អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ព្រួយបារម្ភថា ការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅកម្ពុជា មួយចំនួននៅចន្លោះប្រហោង ដោយសារខ្ចីលើសពីលទ្ធភាពសងត្រឡប់វិញ ហើយពលរដ្ឋទាំងនោះខ្វះចំណេះដឹងគ្រប់គ្រងសាច់ប្រាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានណែនាំឲ្យពលរដ្ឋកុំប្រថុយប្រថានខ្ចីប្រាក់ បើដឹងថាខ្លួនពុំមានលទ្ធភាពសងនោះទេ។
ទីប្រឹក្សានៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ កុម្ភៈ ថា ខណៈវិស័យសេវាផ្តល់ប្រាក់កម្ចីបន្តកើនឡើង ឥរិយាបថរបស់អ្នកខ្ចីប្រាក់នៅមិនទាន់ស្មោះត្រង់ ដូចជាអ្នកខ្លះកំពុងព្យាយាមលាក់បំណុល ដោយយកប្រាក់ពីស្ថាប័នច្រើនផ្សេងគ្នាក្នុងពេលតែមួយហួសពីលទ្ធភាពសងត្រឡប់វិញ ដែលអាចនាំឲ្យកូនបំណុលទាំងនេះលង់ខ្លួនវ័ណ្ឌក៖ « នេះជាចំណុចសំខាន់ដែលខ្មែរយើងខ្វះខាតកន្លងមក។ ខ្ញុំមិនបន្ទោសទេ យើងធ្លាប់រងគ្រោះសម័យខ្មែរក្រហម ធ្លាប់កុហកជាហូរហែមក។ ឥឡូវយើងមិនអាចធ្វើដូច្នេះបានទៀតទេ។ យើងត្រូវរស់នៅក្នុងតម្លាភាព ធ្វើខ្លួនឲ្យជាមនុស្សមានសមត្ថភាព អាចខ្ចីលុយ។ យើងឲ្យគាត់ខ្ចី គាត់រីកចម្រើន យើងរីកចម្រើន »។
លោកឲ្យដឹងថា មានស្ថាប័នមីក្រូហិរញ្ញវត្ថុសរុបចំនួនប្រមាណ ៦០ស្ថាប័ននៅឆ្នាំ២០១៦ ហើយប្រាក់វិនិយោគសរុបក្នុងវិស័យនេះមានតម្លៃ ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
បើតាមអ្នកឯកទេសវិស័យមីក្រូហិរញ្ញវត្ថុរូបនេះ វិស័យប្រាក់កម្ចីផ្ដើមស្ទុះឡើង បន្ទាប់ពីរដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងមីក្រូហិរញ្ញវត្ថុកាលពីឆ្នាំ១៩៩៩។ លោកបន្ថែមថា បច្ចុប្បន្ន ប្រជាពលរដ្ឋចំនួន ២លានគ្រួសារដែលភាគច្រើនរស់នៅទីជនបទ ឬ ៦០ភាគរយនៃចំនួនគ្រួសារសរុបនៅកម្ពុជា កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ពលរដ្ឋភាគច្រើនខ្ចីប្រាក់ចន្លោះពី ៣ពាន់ដុល្លារទៅ ៤ពាន់ដុល្លារ។ កាលពីឆ្នាំ២០១៦ កំណើននៃវិស័យប្រាក់កម្ចីរបស់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើងជាង ២០ភាគរយ បើធៀបនឹងឆ្នាំ២០១៥។
លោក ប៊ុន មុនី លើកឡើងថា ប្រជាពលរដ្ឋដែលចង់ខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ គួរគិតគូរឲ្យបានល្អិតល្អន់ ដោយត្រូវរៀបចំគម្រោងអាជីវកម្ម ឬវិនិយោគ ថាតើយកប្រាក់នេះមកធ្វើអាជីវកម្មអ្វី ហើយអាចផ្តល់ប្រាក់ចំណេញសម្រាប់សងត្រឡប់ទៅម្ចាស់បំណុលវិញទាន់ពេលវេលាឬទេ?៖ « ចំណុចដែលព្រួយបារម្ភរបស់ខ្ញុំដែលខ្លាំងនោះ គឺការខ្ចីប្រាក់របស់គាត់មិនបានគិតពីការរកប្រាក់ចំណូល។ នៅពេលដែលមានការប្រកួតប្រជែងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ដូចគ្រឹះស្ថាន " ក " ឲ្យខ្ចីមួយពាន់ គ្រឹះស្ថាន " ខ " ឲ្យខ្ចីមួយពាន់ " គ ឃ ង " ចេះតែឲ្យ គាត់ចេះតែយកទាំងអស់ ដោយគាត់ព្យាយាមលាក់បំណុលរបស់គាត់មិនឲ្យគេដឹង។ ហ្នឹងដែលយើងព្រួយបារម្ភ »។
ក្រៅពីណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន លោក ប៊ុន មុនី បញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុក៏ដើរតួនាទីសំខាន់ដើម្បីកាត់បន្ថយការវ័ណ្ឌករបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់លើការរៀបចំក្របខ័ណ្ឌផ្តល់ប្រាក់ឲ្យអតិថិជនឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងការពិនិត្យតាមដានការប្រើប្រាស់ប្រាក់ដែលខ្ចីនោះ ថាតើបានធ្វើតាមគម្រោងអាជីវកម្មដែលបានបង្ហាញពេលដាក់ពាក្យសុំខ្ចីប្រាក់ឬទេ។
លោកបញ្ជាក់ថា ការបង្រៀនប្រជាពលរដ្ឋពីចំណេះដឹងនៃការគ្រប់គ្រងសាច់ប្រាក់ និងការយកប្រាក់មកវិនិយោគ ក៏ជាការសំខាន់ដែលជួយរុញច្រានការវិនិយោគរបស់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ពិសេសការដាក់បញ្ចូលមេរៀនទាំងនេះក្នុងកម្មវិធីសិក្សាផ្លូវការរបស់ក្រសួងអប់រំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
