ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នឹងទៅទស្សនកិច្ចវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែមីនា ជាទីដែលអ្នកស្រីមានគម្រោងជួបកុមារី ១០នាក់ ដែលជាសិស្សនៅទីនោះ។
តើវិទ្យាល័យនេះមានចំណុចពិសេសអ្វីខ្លះ ទើបបានក្លាយជាជម្រើសរបស់ អ្នកស្រី មីស្ហែល? តើកុមារីទាំង ១០នាក់នោះជានរណា?
វិទ្យាល័យប្រាសាទបាគង ឋិតក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ៦។ វិទ្យាល័យនេះទទួលសិស្សមកពីឃុំទាំងអស់នៅក្នុងស្រុកប្រាសាទបាគង។
ពេលចូលទៅដល់សាលា បរិវេណសាលានេះធំទូលាយ អគារសិក្សាសង់ផ្ទាល់ដីមានរបៀបរបបអមដោយសួនច្បារស្រស់ស្អាត និងមានអនាម័យ។
នាយកវិទ្យាល័យប្រាសាទបាគង លោក ស៊ិន សំណាង មានប្រសាសន៍ថា វិទ្យាល័យនេះក៏មិនខុសពីវិទ្យាល័យផ្សេងទៀតដែលមានឈ្មោះថា សាលាកុមារមេត្រី ឬសាលាដែលទាក់ទាញសិស្សឲ្យមកសិក្សាឡើយ។ លោកបន្តថា សាលារបស់លោកបានទទួលការឧបត្ថម្ភពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលធ្វើឲ្យសាលានេះមានចំណុចខុសប្លែកពីសាលាដទៃ។ ក្រៅពីសិក្សាក្នុងថ្នាក់ សាលាមានបន្ទប់ពិសោធន៍ មានបណ្ណាល័យ មានថ្នាក់បំណិនជីវិត មានប្រាក់រង្វាន់លើកទឹកចិត្តគ្រូបង្រៀន និងមានអាហារូបករណ៍សម្រាប់សិស្សស្រីទៀតផង។
ស្របគ្នានេះ សាលាក៏មានប្រព័ន្ធត្រួតពិនិត្យបញ្ហាអវត្តមានរបស់សិស្ស ដែលជាផ្នែកមួយទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្ស។
នៅក្នុងឆ្នាំសិក្សា២០១៤-២០១៥ នេះ សាលាមានសិស្សសរុប ១.៥៣៤នាក់ ក្នុងនោះសិស្សស្រីចំនួន ៨៦៦នាក់។ អត្រានៃសិស្សបោះបង់ការសិក្សា គឺប្រមាណ ៥% ក្នុងឆមាសទី១នៃឆ្នាំសិក្សានេះ។
លោកនាយក ស៊ិន សំណាង មានមោទនភាពក្នុងនាមជាអ្នកគ្រប់គ្រងសាលា ដែលសាលានេះត្រូវជ្រើសរើសឲ្យទទួលដំណើរទស្សនកិច្ចរបស់ អ្នកស្រី មីស៊្ហែល អូបាម៉ា។
នៅក្នុងគម្រោងទស្សនកិច្ចនៃគំនិតផ្ដួចផ្ដើម អនុញ្ញាតឲ្យក្មេងស្រីបានសិក្សា (Let's girls learn) អ្នកស្រី មីស៊្ហែល អូបាម៉ា ជួបក្មេងស្រី ១០នាក់ដែលជាសិស្សនៃវិទ្យាល័យនេះ។ ពួកគេ គឺជាក្មេងស្រីនៅក្នុងគ្រួសារក្រីក្រក្នុងស្រុកប្រាសាទបាគង។ ពួកគេទាំង ១០នាក់ ទទួលបានអាហារូបករណ៍ពីអង្គការមួយឈ្មោះថា រូម ធូ រីដ (Room To Read)។ ពួកគេកំពុងរៀននៅថ្នាក់ទី១២។ អង្គការនេះចាប់ផ្ដើមផ្ដល់អាហារូបករណ៍ដល់ពួកគេតាំងពីពេលពួកគេរៀនថ្នាក់ទី៧។
ក្មេងស្រីម្នាក់ក្នុងចំណោមអ្នកទាំង ១០នាក់ កញ្ញា វាន សុហាង នាងកំពុងរស់នៅជាមួយជីដូនចាស់ និងម្ដាយមីងពិការនៅក្នុងភូមិស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ ជីវភាពគ្រួសាររបស់នាងពឹងផ្អែកទាំងស្រុងទៅលើម្ដាយមីងពិការ ដែលជាកម្មករសំណង់ជាអ្នកផ្គត់ផ្គង់ និងដំណាំបន្លែបន្តិចបន្តួចដែលនាងដាំក្បែរផ្ទះ។ សុហាង អះអាងថា ប្រសិនបើពុំមានជំនួយពីអង្គការ រូម ធូ រីដ ទេនោះ ម្ល៉េះនាងមិនបានរៀនជាប់លាប់មកដល់ពេលនេះឡើយ។
