កម្មករធ្វើការផ្នែកលាយកំបោរ និងបូកជញ្ជាំងនៅក្រុមហ៊ុនចិន សាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្នើឱ្យអ្នកទទួលខុសត្រូវម៉ៅការសំណង់ ជួយសម្រួលបើកប្រាក់ខែរបស់ពួកគាត់ឱ្យបានទាន់ពេល ព្រោះអីពួកគាត់ត្រូវការប្រាក់ដើម្បីធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើត នាពេលខាងមុខ។
កម្មករទាំងនោះបានត្អូញត្អែរថា ការរស់នៅប្រចាំថ្ងៃរបស់គាត់ពឹងផ្អែកទាំងស្រុងទៅលើប្រាក់ខែដែលបានពីការធ្វើជាងសំណង់នេះ ហើយប្រសិនណាបើខាងក្រុមហ៊ុនមិនបានបើកប្រាក់ឱ្យបានមុនទេ ពួកគាត់គ្មានសោហ៊ុយគ្រប់គ្រាន់ទៅបោះឆ្នោតនោះទេ។
ពួកគាត់ទាំងនោះនិយាយថា ការបោះឆ្នោតអាចជួយអភិវឌ្ឍប្រទេសជាតិបាន ហើយគាត់មិនអាចខកខាននោះទេ ព្រោះសន្លឹកឆ្នោតរបស់គាត់មួយសន្លឹកអាចជួយជ្រើសរើសមេដឹកនាំម្នាក់ដែលពួកគាត់ស្រឡាញ់ពេញចិត្តបាន។ កម្មករទាំងនោះបន្តថា ប្រសិនបើគាត់មិនបានទៅបោះឆ្នោតវិញនោះ វាជារឿងគួរឱ្យសោកស្ដាយ ដោយត្រូវរង់ចាំរយៈពេលប្រាំឆ្នាំទៀត៖ «ចង់ឱ្យគាត់បើកលុយមុនបោះឆ្នោត នឹងអាងឱ្យខ្ញុំបានទៅបោះឆ្នោត។ សំខាន់ការបោះឆ្នោត សន្លឹកឆ្នោតសំខាន់ ព្រោះវាថាវាជួយប្រជាជនឱ្យបាននៅសុខសប្បាយតទៅមុខទៀត។ ចង់ទៅបោះឆ្នោតទាំងអស់គ្នា ព្រោះថា ចង់ឱ្យសង្គមបានរីកចម្រើនដល់អ្នកក្រីក្រ»។
កម្មករទាំងនោះបានស្នើឡើងថា សូមឱ្យក្រុមហ៊ុនបើកប្រាក់ខែដែលពួកគាត់បានបំពេញការងារក្នុងខែមិថុនា និងកក្កដា យ៉ាងហោចណាស់បាននៅថ្ងៃទី២៥ កក្កដា ព្រោះងាយស្រួលមានពេលវេលាគ្រប់គ្រាន់ជិះឡានទៅស្រុក។
ឆ្លើយតបនឹងការស្នើសុំរបស់កម្មករខាងលើ មេការម្នាក់ដែលទទួលខុសត្រូវកម្មករប្រហែល ២០នាក់ លោក ហុក ឡាយ បានយល់ស្របនឹងសំណូមពររបស់កម្មករ ដោយលោកនិយាយថា ខាងលោកក៏ដឹងដែរ ការបោះឆ្នោតវាមានអត្ថន័យយ៉ាងណាចំពោះប្រជាពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែ លោកបានមានប្រសាសន៍ថា ការដែលសំខាន់មិនមែនស្ថិតលើលោកជាអ្នកសម្រេចនោះទេ ព្រោះប្រាក់ដែលត្រូវបើកឱ្យកម្មករ ត្រូវរង់ចាំពីខាងអ្នកគ្រប់គ្រងជនជាតិបរទេស។ ប្រសិនបើភាគីថៅកែចិន បើកឱ្យគាត់បានលឿន នោះលោកនឹងលៃលកប្រាក់ឱ្យកម្មករបានលឿនដែរ៖ «ខ្ញុំពឹងលើចិន ព្រោះអីប្រាក់ខែត្រូវបើកពីចិន។ បើចិន គេបើកឱ្យ ទើបខ្ញុំមានបើកឱ្យចិន ដែរ ហើយឥឡូវហ្នឹងវាអត់ទាន់កំណត់ទេ ថានៅថ្ងៃទី២៥ ចិន គេបើកឱ្យឬយ៉ាងម៉េច។ ខ្ញុំរង់ចាំមើលដែរហ្នឹង។ បើគេបើកឱ្យ ខ្ញុំបើកឱ្យកម្មករទៅស្រុកទៅអីដែរ ខ្ញុំទុកធ្វើអី»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនសាងសង់រោងចក្រអគ្គិសនី ដើម្បីសុំការបំភ្លឺបន្ថែមជំរុញបញ្ហានេះបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
