សង្គមស៊ីវិលលើកឡើងថា បើសិនជាកម្ពុជា ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដោយប្រសិទ្ធភាព និងគ្មានការសូកប៉ាន់លុយក្រោមតុ នៅពេលនោះអ្នកវិនិយោគបរទេសដែលគិតអំពីគោលការណ៍គោរពសិទ្ធិមនុស្ស និងបញ្ហាធនធានជាតិ នឹងមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។
ការលើកឡើងនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសថា នឹងចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនរកស៊ីប្រមាណ ២០០ក្រុមហ៊ុន ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងការវិនិយោគពីបរទេស។ ពាក់ព័ន្ធនឹងការចុះអនុស្សរណៈនេះ ត្រូវបានសង្គមស៊ីវិលគាំទ្រ និងចាត់ទុកថា វាជាការខិតខំប្រឹងប្រែងបន្ថែមក្នុងការប្រឆាំងអំពើពុករលួយក្នុងវិស័យពាណិជ្ជកម្ម។
សង្គមស៊ីវិលដែលតាមដានវិធានការប្រឆាំងអំពើពុករលួយនៅកម្ពុជា បានបែងចែកវិនិយោគិនបរទេសជាពីរប្រភេទ គឺអ្នកទី១ ឈ្មោះថាអ្នកវិនិយោគបរទេសចិត្តខ្មៅ រីឯអ្នកទី២ គឺជាអ្នកវិនិយោគបរទេសចិត្តស។
អ្នកវិនិយោគចិត្តខ្មៅ គឺចូលចិត្តទៅរកស៊ីនៅប្រទេសសម្បូរអំពើពុករលួយ ដែលអាចសូកប៉ាន់មន្ត្រីធំៗដោយងាយ ព្រោះអ្នកវិនិយោគប្រភេទនេះ គិតអំពីផលចំណេញរបស់ខ្លួនជាធំ ហើយទោះជាត្រូវរកស៊ីតាមរូបភាពបែបណាក៏ដោយ ទាំងការរំលោភយកដីធ្លី ឬបណ្ដេញពលរដ្ឋចេញពីដីធ្លី ជាពិសេសគឺមិនខ្វល់អំពីគោលការណ៍គោរពសិទ្ធិមនុស្ស និងធនធានធម្មជាតិដែលពួកគេមកវិនិយោគនៅតំបន់នោះទេ។
ចំណែកអ្នកវិនិយោគបរទេសចិត្តសវិញ គឺជាអ្នកដែលគិតអំពីផលចំណេញដូចគ្នា តែខុសត្រង់ថា អ្នកវិនិយោគិនប្រភេទនេះ មុននឹងធ្វើការវិនិយោគមកប្រទេសណាមួយ គឺពួកគេស្រាវជ្រាវទៅលើប្រទេសនោះយ៉ាងច្បាស់លាស់ ថាជាប្រទេសដែលស្អាតស្អំគ្មានអំពើពុករលួយ និងគោរពសិទ្ធិមនុស្សបានខ្ជាប់ខ្ជួនដែរឬទេ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងប្រាប់អាស៊ីសេរីថា ប្រទេសដែលមានអភិបាលកិច្ចល្អ និងប្រកាន់លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ គឺតែងតែតម្រង់ទិសឲ្យអ្នកវិនិយោគរបស់ខ្លួន នៅពេលទៅរកស៊ីនៅប្រទេសណាមួយ គឺមិនត្រូវធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសនោះទេ។ លោកបន្តថា វាគឺជាសំណាងមួយសម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ បើសិនជាអាចទាក់ទាញអ្នកវិនិយោគបរទេសប្រភេទនេះបាន៖ « អ៊ីចឹងមានតែប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស និងអ្នកវិនិយោគចិត្តខ្មៅ ដែលមកវិនិយោគ ហើយសូកប៉ាន់មនុស្សពីរបីនាក់ រួចហើយទទួលបានសិទ្ធិធ្វើអ្វីបែបយ៉ាងផ្ដេសផ្ដាស សូម្បីអាជ្ញាធរក៏មិនហ៊ានដែរ ព្រោះគេអាងមនុស្សពីរបីនាក់នៅក្រោយខ្នង »។
ការលើកឡើងបែបនេះ បន្ទាប់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រកាសនៅក្នុងទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនប្រមាណ ២០០ក្រុមហ៊ុន នៅអំឡុងខែមករា នេះ ដើម្បីទប់ស្កាត់អំពើពុករលួយក្នុងការវិនិយោគ និងដើម្បីទាក់ទាញអ្នកវិនិយោគបរទេសបន្ថែម។