ក្មេងស្រីម្នាក់ទៀត គឺកញ្ញា ឆិត ណារ័ត្ន នាងរស់នៅក្នុងគ្រួសារដែលម្ដាយជាស្រីមេម៉ាយមានកូនចំនួន ៥នាក់។ ក្រៅពីការសិក្សា នាងទទួលភារៈដាំបន្លែ សម្រាប់ឲ្យម្ដាយដឹកទៅលក់ជារៀងរាល់ថ្ងៃនៅក្រុងសៀមរាប។ ណារ័ត្ន មានបំណងក្លាយជាគ្រូបង្រៀនផ្នែកគីមីវិទ្យា ប៉ុន្តែនាងហាក់ពុំមានសង្ឃឹមទេ នៅពេលងាកមកមើលជីវភាពគ្រួសារដ៏លំបាករបស់នាង។
ក្មេងស្រីទាំងពីររំពឹងថា នឹងបានលើកពីការលំបាករបស់ពួកនាងទៅប្រាប់ស្ត្រីទី១ អ្នកស្រី មីស៊្ហែល អូបាម៉ា ដើម្បីឲ្យពួកនាងមានសង្ឃឹមនឹងបានបន្តការសិក្សាដល់មហាវិទ្យាល័យ ទៅតាមក្ដីប្រាថ្នា។
ស្របគ្នានេះ នាយកវិទ្យាល័យ លោក ស៊ិន សំណាង ក៏រំពឹងដែរថា ក្មេងស្រីផ្សេងទៀតអាចនឹងមានឱកាសទទួលបានការឧបត្ថម្ភដូចក្មេងស្រីទាំង ១០នាក់នេះដែរ។
ទាក់ទងដល់ដំណើរទស្សនកិច្ចរបស់ អ្នកស្រី មីស្ហែល អូបាម៉ា លោក កាន់ កាល់ នាយកប្រចាំនៅកម្ពុជា របស់អង្គការ រូម ធូ រីដ មានប្រសាសន៍ថា ក្មេងស្រីទាំង ១០នាក់នៃវិទ្យាល័យប្រាសាទបាគង គឺជាសិស្សជំនាន់ចុងក្រោយ ដែលអង្គការនេះផ្គត់ផ្គង់នៅទីនោះ។
រូម ធូ រីដ ជាអង្គការអន្តរជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទទួលបានជំនួយពីសប្បុរសជនជាទូទៅ ដើម្បីដំណើរការគម្រោងជាច្រើនក្នុងផ្នែកអប់រំ។ នៅកម្ពុជា អង្គការនេះបង្កើតគម្រោងជួយដល់ការសិក្សារបស់ក្មេងស្រីដោយផ្ដល់សម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយទៅសាលា ផ្ដល់បន្ទប់ស្នាក់នៅក្បែរសាលារៀនសម្រាប់សិស្សនៅឆ្ងាយ និងបង់ថ្លៃរៀនគួរជាដើម។ អង្គការនេះផ្ដល់ជំនួយបែបនេះជាទៀងទាត់ដល់ក្មេងស្រីក្នុងរយៈពេល ៥ឆ្នាំនៃការសិក្សារបស់គេនៅវិទ្យាល័យ។ មកដល់ពេលនេះមានក្មេងស្រីប្រមាណជាង ១.៦០០នាក់ក្នុងខេត្តសៀមរាប បានទទួលការឧបត្ថម្ភរបស់អង្គការ រូម ធូ រីដ។
នាយកអង្គការ រូម ធូ រីដ លោក កាន់ កាល់ មានប្រសាសន៍ថា ជំនួយបែបនេះមានជោគជ័យក្នុងការជំរុញការសិក្សារបស់ក្មេងស្រី។
ទាក់ទិនដល់ដំណើរទស្សនកិច្ចរបស់ អ្នកស្រី មីស៊្ហែល អូបាម៉ា លោក កាន់ កាល់ ចាត់ទុកជាការលើកទឹកចិត្តដ៏ល្អ និងកម្រមួយសម្រាប់លោក អង្គការរបស់លោក រួមនឹងពលរដ្ឋខ្មែរដែរ ដើម្បីបំពេញការងារក្នុងវិស័យអប់រំនេះឲ្យកាន់តែរីកចម្រើន ជាពិសេសជំរុញក្មេងស្រីឲ្យមានចំណេះដឹង ចេះវិភាគ ច្នៃប្រឌិត និងមានគុណភាពជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
