អតីតកម្មកររោងចក្រ ហ៊ុយ ចៀន (Huey Chuen) និងកម្មកររោងចក្រ ចៀនឡឹ (Jian Le) នៅថ្ងៃទី២០ ខែកញ្ញា បាននាំគ្នាចូលបើកប្រាក់ខែ ៥០% មុន សម្រាប់ទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត។
នៅពេលចូលបើកប្រាក់ខែមុននេះ ពួកគាត់បានឃើញខាងរោងចក្របិទប្រកាសដីការក្សាការពារនៅខាងមុខរោងចក្រ ឲ្យពួកគាត់ចូលធ្វើការធម្មតាវិញ មុននឹងឈានទៅដល់ការដោះស្រាយបញ្ហាដែលកម្មករបានទាមទារ ឲ្យថៅកែផ្ដល់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍នានា នៅពេលប្ដូរឈ្មោះរោងចក្រនោះ។
អតីតកម្មកររោងចក្រ ហ៊ុយ ចៀន (Huey Chuen) និងកម្មកររោងចក្រ ចៀនឡឹ (Jian Le) បានច្រានចោលដីការក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ ដែលដាក់កំណត់ឲ្យពួកគាត់ចូលធ្វើការវិញឲ្យបានមុន ៤៨ម៉ោង ដោយសំអាងថា ភាគីរោងចក្របានបិទប្រកាសដីកានោះយឺតយ៉ាវ។
តំណាងអតីតកម្មកររោងចក្រ ហ៊ុយ ចៀន កញ្ញា ឡុង បញ្ញា ថ្លែងនៅថ្ងៃទី២០ កញ្ញា ថា ពួកគាត់បានឃើញដីការក្សាការពាររបស់តុលាការក្រុង ដែលចេញនៅថ្ងៃទី១៩ ហើយបានបិទប្រកាសនៅថ្ងៃទី២០ កញ្ញា តម្រូវឲ្យពួកគាត់ចូលធ្វើការវិញក្នុងរយៈពេល ៤៨ម៉ោង គឺពីរថ្ងៃបន្ទាប់ពីធ្វើកូដកម្ម។ ប៉ុន្តែដីកានេះ បានបិទហួសពេលទៅហើយ នៅពេលដែលកម្មករសុំបើកប្រាក់ខែមុន ដើម្បីធ្វើដំណើរទៅស្រុកកំណើតចូលរួមពិធីបុណ្យភ្ជុំ៖ «ទាល់តែប្រជុំសួរមតិកម្មករ កម្មករភាគច្រើនគេថាគេមិនចូលហ្មងណា។ កម្មករ ១០០% នៅក្រៅទាំងអស់ ដីកា ៤៨ម៉ោង គេទើបតែចេញថ្ងៃហ្នឹង ឥឡូវអំឡុងពេលគេឲ្យយើងឈប់ហើយហ្នឹង។ ពួកខ្ញុំទាមទារនូវអ្វីដែលត្រឹមត្រូវ ព្រោះអីពួកខ្ញុំធ្វើកូដកម្មអត់មានខាងក្រុមហ៊ុនដោះស្រាយឲ្យពួកខ្ញុំសោះ ប៉ុន្មានថ្ងៃហ្នឹង គឺទទេតែម្ដង។ ប្រហែលជាគេយកលុយទៅទិញដីកាហ្នឹងផងក៏មិនដឹង ធ្វើឲ្យកម្មករពួកខ្ញុំអស់ជំនឿចិត្តជឿទៅខាងច្បាប់ហ្មង ពីព្រោះពួកខ្ញុំឡើងទៅក្រសួងប៉ុន្មានដងហើយ»។
កាលពីព្រឹកថ្ងៃទី១៨ កញ្ញា កម្មករប្រមាណ ៥០០នាក់ បានធ្វើកូដកម្មតវ៉ាដោយលើកបដានៅមុខក្រសួងការងារ ទាមទារឲ្យថៅកែផ្ដល់ប្រាក់អតីតភាព និងប្រាក់អត្ថប្រយោជន៍មួយចំនួន នៅពេលដែលរោងចក្រនោះបានប្ដូរឈ្មោះ ដោយសរសេរពាក្យថា ប្ដូរឈ្មោះរោងចក្រ ស្មើនឹងបិទរោងចក្រ ត្រូវគិតលុយ។ កម្មករទាំងពីររោងចក្រនេះ បន្តធ្វើកូដកម្មបន្ទាប់ពីទទួលដំណឹងថា រោងចក្រ ហ៊ុយ ចៀន បានប្ដូរឈ្មោះទៅជារោងចក្រ ចៀន ឡឹ ដោយខាងក្រុមហ៊ុនមិនបានផ្ដល់ប្រាក់សំណងតាមច្បាប់ដល់កម្មករជាង ១ពាន់នាក់ដែលកំពុងធ្វើការ។
