កម្មករ​រោង​ចក្រ​ផលិត​កង់​ «បេសវ៉េ​» នៅ​ក្រុង​បាវិត​ធ្វើកូដកម្ម​

កម្មករ​-កម្មការិនី​រោង​ចក្រ​ផលិត​កង់​​ បេសវ៉េ (​Best Way) ​ប្រមាណ​ជាង​ ១​ពាន់​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា​ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​​តវ៉ា ​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ មេនហាតធេន​​(Manhattan) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។

0:00 / 0:00

ការ​ធ្វើ​កូដកម្ម​នេះ​ដើម្បី​តវ៉ា​ទាមទារ​ ឲ្យ​ក្រុមហ៊ុន​ ជួយ​ដោះ​ស្រាយ​កែលំអ​លក្ខខណ្ឌ​ការងារ​ ១០​ចំណុច​។​ កូដកម្ម​របស់​ក្រុម​កម្មករ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​ដាក់​សំណើ​ទៅ​ឲ្យ​ភាគី​ក្រុម​ហ៊ុន ​កែលំអ​លក្ខខណ្ឌ​ការងារ​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​។​​

​លក្ខខណ្ឌ​ការងារ​ដែល​ក្រុម​កម្មករ​តវ៉ា​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​ រួម​មាន​ កម្មករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ថ្លៃ​ទឹកដោះគោ​​មួយ​ខែ​ ១០​ដុល្លារ​​ដល់​ស្ត្រី​ពេល​សម្រាល​កូន​។ ប្រាក់​ជំនាញ​ និង​បរិស្ថាន​ បរិវេណ​ការងារ​ ១០​ដុល្លារ​ ប្រាក់​បន្ថែម​ម៉ោង​ថ្ងៃ​ឈប់​សម្រាក​ ២ដុល្លារ ​ប្រាក់​ថ្លៃ​សាំង​ម៉ូតូ​ ២​ដុល្លារ​ សម្រាប់​កម្មករ​ធ្វើ​ដំណើរ​ និង​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​កិច្ចសន្យា​ពី ​៦​ខែ ​ទៅ ​១ឆ្នាំ​ ដល់​កម្មករ​ជា​ដើម។

តំណាង​កម្មករ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​​ថ្លែង​នៅ​ថ្ងៃ​ទី​១២​ វិច្ឆិកា​ ថា ​ការ​ធ្វើ​កូដកម្ម​តវ៉ា​ដោយសារ​ភាគី​ក្រុម​ហ៊ុន​គាប​សង្កត់​រឹតត្បិត​សិទ្ធិ​សេរី​ភាព​ និង​កេង​ចំណេញ​ជិះ​ជាន់​កម្លាំង​ពលកម្ម​របស់​កម្មករ​៖« គាត់​ថា​ឲ្យ​លុយ​ជំនាញ​ ការ​ពិត​ម្នាក់​មិន​ទាន់​ឲ្យ​ទេ​គ្រប់​ៗ​ឲ្យ​តែ​អាគារ​ក្រោយ​តែ​នៅ​ចំពោះ​ពួក​ខ្ញុំ​អាគារ​មុខ​នៅ​ពុំ​ទាន់​បាន​លុយ​ជំនាញ​ទេ​។ លុយ​ជំនាញ​ទាមទារ​តែ​ម្នាក់ ​១០​ដុល្លារ​ទេ​ ហ្នឹង​លុយ​ជំនាញ​លើ​ស្នាដៃ​យើង ​ដូច​ថា​ជំនាញ​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ ដូច​ថា​បាញ់​ដុំ​កង់​អ៊ីចឹងង ហើយ​ក្រុមហ៊ុន​យល់​ព្រម​ហើយ​ថ្ងៃ​ហ្នឹង​អត់​បើក​​ខ្លោង​ទ្វា​ឲ្យ​ពួក​ខ្ញុំ​ចូល​ចរចា​ទេ »​

