ពលរដ្ឋ​ស្រុក​អូរជ្រៅ​ថា​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ប៉ុន្តែ​អាជ្ញាធរ​ថា​មិន​ទាន់​ដល់​កម្រិត​អាសន្ន

0:00 / 0:00

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ អ្នក​ភូមិ​បាន​ចំណាយ​ថវិកា​អស់​ជាច្រើន ដើម្បី​ទិញ​ទឹក​ប្រើប្រាស់​ដែល​គេ​ដឹក​តាម​គោយន្ត​យក​ទៅ​លក់​ឲ្យ​ពួក​គាត់។ អភិបាល​ស្រុក​អូរជ្រៅ បញ្ជាក់​ថា ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​មិន​ទាន់​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ លើក​ឡើង​ថា ពួក​គាត់​ខ្វះ​ទឹក​ប្រើប្រាស់​ជាង ២​ខែ​ហើយ នៅ​ពុំ​ទាន់​មាន​ស្ថាប័ន​ណា​ជួយ​ដោះស្រាយ​ពួក​គាត់​បាន​នៅ​ឡើយ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ លោក ពេជ្រ វង្ស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ថា គ្រួសារ​លោក​ទិញ​ទឹក​ពី​ប្រជាពលរដ្ឋ​ដែល​ដឹក​លក់​តាម​គោយន្ត​តាំង​ពី​ខែ​ធ្នូ។ លោក​បន្ថែម​ថា ទឹក​មួយ​ធុង​ចំណុះ​ជាង ១​ពាន់​លីត្រ​តម្លៃ ៣​ម៉ឺន​រៀល ហើយ​ប្រើប្រាស់​បាន​រយៈពេល​ប្រមាណ ១០​ថ្ងៃ។ លោក​សង្កត់​ធ្ងន់​ថា សព្វថ្ងៃ​គ្រួសារ​របស់​លោក​ខ្វល់ខ្វាយ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ៖ « និយាយ​ទៅ​ការ​អត់​ទឹក​នេះ ខ្ញុំ​ពិបាក​ខ្លាំង​ណាស់​តាំង​ពី​មុជ​ទឹក បោក​ខោ​អាវ និង​ដាំ​បាយ​ធ្វើ​ម្ហូប ជាដើម គឺ​សុទ្ធតែ​ត្រូវ​ការ​ទឹក​ទាំងអស់។ ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​អូរបីជាន់ អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ គ្មាន​ទឹក​ប្រើប្រាស់​ដូច​គ្នា »

ពលរដ្ឋ​នៅ​ភូមិ​ថ្នល់បត់ លោកស្រី សាមុត អេង ថ្លែង​ថា គ្រួសារ​របស់​លោកស្រី​បាន​ចំណាយ​ថវិកា​ប្រមាណ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ លោកស្រី​បន្ថែម​ថា ស្រះ​ទឹក​នៅ​ជុំវិញ​ភូមិ​របស់​ពួក​គាត់​គ្មាន​ទឹក​មួយ​តំណក់ ដើម្បី​ទៅ​ដង​យក​មក​ប្រើប្រាស់​នោះ​ទេ៖ « ពិបាក​ដោយសារ​គ្មាន​ទឹក​ប្រើ។ ពេល​ខ្លះ​អ្នក​បើក​តែ​ឡាន​ដឹក​ទឹក​យក​មក​លក់​មិន​គ្រប់​សម្រាប់​អ្នក​ទិញ​ទេ ព្រោះ​គេ​ដឹក​ទឹក​មក​ឆ្ងាយ​ពី​ភូមិ​កូនដំរី សង្កាត់​និមិត្ត ឯណោះ »

