ក្រុមកម្មករថ្លែងស្រដៀងគ្នាថា ពួកគេពុំទាន់វិលត្រឡប់ទៅធ្វើការនៅរាជធានីភ្នំពេញ នេះ គឺដើម្បីបញ្ចៀសបញ្ហា និងរក្សាសុវត្ថិភាពរបស់ខ្លួនឲ្យផុតពីការគំរាមកំហែង និងខ្លាចកើតមានការប្រើអំពើហិង្សាណាមួយរបស់ក្រុមអាជ្ញាធរនោះមកលើកម្មករ។
ក្រុមកម្មករ-កម្មការិនីមកពីស្រុកស៊ីធរកណ្ដាល និងស្រុកស្វាយអន្ទរ ថ្លែងនៅថ្ងៃទី៦ មករា ថា មូលហេតុដែលពួកគេសម្រេចចិត្តវិលត្រឡប់មកផ្ទះមួយរយៈ ដោយសារឃើញសកម្មភាពបង្ក្រាបបាតុកររបស់ក្រុមអាជ្ញាធរកន្លងមក មានលក្ខណៈព្រៃផ្សៃ ដែលបង្កឲ្យមានកម្មករស្លាប់និងរងរបួសជាច្រើននាក់ ដោយគ្រាន់តែក្រុមកម្មករកាន់ដំបងឈរស្រែកតវ៉ាទាមទារដំឡើងប្រាក់ខែរបស់ខ្លួនដើម្បីឲ្យបានរស់សមរម្យនោះ។
ក្រុមកម្មករបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមអាជ្ញាធរមិនប្រើអំពើហិង្សាបាញ់រះ និងវាយសំពងដោយដំបងមកលើក្រុមកម្មករនោះទេ ការស្លាប់និងរងរបួសរបស់កម្មករជាច្រើននាក់នឹងមិនកើតមាននោះឡើយ៖« ខ្ញុំឃើញស្លុតពេក កាចសាហាវមែនទែនតែម្ដង ខ្ញុំមិនដែលជួបប្រទះ ដល់ពេលខ្ញុំឃើញអ៊ីចឹង ខ្ញុំបាក់... បើក្នុងរឿងអ៊ីចឹង សម្លាប់មនុស្សដូចគ្មានញញើតដៃ។ អារកឡើងឈាមទាំងថ្លុក ហើយបាញ់វាយកម្មករហ្នឹងគ្មានប្រណីទេ ដេញវាយដល់ក្នុងបន្ទប់ សូម្បីតែខ្ញុំអើតមើល គេថាអ្ងែងហ៊ានមើលស្អី ប្រយ័ត្នអញបាញ់បែកក្បាល។ ស្រាប់តែមកដល់ គេអត់មានដូចថា មកសួរខុសត្រូវអំពីការធ្វើបាតុកម្មហ្នឹងមកពីអីៗទេ គឺទាហានមកដល់គេបានបង្ក្រាបកម្មករតែម្ដង។ ណាមួយ គឺអ្នកផ្ទះហ្នឹង ព្រួយបារម្ភខ្លាំង គាត់ខលឲ្យខ្ញុំហ្នឹងត្រឡប់មកផ្ទះវិញ។ គាត់ខ្លាចមានបញ្ហាអីកើតឡើងទៅ កុំឲ្យមានគ្រោះថ្នាក់អីអ៊ីចឹង » ។

រីឯកម្មការិនីម្នាក់ទៀតឈ្មោះ ហន ចាន់ធីម រស់នៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ថ្លែងបញ្ជាក់ថា អ្នកស្រីនិងក្រុមកម្មករធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ជាច្រើននាក់ទៀត បានវិលត្រឡប់មកផ្ទះ ដើម្បីរក្សាសុវត្ថិភាពរៀងៗខ្លួន។ អ្នកស្រីបញ្ជាក់បន្ថែមថា អ្នកស្រីក៏ដូចជាក្រុមកម្មករដែលវិលត្រឡប់មកផ្ទះដទៃទៀតដែរ គឺម្នាក់ៗមិនសោកស្ដាយខ្លាចបាត់បង់ការងាររបស់ខ្លួននោះទេ។
អ្នកស្រីថា ប្រាក់ខែរបស់កម្មកររោងចក្រនៅស្រុកខ្មែរសព្វថ្ងៃ មិនអាចយកមកដោះស្រាយជីវភាពរបស់ខ្លួនឲ្យសមស្របទៅតាមតម្លៃទំនិញទីផ្សារ ដែលខ្ពស់កប់ពពកនោះឡើយ៖« ព្រោះអីប្រាក់ខែថោកពេក អ៊ីចឹងទៅ បើមិនធ្វើការក៏បានដែរ ព្រោះអីធ្វើការឲ្យតែគេហ្នឹង ថ្លៃផ្ទះទៅ ហូបចុកទៅ គ្មានសល់ប៉ុន្មានផងហ្នឹង។ ហើយអីវ៉ាន់ឡើងថ្លៃទាំងអស់ ត្អូញត្អែរអ៊ីចឹង បើបានឡើងប្រាក់ខែបន្តិចទៅ ដូចថាយើងអាចផ្គត់ផ្គង់ជីវភាពអីបាន។ មកទាំងអស់គ្នាបង! ហើយអ្នកស្រុកអ្នកភូមិហ្នឹងច្រើនដែរ មើលទៅតែនៅផ្ទះឆ្ងាយៗពីគ្នា » ។
តែយ៉ាងណា ក្រុមកម្មករឲ្យដឹងថា បើទោះណាជាមានការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់អាជ្ញាធរកងប្រដាប់អាវុធ និងយោធាមកលើកម្មករនៅរាជធានីភ្នំពេញ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួសជាច្រើននាក់ក៏ដោយ បើសិនជាពួកគេមកធ្វើការវិញ ពួកគេមិនបោះបង់គោលជំហរការទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លាររបស់ខ្លួននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