លោក ឱម យ៉ិនទៀង បញ្ជាក់ថា ការចុះអនុស្សរណៈនេះក្រោយពីអង្គភាពរបស់លោកទទួលបានសំណើពីប្រទេសចិន ដើម្បីឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ជួយក្រុមហ៊ុនរកស៊ីរបស់ចិន គេចផុតពីអំពើពុករលួយ ស្របពេលគម្រោងវិនិយោគភាគច្រើន និងមានតម្លៃរាប់លានដុល្លារ គឺមកពីប្រទេសចិន។
អាស៊ីសេរី មិនអាចសុំការបកស្រាយបន្ថែមពីលោក ឱម យ៉ិនទៀង បានទេនៅថ្ងៃទី១០ មករា។

លោក សន ជ័យ ចាត់ទុកថា គម្រោងចុះអនុស្សរណៈរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជាមួយក្រុមហ៊ុនប្រមាណ ២០០ក្រុមហ៊ុននេះ គឺអង្គភាពប្រឆាំងអំពើពុករលួយចង់បង្ហាញឆន្ទៈ ដើម្បីជួយការពារអ្នកវិនិយោគបរទេសដែលមានឱកាសមករកស៊ីនៅកម្ពុជា ចៀសផុតពីអំពើពុករលួយ ហើយម្យ៉ាងវិញទៀត ការសហការគ្នាដែលមានការតាំងចិត្តបែបនេះ គឺចង់បង្ហាញប្រាប់ទៅដល់អ្នកចូលចិត្តប្រព្រឹត្តអំពើពុករលួយ។ ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ មានវិធានការម៉ត់ចត់ ជាក់លាក់ និងយូរអង្វែងនៅក្នុងកិច្ចការងារនេះ ហើយត្រូវឆ្លើយតបឲ្យទាន់ពេលវេលា នៅពេលមានសេចក្ដីរាយការណ៍ថាមានករណីប្រព្រឹត្តអំពើពុករលួយ ឬមានករណីមន្ត្រីខ្លះបង្ខំឲ្យក្រុមហ៊ុនរកស៊ីបរទេស សូកប៉ាន់លុយកាក់ក្រោមតុជាដើម៖ « ក្រៅពី MoU យើងនៅតែទទូចឲ្យការងារដោយឯករាជ្យ ម៉ត់ចត់ និងស៊ីជម្រៅ ដើម្បីការពារអ្នកវិនិយោគស្លូតត្រង់ »។
ថ្វីត្បិតតែយ៉ាងណាក្ដី រយៈពេលកន្លងមក ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលតែងតែចាត់ទុកអង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតក្រោមការដឹកនាំរបស់លោក ឱន យ៉ិនទៀង ខ្វះភាពឯករាជ្យ និងគ្មានតម្លាភាព ជាដើម។ ការចាត់ទុកនោះ ដោយសារកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ ហាក់មិនមានឆន្ទៈដើម្បីស៊ើបអង្កេត នៅពេលមានមន្ត្រីរដ្ឋាភិបាលធំៗត្រូវគេសង្ស័យថាប្រព្រឹត្តអំពើពុករលួយ។
ជាក់ស្ដែង ដូចជាការចេញរបាយការណ៍មួយកាលពីខែកក្កដា ឆ្នាំ២០១៦ របស់អង្គការ គ្លបល វីនេស (Global Witness) និយាយពីការក្ដោបក្ដាប់ជំនួញនៅកម្ពុជា របស់សែស្រឡាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរកឃើញថា គ្រួសារលោក ហ៊ុន សែន មានទ្រព្យសម្បត្តិមិនតិចជាងពាន់លានដុល្លារ និងមានក្រុមហ៊ុនរកស៊ីក្នុងស្រុកមិនតិចជាង ១១៤ក្រុមហ៊ុន ហើយដែលគេសង្ស័យថា លោកនាយករដ្ឋមន្ត្រីរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ។
ជាមួយគ្នានោះ ករណីសង្ស័យប្រព្រឹត្តអំពើពុករលួយមួយទៀតនៃការនាំខ្សាច់ទៅលក់នៅបរទេស ជាពិសេសទៅកាន់ប្រទេសសិង្ហបុរី និងឥណ្ឌា ដែលអាចបាត់លុយរាប់លានទៅក្នុងអំពើពុករលួយ ក៏អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង មិនទាន់បើកការស៊ើបអង្កេតនៅឡើយទេមកទល់ពេលនេះ ថ្វីត្បិតតែមានការជំរុញ និងទទូចពីមន្ត្រីបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនយ៉ាងណាក្ដី។
ចំណែកប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល អះអាងប្រាប់អាស៊ីសេរីដែរថា បញ្ហាសង្គមទាំងអស់ដែលតែងកើតឡើងសព្វថ្ងៃ ដូចជាការបង្ខំពលរដ្ឋចេញពីផ្ទះសម្បែង និងដីធ្លី និងករណីកាប់បំផ្លាញព្រៃឈើ និងរុករករ៉ែទាំងខុសច្បាប់ គឺកើតឡើងដោយសារអំពើពុករលួយ៖ « សរុបទៅ គ្រប់រឿងសង្គមទាំងអស់ មិនដែលមានរឿងណាថាមិនពាក់ព័ន្ធអំពើពុករលួយទេ ហើយអំពើពុករលួយគឺជាមូលហេតុបង្កឲ្យមានបញ្ហាជាច្រើន ដូចជាដេញពលរដ្ឋចេញពីដីធ្លី កាប់បំផ្លាញព្រៃឈើ និងរុករករ៉ែខុសច្បាប់ ជាដើម »។