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​អូរជ្រៅ លោក សាន ស៊ានហូ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្លះ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រាកដ​មែន ក៏ប៉ុន្តែ​លោក​ថា​មិន​ទាន់​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​នោះ​ទេ។ លោក​អះអាង​ថា តំបន់​ដែល​ខ្វះ​ទឹក គឺ​ពលរដ្ឋ​អាច​លៃលក​ដង​ទឹក​យក​មក​ប្រើប្រាស់​បាន ប្រសិន​បើ​ពួក​គាត់​មាន​គោយន្ត ឬ​មធ្យោបាយ​សម្រាប់​ដឹក​ទឹក ដែល​មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គាត់៖ « យើង​មាន​អង្គការ​មួយ​ចុះ​ជួយ​ពលរដ្ឋ​ដោយ​ដាក់​ធុង​ទឹក​ត្រៀម។ ម្យ៉ាង​ទៀត​ប៉ុន្មាន​ថ្ងៃ​មក​នេះ យើង​បាន​ចុះ​ពិនិត្យ​មើល​ឃើញ​ថា មិន​ទាន់​ដាច់​ទឹក​ទាំងស្រុង​ទេ។ យើង​បាន​ដាក់​ធុង​ទឹក​នៅ​ចំណុច​ណា​ដែល​មាន​ការ​ខ្វះខាត​ទឹក​ខ្លាំង ហើយ​យើង​ត្រៀម​ដឹក​ទឹក​ដាក់​ក្នុង​ធុង​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ដង​ទឹក​យក​ទៅ​ប្រើប្រាស់ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ខេត្ត​មួយ​នេះ រួម​មាន​ស្រុក​ស្វាយចេក ស្រុក​ថ្មពួក និង​ស្រុក​អូរជ្រៅ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​មាន​វិធានការ​ជួយ​ផ្ដល់​ទឹក​ដល់​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ជា​បន្ទាន់៖ « ព្រោះ​រដូវ​នេះ​ចូល​ដល់​ខែ​កុម្ភៈ ហើយ ដែល​ទឹក​រីង​ជា​បណ្ដើរៗ​ហើយ។ ចំណែក​អាង​ស្តុក​ទឹក​ឃើញ​មាន​ស្រុក​អូរជ្រៅ មាន​នៅ​អូរ​ខៃដន ក្រុង​ប៉ោយប៉ែត អី ប៉ុន្តែ​អាង​នោះ​សម្រាប់​តែ​ក្រុមហ៊ុន​របស់​លោក កុក អាន ចម្រោះ​ធ្វើ​ទឹក​ស្អាត​ប្រើប្រាស់ ដើម្បី​ប្រយោជន៍​ខ្លួន​គេ​ប៉ុណ្ណោះ។ ចំណែក​កន្លែង​ផ្សេង ដូចជា​មិន​ទាន់​បាន​ប្រើប្រាស់​នៅ​ឡើយ »

អាជ្ញាធរ​ស្រុក​អូរជ្រៅ ឲ្យ​ដឹង​ថា នៅ​ស្រុក​ជាប់​ព្រំដែន​ថៃ មួយ​នេះ ពលរដ្ឋ​ដែល​ទិញ​ទឹក​ពី​គេ​ដឹក​តាម​គោយន្ត ហើយ​ប្រឈម​នឹង​ខ្វះខាត​ទឹក​ធ្ងន់ធ្ងរ​មាន​ចំនួន ២៨​ភូមិ នៅ​ក្នុង ៥​ឃុំ គឺ​ឃុំ​អូរបីជាន់ ឃុំ​សឹង្ហ ឃុំ​កូប ឃុំ​សូភី និង​ឃុំ​ចង្ហា ក៏ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ចំនួន​គ្រួសារ​មាន​ប៉ុន្មាន​នោះ​ទេ។ លោក​អះអាង​ថា ប្រមាណ ២​ខែ​ខាង​មុខ​ទៀត នឹង​ត្រូវ​ប្រកាស​អាសន្ន ដែល​ពលរដ្ឋ​ទាំងនោះ​ខ្វះខាត​ទឹក​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។