កម្មកររោងចក្រតម្បាញនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ប្រមាណ ៥០០នាក់ក្នុងចំណោមកម្មករសរុបជាង ៩០០នាក់ នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២១អា ពេញមួយថ្ងៃ នៅថ្ងៃទី១៩ កញ្ញា។ ផ្លូវជាតិលេខ២១អា តភ្ជាប់ក្រុងតាខ្មៅ ឆ្ពោះទៅស្រុកកោះធំ ជាប់ព្រំដែនវៀតណាម។
ចាប់តាំងពីព្រឹកព្រលឹម កម្មករនៃរោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ (Great Honor Textile Factory) បានបិទផ្លូវជាតិលេខ២១អា នៅខាងមុខរោងចក្ររបស់ខ្លួន នៅចំណុចភូមិលេខ៤ ក្នុងឃុំស្វាយរលំ ខេត្តកណ្ដាល មិនអាចឲ្យអ្នកធ្វើដំណើរឆ្លងកាត់ទៅមកបានឡើយ។
ក្រុមកម្មករថ្លែងថា មូលហេតុដែលនាំឲ្យពួកគាត់សម្រេចនាំគ្នាតវ៉ាបិទផ្លូវនេះ ក៏ព្រោះពួកគាត់មិនបានទទួលដំណោះស្រាយប្រាក់ឈ្នួលរបស់ពួកគាត់អស់រយៈពេល ៣ខែហើយ បន្ទាប់ពីថៅកែរោងចក្រនេះរត់ចោល។
កាលពីថ្ងៃទី១១ សីហា គណៈកម្មការចម្រុះរបស់រដ្ឋាភិបាល បានធ្វើអន្តរាគមន៍ម្ដងហើយដោយចុះត្រួតពិនិត្យអីវ៉ាន់សេសសល់នៅក្នុងរោងចក្រ និងរឹបអូសដើម្បីលក់ឡាយឡុងសម្រាប់ទូទាត់ប្រាក់ឈ្នួលឲ្យកម្មករទាំងនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ឋិតនៅក្រោមដីការក្សាការពារដោយតុលាការនៅឡើយ។
កម្មការិនីម្នាក់ដែលធ្វើការនៅរោងចក្រនេះ ១៦ឆ្នាំមកហើយ គឺលោកស្រី សែន សុខេន ថ្លែងថា ពួកគាត់កំពុងជួបការលំបាកខ្លាំង ព្រោះគាត់មិនមានលុយបង់ថ្លៃផ្ទះជួល និងថ្លៃចាយវាយប្រចាំថ្ងៃក្នុងអំឡុងពេលដំណោះស្រាយនេះ៖ « ផ្ទះជួល គេលែងចង់ជួល ឲ្ យហើយ ព្រោះអីទឹកភ្លើងគេចេញលុយ។ អ៊ីចឹងគេឲ្យយើងចេញលុយ ដល់ពេលយើងអត់ចេញលុយអ៊ីចឹង គេអត់ចង់ឲ្យនៅទេ ហើយគេឲ្យស្បថ។ បើយើងអត់លុយ ២០ដុល្លារឲ្យថ្លៃផ្ទះគេ គេឲ្យយើងស្បថស្លាប់ចោលកូនចៅ។ ទីមួយ បើយើងនៅធ្វើការ យើងអាចជឿគេហូបបាន ដល់ពេលឥឡូវយើងអត់ការងារធ្វើបីបួនខែអ៊ីចឹង យើងអត់មានជឿអីគេហូបបានទេ។ អត់ថ្លៃផ្ទះគេ ៣ខែទាំងខែហ្នឹង។ ការហូបចុកចេះតែហូបទៅ ពងទាមួយគ្រាប់ស្ងោដាក់ទឹកអំបិលសៀងអី ចេះតែហូបទៅ » ។
នៅរសៀលថ្ងៃទី១៩ ដដែល អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយនៃគណៈកម្មការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ូ រតនា បានមកជួបចរចាសុំឲ្យក្រុមកម្មករបើកផ្លូវជាមុនសិន ហើយរង់ចាំថ្ងៃកំណត់ដោះស្រាយនៅថ្ងៃទី២៤ កញ្ញា៖ « រោងចក្រវាមានកូដកម្មយូរមែន ប៉ុន្តែបន្ទាប់ពីថ្ងៃ២៣ ខែ៨ យើងបានចេញដីការឹបអូស យើងឃុំទ្រព្យសម្បត្តិទាំងអស់ ហើយនីតិវិធីរបស់តុលាការ គឺយើងទុករយៈពេលមួយខែ។ អ៊ីចឹងដល់ថ្ងៃ២៣ ខែ៩ បើសិនជាអត់មានភាគីណាចូលមកដើម្បីដោះស្រាយជាមួយកម្មករនិយោជិត ទើបតុលាការមានសិទ្ធិប្រកាសឲ្យលក់ឡាយឡុងទ្រព្យសម្បត្តិ ដើម្បីទូទាត់ជូនកម្មករនិយោជិត។ អ៊ីចឹងថ្ងៃវាអត់ទាន់ដល់។ យើងទើបតែថ្ងៃទី១៩ ទេ។ ពួកខ្ញុំមកបិទដីកានេះថ្ងៃ២៤ ខែ៨។ អ៊ីចឹងយើងចាំដល់ថ្ងៃ២៤ ខែ៩។ ឥឡូវនេះ គណៈកម្មការចម្រុះជាមួយមេធាវីតំណាងឲ្យកម្មករនិយោជិត ក៏បានធ្វើពាក្យស្នើសុំតុលាការ ដើម្បីឲ្យគាត់ប្រកាសលក់ឡាយឡុងដែរ។ យើងបានធ្វើហើយ។ អ៊ីចឹងយើងរង់ចាំនីតិវិធីរបស់តុលាការ » ។
លោកបញ្ជាក់បន្ថែមថា នៅថ្ងៃទី២០ កញ្ញា គណៈកម្មការចម្រុះទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួង នឹងមកជួបដោះស្រាយជាមួយកម្មករនៅរោងចក្រនេះទៀត។
ទោះបីជាមានការសន្យាបែបនេះក្ដី ក្រុមកម្មករនៅតែមិនទាន់អស់ចិត្ត ព្រោះពួកគាត់បានទទួលការសន្យាដូចគ្នានេះច្រើនសាមកហើយ នៅតែមិនមានដំណោះស្រាយ។ និយោជិតជាអ្នកបកប្រែភាសាចិន ផ្នែកផុងនៃរោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ លោក អ៊ឹង សុខា មានប្រសាសន៍ថា លោក និងកម្មករនៅតែរក្សាជំហរដដែល៖ « ការឆ្លើយតបនេះ ពួកខ្ញុំកម្មករនៅតែរង់ចាំបិទផ្លូវហ្នឹងរហូតដល់ពេលគាត់មកនៅថ្ងៃ២៣ មានដំណោះស្រាយយ៉ាងម៉េច ខ្ញុំនឹងបើកផ្លូវឡើងវិញ តែបើថ្ងៃ២៣ អត់មានដំណោះស្រាយទៀតទេ នៅតែនិយាយឡេមឡំៗទៀត ខ្ញុំនៅតែបិទផ្លូវទៀត។ ពេលដែលគណៈកម្មការមក ពួកខ្ញុំនៅតែបិទផ្លូវអ៊ីចឹង។ ប៉ុន្តែផ្លូវបើពួកគាត់ចង់មើលអីវ៉ាន់ ខ្ញុំបើកឲ្យមើលអីវ៉ាន់ តែពួកខ្ញុំនៅតែបិទផ្លូវ។ បើសិនជាបានលទ្ធផលហើយ ខ្ញុំនឹងបើកផ្លូវឡើងវិញ » ។
ក៏ប៉ុន្តែ ពួកគាត់បានរំសាយគ្នាវិញនៅម៉ោងជិត ៦ល្ងាច ហើយនឹងបិទផ្លូវជាថ្មីទៀតនៅព្រឹកថ្ងៃទី២០ កញ្ញា។
កម្មករនៃរោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ (Great Honor Textile Factory) ចាប់ផ្ដើមមានបញ្ហាការងារធ្វើមិនគ្រប់គ្រាន់ កាលពីជាង ១០ខែមុន ហើយកម្មករទទួលបានប្រាក់ឈ្នួល ៥០%។ ប៉ុន្តែក្នុងរយៈពេល ២-៣ខែចុងក្រោយ ពួកគាត់មិនបានបើកប្រាក់ឈ្នួលទេ ដោយសារថៅកែរោងចក្ររត់ចោល។
រោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ ជារោងចក្រផលិតសម្លៀកបំពាក់តម្បាញ ដែលមានកម្មករសរុបជាង ៩០០នាក់។ ប្រធានមន្ទីរការងារខេត្តកណ្ដាល លោក ថុល នាង ថ្លែងថា បញ្ហាកម្មករពេលនេះ គឺនៅក្នុងសមត្ថកិច្ចតុលាការ។ ដូច្នេះ លោកក៏រង់ចាំការសម្រេចរបស់តុលាការដែរ៕
វីដេអូ៖ កម្មកររោងចក្រហ្គ្រេតអននើរខេត្តកណ្ដាលដែលថៅកែរត់ចោលតវ៉ាបិទផ្លូវលេខ២១អា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