លោក ព្រាប កុល បញ្ជាក់ថា បើសិនបញ្ហាពុករលួយនៅក្នុងសង្គមទាំងនេះ គេមានវិធានការដោះស្រាយត្រឹមត្រូវ គឺធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងអាចទាក់ទាញអ្នកវិនិយោគបរទេសសំខាន់ៗផ្សេងទៀតមករកស៊ីនៅកម្ពុជា។
ប្រធានអង្គការតម្លាភាពកម្ពុជា រូបនេះក៏បន្តថា នៅប្រទេសដែលមានស្ថាប័នប្រឆាំងអំពើពុករលួយដោយឯករាជ្យ ហើយនៅពេលមានរបាយការណ៍ ឬព័ត៌មាននិយាយអំពីមន្ត្រីរដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយ ដែលមានទឹកប្រាក់រាប់លានដុល្លារបែបនេះ ដូចជាការចេញរបាយការណ៍របស់ គ្លបល វីនេស និងមន្ទិលសង្ស័យពីការនាំខ្សាច់ជាដើម គឺគេប្រាកដជាបើកការស៊ើបសង្កេតដើម្បីស្វែងរកការពិតជូនសាធារណជន៖ « នៅពេលមានព័ត៌មានដែលសង្ស័យថា ប្រព្រឹត្តអំពើពុករលួយ គាត់គួរតែស៊ើបអង្កេត ដើម្បីស្វែងរកការពិត »។
ប៉ុន្តែពលរដ្ឋខ្លះ និងបក្សប្រឆាំង រួមទាំងសង្គមស៊ីវិល នៅតែគិតថា អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា បំពេញការងារដើម្បីបម្រើផលប្រយោជន៍ឲ្យគណបក្សកាន់អំណាចតែប៉ុណ្ណោះ ព្រោះជាក់ស្ដែងនៅក្នុងសំណុំរឿងសញ្ចារកម្មផ្លូវភេទរវាងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ គឺអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការទាំងប្រញាប់ប្រញាល់ រហូតមានការឃុំខ្លួនមន្ត្រីបក្សប្រឆាំង មន្ត្រីអង្គការសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ ពីបទសង្ស័យថាសូកប៉ាន់សាក្សីចំនួនទឹកប្រាក់ ៥០០ដុល្លារជាដើម។
ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ សង្គមស៊ីវិលលើកឡើងថា បញ្ហាអំពើពុករលួយមិនទាន់បានថយចុះគួរឲ្យកត់សម្គាល់នៅឡើយ បើទោះបីជាអង្គការប្រឆាំងអំពើពុករលួយអះអាងថា នៅឆ្នាំ២០១៦ បណ្ដឹងពាក់ព័ន្ធអំពើពុករលួយបានថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។
នៅក្នុងទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រកាសថា អង្គភាពលោកនឹងជ្រើសរើសមន្ត្រីនគរបាលយុត្តិធម៌បន្ថែម ២០០នាក់ ដើម្បីឲ្យទៅបម្រើការងារនៅតាមការិយាល័យប្រឆាំងអំពើពុករលួយ ដែល ACU សម្រេចបង្កើតឡើងនៅខេត្តមួយចំនួន ដូចជានៅខេត្តស្វាយរៀង និងបាត់ដំបង ជាដើម។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ទទួលស្គាល់ថា រយៈពេលចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានខិតខំប្រឹងប្រែងជាងមុន ដើម្បីផ្សព្វផ្សាយ និងបង្ការអំពើពុករលួយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ មិនទាន់អាចទទួលយកបានឡើយពីសំណាក់ពលរដ្ឋ ព្រោះអង្គភាពនេះនៅតែមិនអាចអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានត្រឹមត្រូវ និងនៅតែយោគយល់ចំពោះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ខ្លះ ដែលគេសង្ស័យថាប្រព្រឹត្តអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
