលា៖ តម្លៃគេយក ១ម៉ឺន ២ពាន់ ហើយដូចជាគ្រួសារខ្ញុំជាដើមខ្វះខាតអ៊ីចឹង មានការជួបប្រទះលំបាកច្រើនណាស់ ហើយលុយរាល់ថ្ងៃនេះត្រូវការធ្វើដើមទុនដើររកស៊ីមានការចងការចងបុលគេហ្នឹងផង ដល់ទៅធ្វើអត្តសញ្ញាណប័ណ្ណ ខាងមន្ត្រីធ្វើហ្នឹងគាត់យកលុយច្រើនអ៊ីចឹង គឺជួបប្រទះការលំបាកច្រើនណាស់។ អ្នកស្រី នាង ផល និងអ្នកតវ៉ាផ្សេងទៀត៖ នៅក្នុងមន្ត្រីប៉ូលិសរបស់ខ្ញុំហ្នឹង ទារតម្លៃប្រជាពលរដ្ឋក្នុងម្នាក់ ១ម៉ឺន ២ពាន់រៀល វាផ្ទុយក្រសួងមហាផ្ទៃ បានប្រកាសហើយ តែផ្ទុយទៅវិញ គាត់យក ១ម៉ឺន ២ពាន់រៀល ហើយអាចលើស ១ម៉ឺន ២ពាន់រៀល។ អ្នកតវ៉ាផ្សេងទៀត៖ ខ្ញុំឥឡូវគេធ្វើអត្តសញ្ញាណប័ណ្ណគេយកថ្លៃច្រើនពេក ខ្ញុំអត់មានលទ្ធភាពធ្វើចង់ឲ្យប៉ូលិសបញ្ចុះតម្លៃត្រឹម ១ម៉ឺនរៀលបានហើយ ព្រោះខ្ញុំរកស៊ីចងការលុយគេ ជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច ដល់ពេលថ្លៃពេកអ៊ីចឹង អត់មានលទ្ធភាពធ្វើ ចង់ឲ្យជួយចុះតម្លៃត្រឹម ១ម៉ឺនរៀលបានហើយ»។
ក្រៅពីនេះ ប្រជាពលរដ្ឋខ្លះទៀតបានរអ៊ូរទាំថា មន្ត្រីប៉ូលិសមិនបានកំណត់ថ្ងៃធ្វើអត្តសញ្ញាណប័ណ្ណតាមភូមិឃុំរបស់គាត់ច្បាស់លាស់ ឬក៏លើកពេល ធ្វើឲ្យកម្មករកម្មការិនី និងមន្ត្រីអង្គការនានា ដែលធ្វើការនៅភ្នំពេញ ឬធ្វើការនៅខេត្តផ្សេងឆ្ងាយពីផ្ទះ សុំច្បាប់ថៅកែរោងចក្រ ឬប្រធានអង្គការឈប់ធ្វើការ ដើម្បីធ្វើដំណើរមកភូមិកំណើត ធ្វើអត្តសញ្ញាណប័ណ្ណច្រើនដង ដែលជាហេតុធ្វើឲ្យពួកគាត់ប្រឈមនឹងការដេញចេញពីការងារ ដោយសារសុំច្បាប់ឈប់ញឹកញាប់ ដើម្បីមកធ្វើអត្តសញ្ញាណប័ណ្ណនៅស្រុកកំណើត។
ជាអាទិ៍ មន្ត្រីតស៊ូមតិសហគមន៍កសិករកម្ពុជា លោក ស៊ុម ម៉ាណែត ធ្វើការនៅភ្នំពេញ ដែលមានស្រុកកំណើតនៅឃុំសំរោង បានសុំច្បាប់មកស្រុកកំណើត ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណថ្ងៃទី២០ វិច្ឆិកា តែត្រូវបានអាជ្ញាធរមូលដ្ឋានលើកពេលទៅធ្វើនៅសប្ដាហ៍ក្រោយវិញ ដោយមិនបានប្រកាសឲ្យដឹងមុន។
ទាក់ទងនឹងការចោទប្រកាន់ថា ប៉ូលិសទារលុយធ្វើអត្តសញ្ញាណប័ណ្ណលើសកំណត់របស់ក្រសួងមហាផ្ទៃ នេះ ត្រូវបានមន្ត្រីប៉ូលិសបដិសេធ។
ប្រធានការិយាល័យនគរបាលផ្នែកស្ថិតិស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បញ្ជាក់ថា តាមពិត មន្ត្រីប៉ូលិសលោកមិនទាន់បានកំណត់ចុះទៅធ្វើអត្តសញ្ញាណប័ណ្ណនៅឃុំសំរោង នៅឡើយទេ។ ដូច្នេះ ការចោទប្រកាន់នេះមិនពិត។ ម្យ៉ាងទៀតលោកថា ក្រុមប៉ូលិសរបស់លោកមិនដែលយកលើសថ្លៃកំណត់របស់ក្រសួងមហាផ្ទៃ ទេ ហើយមន្ត្រីរបស់លោកបានចេញវិក្កយបត្រត្រឹមត្រូវជូនប្រជាពលរដ្ឋជាភស្តុតាងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
