ពលរដ្ឋ​និង​ព្រះសង្ឃ​ប្ដេជ្ញា​បន្ត​ការ​ចូល​រួម​តវ៉ា​ស្វែង​រក​ភាព​យុត្តិធម៌​ក្នុង​សង្គម

ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង​ក្រុម​បាតុករ​មក​ពី​រោងចក្រ អែស.អិល (SL) ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ មិន​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ភាព​រួញរា​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ ដើម្បី​ទាមទារ​យុត្តិធម៌​ឡើយ។

0:00 / 0:00

ទាំង​ប្រជាពលរដ្ឋ ទាំង​ព្រះសង្ឃ សុទ្ធតែ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ថា ដរាប​ណា​នៅ​មាន​អយុត្តិធម៌​ក្នុង​សង្គម ដរាប​នោះ​ពួក​គេ​នឹង​បន្ត​ការ​ចូល​រួម​ទាមទារ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​អំពើ​ហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​យ៉ាង​ណា​ក៏ដោយ។

«សំឡេង​ស្រែក​ទាមទារ​របស់​ប្រជាពលរដ្ឋ»

អំពើ​ហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាន​បណ្ដាល​អោយ​ស្ត្រី​លក់​បាយ​វ័យ ៤៩​ឆ្នាំ​ម្នាក់​ស្លាប់ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​រង​របួស។ ក្រៅ​ពី​នោះ ព្រះសង្ឃ ៧​អង្គ ព្រម​ទាំង​ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់​ផ្សេង​ទៀត ដែល​ភាគ​ច្រើន​មិន​មែន​ជា​បាតុករ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

បើ​ទោះ​បី​ជា​អំពើ​ហិង្សា​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​មនុស្ស រង​របួស​ធ្ងន់ធ្ងរ ឬ​ចាប់​ខ្លួន​យ៉ាង​ណា​ក៏ដោយ​ចុះ តែ​សកម្មភាព​ទាំងអស់​នេះ​មិន​បាន​ធ្វើ​អោយ​ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​មើល​ឃើញ​ភាព​អយុត្តិធម៌​ទាំងអស់​នេះ រួញរា​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ដើម្បី​ទាមទារ​យុត្តិធម៌​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ វា​ហាក់​បាន​ធ្វើ​អោយ​ពួក​គេ​មាន​ភាព​ពុះ​កញ្ជ្រោល និង​មាន​ការ​សហការ​គ្នា​ជាង​មុន​ទៅ​វិញ។

ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម រឿន រិទ្ធិ ដែល​ស្ថិត​ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង ៧​អង្គ ត្រូវ​បាន​អាជ្ញាធរ​ចាប់​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នោះ បាន​អោយ​ដឹង​ថា ព្រះអង្គ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​វាយ និង​ជេរ​ប្រមាថ​ធ្ងន់ៗ មុន​ពេល​ព្រះអង្គ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់៖ «ហៅ​យើង​ទៅ​កត់​កំណត់​ហេតុ សួរ​យើង​ថា យើង​បាន​ចូល​រួម​អត់? ហើយ​អាត្មា​ប្រាប់​គេ​ហើយ​ប្រាប់​ទៀត​ថា អាត្មា​មិន​បាន​ចូល​រួម​ទេ ប៉ុន្តែ​គ្រាន់​តែ​ទទួល​ស្គាល់​ថា អាត្មា​បាន​ឈរ​មើល​ខាង​លើ​វិហារ​មែន ដល់​ពេល​ដល់​ម៉ោង​ឆាន់ មក​ឆាន់ ឃើញ​ពួក​គេ​វាយ​កូន​សិស្ស ចាប់​កូន​សិស្ស អាត្មា​ចូល​មក​ឃាត់ វា​ចាប់​មក​ជាមួយ​ហ្មង​ទៅ ពេល​ដែល​ព្រះចៅ​អធិការ​ទៅ​ធានា គ្រាន់​តែ​គេ​ដាក់​លក្ខខណ្ឌ​ថា អោយ​ព្រះចៅ​អធិការ​យក​ទៅ​ណែនាំ លើក​ក្រោយ​កុំ​អោយ​ប្រព្រឹត្ត​អំពើ​អ៊ីចឹង​ទៀត បើ​ធ្វើ​អំពើ​អ៊ីចឹង​ទៀត លើក​ក្រោយ​គេ​ចាប់​ប្រហែល​ជា​មិន​អាច​លែង​ទៀត​ទេ»

