ភរិយា និងមេធាវីការពារក្ដីអ្នកទោសម្នាក់ នៅថ្ងៃទី២៥ កុម្ភៈ បានអំពាវនាវឲ្យតុលាការខេត្តកំពត ដោះលែងប្ដី និងកូនក្ដីរបស់ខ្លួនពីពន្ធនាគារ ដោយអះអាងថា ការឃុំខ្លួនអ្នកទោសម្នាក់នោះបន្ត គឺខុសនីតិវិធីច្បាប់។
អ្នកស្រី ភេទ ពៅ អាយុ ៣៩ឆ្នាំមានកូន ៥នាក់ក្នុងបន្ទុក រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានអះអាងថា ប្ដីរបស់គាត់ឈ្មោះ រឹម សារ៉ាន់ អាយុជាង ៥០ឆ្នាំ ត្រូវបានតុលាការខេត្តកណ្ដាល សាលាឧទ្ធរណ៍ និងតុលាការកំពូល កាត់ក្ដីឲ្យជាប់គុករយៈពេលមួយឆ្នាំ ហើយត្រូវឃុំខ្លួននៅខេត្តកណ្ដាល កាលពីឆ្នាំ២០១៤។
អ្នកស្រីរៀបរាប់ថា ប្ដីអ្នកស្រីជាប់ទោសពីបទក្លែងបន្លំឯកសារ និងឆបោក ទាក់ទងរឿងទិញលក់ដីនៅខេត្តកំពត រវាងភាគីដើមចោទឈ្មោះ សឿង សម្រេច និង កែវ សាន រស់នៅខេត្តកណ្ដាល។ ក៏ប៉ុន្តែ អ្នកស្រីឲ្យដឹងថា នៅពេលប្ដីអ្នកស្រីទទួលទោសជិតដល់ថ្ងៃផុតកំណត់ត្រូវចេញពីពន្ធនាគារថ្ងៃទី៣ ខែកុម្ភៈ កន្លងមកនេះ ស្រាប់តែមានមន្ត្រីតុលាការខេត្តកំពត បានទៅជួបប្ដីអ្នកស្រីនៅពន្ធនាគារខេត្តកណ្ដាល ហើយបានចេញដីកាឃុំបន្ត និងកោះហៅប្ដីអ្នកស្រីទៅកាត់ទោសនៅតុលាការខេត្តកំពត ដ៏ឆាប់ៗនេះបន្តទៀត។
អ្នកស្រីត្អូញត្អែរថា អ្នកស្រីមិនយល់នីតិវិធីច្បាប់ស្មុគស្មាញដូច្នេះសោះ ហើយបានអំពាវនាវឲ្យតុលាការដោះលែងប្ដីគាត់មកវិញ ព្រោះប្ដីគាត់មិនមានទោសដូចការចោទប្រកាន់កន្លងមកទេ៖ «ខ្ញុំសុំអំពាវនាវឲ្យតុលាការខេត្តកំពត ដោះលែងប្ដីខ្ញុំវិញ ព្រោះអីគាត់ប្ដឹងរឿងដដែលៗ ដាក់ទោសប្ដីខ្ញុំរយៈពេលមួយឆ្នាំរួចហើយ កន្លងមកយករឿងដដែលមកប្ដឹងប្ដីខ្ញុំបន្តទៀត ឲ្យប្ដីខ្ញុំជាប់ទោសបន្តទៀត។ ខ្ញុំមានអីចិញ្ចឹមកូន បើកូនដល់ ៥នាក់នោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញាខេត្តកំពត ដែលកាន់ក្ដីរឿងនេះបានទេ នៅថ្ងៃទី២៥ កុម្ភៈ ដោយលោកឆ្លើយថាកំពុងជាប់ប្រជុំ។
ក៏ប៉ុន្តែ មេធាវីការពារក្ដីចុងចោទ គឺលោក អ៊ុំ ប៊ុនធឿន អះអាងថា ការចោទប្រកាន់ និងកាត់ក្ដីកូនក្ដីរបស់លោកឈ្មោះ រឹម សារ៉ាន់ គឺខុសនីតិវិធីច្បាប់ ព្រោះថា ករណីនេះជាករណីរដ្ឋប្បវេណី តែតុលាការបែរជាចាត់ទុកថាជារឿងព្រហ្មទណ្ឌ ធ្វើឲ្យកូនក្ដីលោកដែលមិនត្រូវមានទោស បែរជាប់គុកទៅវិញ៖ «អ្វីដែលខ្ញុំលើកថ្ងៃនេះ ខ្ញុំចង់និយាយថា រឿងនេះកើតចេញពីកិច្ចសន្យាទេ វាមិនមែនជារឿងព្រហ្មទណ្ឌទេ។ តុលាការគាត់មានសិទ្ធិឃុំខ្លួន គាត់មានឆន្ទានុសិទ្ធិតាមផ្លូវច្បាប់ ក៏ប៉ុន្តែគាត់ក៏ត្រូវតែគោរពច្បាប់ដែរ មានន័យថា បើសិនជាអត់មានបទល្មើសរឿងនេះវាកើតពីកិច្ចសន្យា។ អ៊ីចឹងហើយរឿងនេះជាកាតព្វកិច្ច ពួកវាស៊ីសំណូក ជាអ្នករំលោភ កូនក្ដីខ្ញុំអត់រំលោភផង វាត្រូវខាងនោះរំលោភវិញ កូនក្ដីយើងទៅយកលុយអត់បានឲ្យយកកូនក្ដីយើងទៅដាក់គុកទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងភាគីដើមចោទ លោក កែវ សាន បានភ្លាមទេ ដើម្បីផ្ដល់ឱកាសឆ្លើយតបទៅនឹងភាគីចុងចោទ។
យ៉ាងណាក្ដី ភរិយា និងមេធាវីចុងចោទឲ្យដឹងថា តុលាការខេត្តកំពត នឹងចាប់ផ្ដើមសវនាការរឿងក្ដី លោក រឹម សារ៉ាន់ នៅថ្ងៃទី២៦ កុម្ភៈ ដូចការគ្រោងទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
