មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង​ត្រៀម​ផ្ដល់​ជំនាញ​ដល់​អ្នក​ក្រីក្រ

0:00 / 0:00

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង ត្រៀម​ផ្ដល់​ជំនាញ​ចំនួន ៧​មុខ ដល់​ក្មេង​កំព្រា ជន​មាតុភូមិ​និវត្តន៍ យោធិន​រំសាយ និង​ជន​ទី​ទ័លក្រ​ចំនួន ២០០​នាក់ នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០១៥ នេះ។ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​ខ្លះ​មិន​សូវ​ចាប់​អារម្មណ៍​លើ​មុខ​ជំនាញ​បណ្ដុះបណ្ដាល​ទាំង​នេះ ដោយ​បញ្ជាក់​ថា គ្មាន​ដើម​ទុន​ទិញ​សម្ភារៈ ឬ​បើក​កន្លែង​រក​ស៊ី​ក្រោយ​បញ្ចប់​វគ្គ។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ជ្រើសរើស​សិក្ខាកាម ក្រោម​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​កាន់​តែ​មាន​គុណភាព និង​ប្រសិទ្ធភាព ក្នុង​ការ​ឆ្លើយ​តប​តម្រូវ​ការ​សេដ្ឋកិច្ច​ឆ្នាំ​២០១៥។ សិក្ខាកាម នឹង​ត្រូវ​ចំណាយ​រយៈពេល ៤​ខែ​ពេញ ដើម្បី​សិក្សា​ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ។

ជំនាញ​ទាំង​នោះ​រួម​មាន កាត់​ដេរ អ៊ុត​សក់ អគ្គិសនី ពេទ្យ​សត្វ កុំព្យូទ័រ ជួសជុល​អេឡិចត្រូនិក និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច។ ប៉ុន្តែ​នៅ​ក្រោយ​បញ្ចប់​វគ្គ​សិក្សា មជ្ឈមណ្ឌល​ពុំ​មាន​លទ្ធភាព​ផ្ដល់​សម្ភារៈ ឬ​ថវិកា​បើក​មុខ​របរ​ឲ្យ​សិក្ខាកាម​រក​ស៊ី​នោះ​ទេ ដោយ​ពឹង​ផ្អែក​លើ​ការ​ស្វែងរក​ការងារ ឬ​ចំណាយ​ដើម​ទុន​ដោយ​ខ្លួន​ឯង។

បន្ថែម​លើ​សេចក្ដី​ជូន​ដំណឹង​នេះ ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង លោក លី ចន្ទរិទ្ធ ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា ចំណេះ​ដឹង និង​ចំណេះ​ធ្វើ​ដែល​មជ្ឈមណ្ឌល​ផ្ដល់​ឲ្យ​សិក្ខាកាម អាច​នឹង​យក​ទៅ​ប្រកប​មុខ​របរ​បាន ដោយ​អ្នក​ខ្លះ​ក្រោយ​បញ្ចប់​ការ​សិក្សា ទៅ​ធ្វើ​ការ​ឲ្យ​គេ និង​អ្នក​ខ្លះ​មាន​លទ្ធភាព​បើក​មុខ​របរ​ខ្លួន​ឯង​តែ​ម្ដង។ លោក​ថា ត្បិត​វគ្គ​បណ្ដុះបណ្ដាល​នេះ​ពុំ​មាន​គុណភាព​ដូច​ថ្នាក់​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​រង ដែល​ចំណាយ​ពេល​រាប់​ឆ្នាំ តែ​វា​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​មួយ​ផ្នែក​ដែរ៖ «ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ច្រើន​ចូល​ចិត្ដ​ជំនាញ​ខាង​ហ្នឹង ក៏ប៉ុន្ដែ​ជំនាញ​ខ្លះ​ប្រជាពលរដ្ឋ​ត្រូវ​ការ​បន្តិចបន្តួច ដូចជា​ផ្នែក​អេឡិចត្រូនិក លើក​មុន​ឃើញ​ចូល​ចិត្ត ឆ្នាំ​នេះ​ដូច​ធាក់​ថយ»

កម្មការិនី​កាត់​ដេរ​នៅ​ក្រុង​កំពង់ឆ្នាំង កញ្ញា ស៊ឹម លីណា មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ទាំង​នេះ ពុំ​មាន​ប្រយោជន៍​ឡើយ​សម្រាប់​កញ្ញា ដោយសារ​ពេល​រៀន​ចប់ គ្រួសារ​ពុំ​មាន​លទ្ធភាព​បើក​តូប ឬ​ទិញ​សម្ភារៈ​ប្រកប​មុខ​របរ​ឡើយ។ កញ្ញា​រំឭក​ថា កាល​ពី​ប្រឡង​ជាប់​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​២០១៥ ភ្លាមៗ កញ្ញា​ចាប់​អារម្មណ៍​រៀន​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ​ណាស់ តែ​មិន​ដែល​មាន​ឱកាស​រៀន​ទាល់​តែ​សោះ ដែល​មក​ដល់​ពេល​នេះ ខ្លាច​រៀន​យក​ទៅ​បោះ​ចោល ព្រោះ​គ្មាន​លទ្ធភាព​បើក​មុខ​របរ​ផ្ទាល់​ខ្លួន៖ «យើង​ចង់​រៀន​ឲ្យ​មាន​ជំនាញ តែ​ថា​ដល់​យើង​រៀន​ចេះ​ហើយ អត់​ថវិកា​ដើម្បី​បើក​ទេ។ លោក ជិន ជេដ្ឋា៖ តែ​បើ​ជាក់ស្ដែង​ចាប់​អារម្មណ៍​ទេ? ចាប់​អារម្មណ៍​តិចតួច តែ​ឥឡូវ​លែង​គិត​ហើយ បាន​ធ្វើ​ការងារ​រោងចក្រ​ហើយ»

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ បាន​ផ្ដល់​ជំនាញ​កាត់​ដេរ អគ្គិសនី កសិកម្ម និង​ជួសជុល​អេឡិចត្រូនិក​ជាដើម តាំង​ពី​ឆ្នាំ​២០០១ ប៉ុន្តែ​គេ​មិន​ទាន់​គ្រប់គ្រង​តួលេខ​នៃ​សិក្ខាកាម​ដែល​បាន​បណ្ដុះបណ្ដាល​នៅ​ឡើយ​ទេ។

របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​កម្ពុជា ដែល​គេហទំព័រ ត្រេឌីង អេកូណូមិក (Trading Economic) យក​មក​ចុះ​ផ្សាយ​បង្ហាញ​ថា អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា បាន​កើន​ឡើង ០,៣០% នៅ​ឆ្នាំ​២០១៣ ដែល​កាល​ពី​ឆ្នាំ​២០១២ មាន​ត្រឹម ០,១០%។ អត្រា​អត់​ការងារ​ធ្វើ​ជា​មធ្យម ១,២៤% នៅ​ចន្លោះ​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។