នៅក្នុងការតវ៉ានោះ ក្រសួងការងារ នៅមិនទាន់អាចដោះស្រាយវិវាទតាមសំណើសុំរបស់អតីតកម្មករនោះទេ គឺបានសន្យាថានឹងព្យាយាមដាក់លិខិតអញ្ជើញតំណាងក្រុមហ៊ុន មកចរចានៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួច។
ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) លោក ហ្វា ហ្សាលី បានហៅការចេញដីការក្សាការពាររបស់តុលាការនៅពេលនេះ ថាមានភាពមិនប្រក្រតី។ ការចេញដីកានៅពេលនេះ ដើម្បីជាការគំរាមកំហែងឲ្យកម្មករចូលធ្វើការវិញ និងបញ្ឈប់ការតវ៉ាទាមទារតែប៉ុណ្ណោះ៖ «សម្រាប់ខ្ញុំក៏ខ្ញុំដឹងដែរ ព្រោះមានមិត្តភ័ក្ដិមួយចំនួនដែលគេធ្លាប់ថា ដីកាហ្នឹងគេអាចទិញពីតុលាការបានអស់តែ ៤០០-៥០០ដុល្លារចឹងទៅ អាចទិញដីការក្សាការពារដើម្បីគំរាមកម្មករនិយោជិក ឲ្យគាត់ត្រឡប់ចូលធ្វើការតាមក្រុមតាមកន្លែងរៀងៗខ្លួនរបស់គាត់។ នៅក្នុងហ្នឹងមានតែសម្រេចបង្គាប់ ហាមឃាត់រាល់ការគំរាមកំហែង បិទផ្លូវសាធារណៈផ្សេងៗហ្នឹង។ តុលាការមិនគួរចេញដីការក្សាការពារអីទេ វាគួរតែមុននឹងចេញដីការក្សាការពារ វាគួរតែមានការចុះស៊ើបអង្កេតឲ្យច្បាស់លាស់មុនសិន ព្រោះកម្មករគាត់កូដកម្មអហិង្សា ហើយក៏គ្មាននរណាឈររារាំងមិនឲ្យកម្មករចូលធ្វើការដែរ ហើយក៏គ្មានការបិទផ្លូវបិទអីដែរ យើងធ្វើដោយសន្តិវិធីទាំងអស់»។
រោងចក្រទាំងពីរនេះ គឺរោងចក្រ ហ៊ុយ ចៀន និងរោងចក្រ ចៀនឡឹ (Jian Le) មានថៅកែតែមួយ មានទីតាំងជាប់គ្នា ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផលិតសម្លៀកបំពាក់ម៉ាកល្បីឈ្មោះ ពូម៉ា (PUMA)។ ថៅកែក្រុមហ៊ុន បានច្របាច់រោងចក្រទាំងពីរនេះឲ្យក្លាយជារោងចក្រតែមួយ កាលពីខែសីហា ដោយប្ដូរឈ្មោះរោងចក្រ ហ៊ុយ ចៀន ទៅជារោងចក្រ ចៀន ឡឹ។
ក្រៅពីទាមទារប្រាក់អតីតភាព និងអត្ថប្រយោជន៍ផ្សេងៗ កម្មកររោងចក្រទាំងពីរនេះក៏បានទាមទារឲ្យក្រុមហ៊ុន អនុវត្តផ្ដល់ប្រាក់ខែគោល ១៧៧ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