តែ​ទោះ​បី​ជា​សមត្ថកិច្ច​ដាក់​លក្ខខណ្ឌ​អោយ​ព្រះអង្គ​យ៉ាង​ណា​ក៏ដោយ ព្រះតេជព្រះគុណ រឿន រិទ្ធិ មាន​ថេរ​ដីកា​ថា ដរាប​ណា​នៅ​តែ​មាន​អំពើ​អយុត្តិធម៌ ព្រះអង្គ​នឹង​មិន​ខ្លាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព ដើម្បី​ទាមទារ​យុត្តិធម៌​នោះ​ឡើយ៖ «បើ​សិន​មាន​អំពើ​អយុត្តិធម៌​អ៊ីចឹង​ទៀត អាត្មា​នឹង​ចូល​រួម​ទៀត ព្រោះ​យើង​ទាមទារ​យុត្តិធម៌​ដើម្បី​សង្គម​យើង​បច្ចុប្បន្ន ដើម្បី​កូន​ចៅ​យើង​ទៅ​ថ្ងៃ​ខាង​មុខ ទោះ​បី​ដាច់​ក្បាល​ពី​លើ​ស្មា​ក៏​អាត្មា​សុខ​ចិត្ត​ដែរ។ ពេល​នេះ​អាត្មា​ស្រែក​ឃ្លាន​ចង់​បាន​សច្ចធម៌ ជាង​ចង់​បាន​ជីវិត​អាត្មា​ទៅ​ទៀត។ ទី​ណា​មាន​សច្ចធម៌ ទី​នោះ​មាន​សន្តិភាព មាន​សេរីភាព និង​មាន​ទឹក​ដី​រីក​ចម្រើន លូត​លាស់​ធំ​ធាត់»

បន្ទាប់​ពី​មាន​ការ​ឃាត់​ខ្លួន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​យក​ទៅ​ដាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ ព្រះសង្ឃ​ដទៃ​ទៀត ជាពិសេស​ព្រះសង្ឃ​ដែល​ជា​សមាជិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម បាន​នាំ​គ្នា​ទៅ​តវ៉ា​ទាមទារ​អោយ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ទាំង​នោះ​វិញ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​មាន​ថេរ​ដីកា​ថា ទង្វើ​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​មក​លើ​ព្រះសង្ឃ វា​ហួស​ហេតុ​ពេក មិន​សម​ជា​ប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ឡើយ។ ព្រះតេជព្រះគុណ​ថា ក្រៅ​ពី​បាន​វាយ​ដំ​ធ្វើ​បាប​ព្រះសង្ឃ សមត្ថកិច្ច​ទាំង​នោះ​បាន​ទាញ​សម្រាត​ស្បង់​ចីពរ​របស់​ព្រះសង្ឃ​ទៀត​ផង។ ព្រះតេជព្រះគុណ​ថា សមត្ថកិច្ច​គ្មាន​សិទ្ធិ​មក​ធ្វើ​ទង្វើ​បែប​នេះ​លើ​ព្រះសង្ឃ​ឡើយ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «វា​ខុស​ឆ្គង​ត្រង់​ថា លោក​ខ្លះ​លោក​និមន្ត​មក​ពី​រៀន ហើយ​នាំ​គ្នា​ដេញ​វាយ​ដេញ​ចាប់​លោក​ដេញ​បាញ់​ដូច​សត្វ​ធាតុ។ លោក​ខ្លះ​នៅ​ក្នុង​កុដិ​នោះ​ទៅ គេ​ឃើញ​ពួក​បាតុករ​រត់​ចូល​ទៅ វា​ទៅ​វាយ​ដោយ​ទាំងអស់​ទៅ​ណា ដូច​អ្នក​លក់​លៀស​លក់​អី​ទៅ​ណា គ្នា​មាន​ដឹង​អី​ណា ហើយ​ទៅ​ដេញ​វាយ​ដូច​របៀប​ឃ្លាន​ស៊ី​ចំណី​អ៊ីចឹង វា​អាក្រក់​មើល វា​មិន​មែន​ចំ​មនុស្ស​ដែល​ទៅ​បង្ក​ហេតុ។ អ្នក​នៅ​ក្នុង​វត្ត​ខ្លះ​គ្នា​អត់​ដឹង​អី​ផង ស្រាប់​តែ​គេ​ទៅ​ដេញ​វាយ​ដេញ​បាញ់​គ្នា​ឆោឡោ​ដែរ មិន​ដឹង​ជា​ទៅ​លាក់​នៅ​ណា ព្រោះ​អត់​ដឹង​ខ្លួន បើ​គេ​ដឹង​ខ្លួន​គេ​រត់​ហើយ ទៅ​ចាប់​ហ្នឹង​ទៅ​ចាប់​អ្នក​ដែល​អត់​ដឹង​ខ្លួន តើ​អ្នក​ដឹង​ខ្លួន​មាន​ចាប់​គេ​បាន​ណា អា​ហ្នឹង​ហើយ​រឿង​អយុត្តិធម៌​នោះ»