​រីឯ​កម្មករ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត​ ឲ្យ​ដឹង​ថា​ ភាគី​ក្រុម​ហ៊ុន​​រឹង​រូស​ពុំ​ព្រម​ឲ្យ​តំណាង​សហជីព​ចូល​រួម​ដោះ​ស្រាយ​ជាមួយ​ក្រុម​កម្មករ​ឡើយ​។ លោក​ថា ​ឲ្យ​សហជីព​ចូលរួម​ចរចា​រក​ដំណោះ​ស្រាយ​ ដើម្បី​ជៀសវាង​កុំឲ្យ​ភាគី​ក្រុម​ហ៊ុន​ ប្រែក្រឡាស់​ពាក្យ​សម្ដី ​និង​ធ្វើ​ការគាប​សង្កត់​មក​លើ​កម្មករ​ទៀត​ « ក្រុមហ៊ុន​ បើ​សិន​ក្រុម​ហ៊ុន​គាត់​មិន​ឲ្យ​សហជីព​ដោះស្រាយ​ ហើយ​ស្អែក​នេះ​បើក​មីក្រូ​ ក៏​កម្មករ​គេ​អត់​ចូល​ដែរ​។ ពីព្រោះ​វា​អត់​មាន​ព្រមព្រៀង​ជា​មួយ​សហជីព ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ អ៊ីចឹង​ពួក​កម្មករ​ក៏​គាត់​មិន​ចូល​ដែរ​ ពីព្រោះ​គាត់​លែង​ចាញ់​បោក​ក្រុម​ហ៊ុន​ហើយ​។ កន្លង​មក​ក្រុម​ហ៊ុន​គាត់​តែង​តែ​ប្រកាស​ប្រកូក​ថា​ ដោះ​ស្រាយៗ​ ដល់​ពេល​ចូល​មក​វិញ​ គឺ​នៅ​តែ​ដដែល »

វិទ្យុ​អាស៊ី​សេរី​ ពុំ​ទាន់​អាច​រក​ប្រភព​ទាក់ទង​ភាគី​ក្រុម​ហ៊ុន​ ឲ្យ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១២​​ វិច្ឆិកា​។

ប៉ុន្តែ​អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង​ លោក​ អ៊ូ សុខឿន​ បញ្ជាក់​ថា​ កម្មករ​​ធ្វើ​កូដកម្ម​ដាក់​សំណើ​ទាមទារ​ទៅ​​​ឲ្យ​ភាគី​ក្រុម​ហ៊ុន​ ហាក់​ខ្ពស់​បន្តិច​ ដែល​ជាហេតុធ្វើ​ឲ្យ​ភាគី​ក្រុម​ហ៊ុន​រឹង​រូស​ពុំ​​ព្រម​ចូល​ចរចា​រក​ដំណោះ​ស្រាយ​ជាមួយ​កម្មករ​ « ក្រុមហ៊ុន​គាត់​លើក​គាត់​ម្យ៉ាង​ដែរ​ គាត់​ថា​អ្នក​ដែល​ដឹក​នាំ​ធ្វើ​កូដកម្ម​ហ្នឹង​គួរ​តែ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ថា​ អ្វី​ដែល​យើង​សំណូមពរ​ទៅ​ គេ​ត្រូវ​គិត​អំពី​លទ្ធភាព​របស់​គេ​គួរ​ ដែល​គេ​ឲ្យ​ឬ​មិន​ឲ្យ​នៅ​សំណូម​ពរ​របស់​យើង​ហ្នឹង​ភាព​សមស្រប​។ បើសិន​យើង​ធ្វើ​កូដកម្ម​ទាម​ទារ​ដែល​វា​លើស​ពី​លទ្ធភាព​ដែល​ក្រុម​ហ៊ុន​មិន​ឲ្យ​ទេ​ វា​នាំ​ឲ្យ​ខាត​ប្រយោជន៍​ទាំង​អស់​គ្នា »

​​​រោងចក្រ​ផលិត​កង់​ បេស​វ៉េ បាន​បើ​កដំណើរ​ការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេនហាតធេន ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ចាប់​ពី​ឆ្នាំ​២០០៦​ រហូត​មក​។ បច្ចុប្បន្ន​រោង​ចក្រ​មួយ​នេះ​ មាន​កម្មករ​បម្រើការ​ប្រមាណ​ជាង​ ១ពាន់​នាក់​។ កម្មករ​ឲ្យ​ដឹង​ថា រោង​ចក្រ​នេះ​ អាច​ផលិត​កង់​បាន​ក្នុង​មួយថ្ងៃ​​ប្រមាណ ​២ពាន់​គ្រឿង​ ហើយ​ទី​ផ្សា​រនាំ​ចេញ​កង់​ទាំងនោះ​គឺ​នៅ​សហគមន៍​អឺរ៉ុប។​ ក្រុម​កម្មករ​បន្ត​ថា​ តម្លៃ​កង់​នាំ​ចេញ​មួយ​គ្រឿង​ ចន្លោះ​ពី​ ៨០០ ​ទៅ ​១.២០០​​ដុល្លារអាមេរិក​។ ចំពោះ​ប្រាក់​ខែ​គោល​របស់​កម្មករ​ ដែល​ទទួល​បាន​ពី​​ក្រុម​ហ៊ុន​នេះ​ គឺ​ចំនួន​ ៨១​ដុល្លារ​ ក្នុង​មួយ​ខែ​ និង​ប្រាក់​ម៉ោង ​១ពាន់​រៀល​ក្នុង​មួយ​ម៉ោង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