ដោយសារ​រឿង​អយុត្តិធម៌​នេះ​ហើយ ទើប​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ឯ​ទៀត ដែល​ជា​សមាជិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម តែង​បាន​ចេញ​ព្រះ​ភ័ក្ត្រ​ការពារ និង​ស្វែង​រក​យុត្តិធម៌​អោយ​ព្រះសង្ឃ និង​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ជា​ជន​រងគ្រោះ។ ព្រះតេជព្រះគុណ ប៊ុនតិញ មាន​ថេរ​ដីកា​បន្ត​ថា ដរាប​ណា​រដ្ឋាភិបាល​នៅ​តែ​មិន​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​តែ​បន្ត​ក្រោក​ឡើង​ទាមទារ​យុត្តិធម៌​របស់​ពួក​គេ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «អាត្មា​គិត​ថា ប្រសិន​ជា​រដ្ឋាភិបាល​នៅ​តែ​ប្រព្រឹត្ត​អំពើ​អ៊ីចឹង វា​ជា​ការ​ញុះញង់​អោយ​ប្រជាជន​ទូទាំង​ប្រទេស​ក្រោក​ឈរ វា​ជា​ការ​ញុះញង់​អោយ​ព្រះសង្ឃ​ទូទាំង​ប្រទេស​ក្រោក​ឈរ។ មែន​ទែន​ទៅ គេ​អត់​ចង់​ធ្វើ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ខ្លួន​ឯង​ញុះញង់​អោយ​គេ​ធ្វើ យើង​នាំ​ព្រះសង្ឃ​ទូទាំង​ប្រទេស​នាំ​គ្នា​រួម​កម្លាំង​តែ​មួយ បើ​សិន​ជា​គេ​សម្លាប់​មួយ​ប្រទេស​វា​ល្អ​មើល បើ​គេ​ហ៊ាន​ដេញ​បាញ់​មួយ​ប្រទេស​វា​ល្អ​មើល​ហើយ។ ឥឡូវ​គេ​ដេញ​បាញ់​មួយ​វត្ត ប៉ុន្តែ​បើ​យើង​រួម​មួយ​ប្រទេស វា​ល្អ អាត្មា​កំពុង​តែ​ប្រមូល​កម្លាំង។ ឥឡូវ​បាន​បាត់ដំបង បាន​កំពង់ធំ បាន​កំពង់ចាម គេ​ត្រៀម​ចូល​រួម។ ដូច្នេះ យើង​មាន​តែ​យុទ្ធសាស្ត្រ​ហ្នឹង​ទេ អត់​មាន​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ទេ»

មិន​មែន​មាន​តែ​ព្រះសង្ឃ និង​ក្រុម​គ្រួសារ​អាណាព្យាបាល​ជន​រងគ្រោះ​នោះ​ទេ ដែល​បាន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ទាមទារ​អោយ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ សហគមន៍​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា ដែល​បញ្ហា​របស់​ខ្លួន​នៅ​មិន​ទាន់​ទាំង​បាន​ដោះស្រាយ​រួច​ផង​នោះ ក៏​បាន​នាំ​គ្នា​ទៅ​ឈឺ​ឆ្អាល​ចំពោះ​ការ​ចាប់​ខ្លួន​នោះ​ដែរ។

អ្នកស្រី ទេព វន្នី បាន​និយាយ​ថា បើ​ទោះ​ជា​ក្រុម​របស់​អ្នកស្រី​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​បិទ​ភ្លើង​បាញ់​ចម្ពាម​កៅស៊ូ​អោយ​រង​របួស​ជាច្រើន​នាក់ កាល​ពី​ពេល​ជួប​ជុំ​នៅ​វត្ត​ភ្នំ ក៏ដោយ ក៏​ក្រុម​អ្នកស្រី​មិន​ខ្លាច​នឹង​ចេញ​មក​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌​អោយ​ព្រះសង្ឃ និង​ជន​រងគ្រោះ​ផ្សេង​ទៀត​ដែរ។ អ្នកស្រី​ថា បញ្ហា​របស់​ប្រជាពលរដ្ឋ​ដទៃ វា​ក៏​ជា​បញ្ហា​សម្រាប់​ក្រុម​អ្នកស្រី​ដែរ៖ «បើ​អត់​ប្រយោជន៍​សម្លាប់​ខ្មែរ​គ្នា​ឯង​អ៊ីចឹង សម្បើម​តែ​ម្តង ឃើញ​ស៊ី​សាច់​ហុត​ឈាម។ ថ្នាក់​ដឹក​នាំ​ស្នងការ​ក្រុង ការពារ​ជាតិ និង​ការពារ​រាស្ត្រ​មួយ​ទាំង​មូល ស្រាប់​តែ​ចាត់​ទុក​រាស្ត្រ​ជា​សត្រូវ សួរ​ថា អោយ​រាស្ត្រ​នៅ​បាន​ម៉េច​សុខ? ថ្ងៃ​នេះ​ខ្ញុំ​មិន​សុខ ថ្ងៃ​ក្រោយ​អស់​លោក​ក៏​មិន​សុខ​ដែរ អា​ហ្នឹង​វា​ជា​ជំងឺ​មហា​រីក វា​ឆ្លង​ត​គ្នា ភាព​អយុត្តិធម៌​រាល​ដាល​លឿន​ណាស់​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ ទី​១៣ វិច្ឆិកា សមត្ថកិច្ច​បាន​ដោះ​លែង​ពលរដ្ឋ ២៩​នាក់ ក្នុង​ចំណោម ៣១​នាក់ ដែល​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា។ នៅ​សល់ ២​នាក់​ទៀត សមត្ថកិច្ច​ពុំ​ទាន់​ដោះ​លែង​នៅ​ឡើយ ដោយ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ជា​ព្រឹត្តិការណ៍​ទី​២​ហើយ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ការ​ប៉ះ​ទង្គិច​គ្នា​លើក​ទី​១ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ដែល​នៅ​ពេល​នោះ បាន​បណ្ដាល​អោយ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ដោយសារ​គ្រាប់​កាំភ្លើង​ហោះ​ចំ​ក្បាល។ រហូត​មក​ដល់​ពេល​នេះ ជន​ដៃ​ដល់​មិន​ទាន់​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ឡើយ។ ចំពោះ​ការ​ស្លាប់​របស់​ស្ត្រី​អ្នក​លក់​បាយ​នៅ​ពេល​នេះ គេ​ក៏​នៅ​មាន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​នឹង​មាន​ចំណាត់​ការ​យ៉ាង​ដូច​ម្ដេច​នោះ​ដែរ? អ្វី​ដែល​យើង​អាច​ដឹង​នៅ​ពេល​នេះ គឺ​មនុស្ស​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។