ក្រុមកម្មករនៅក្នុងគម្រោងជួសជុលប្រាសាទតាព្រហ្ម នៅខេត្តសៀមរាប នាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារប្រសើរពីម្ចាស់គម្រោង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា។ ម្ចាស់គម្រោងបញ្ជាក់ថា នឹងដោះស្រាយតាមច្បាប់កម្ពុជា។
កម្មករជួសជុលប្រាសាទតាព្រហ្ម ចំនួនជាង ៩០នាក់ នាំគ្នាធ្វើកូដកម្មនៅថ្ងៃទី៣ កក្កដា ដោយទាមទារលក្ខខណ្ឌការងារមួយចំនួន។ លក្ខខណ្ឌចម្បងរបស់កម្មករ គឺទាមទារឱ្យគម្រោងទទួលយកកម្មករចំនួន ៣១នាក់ ដែលគម្រោងបញ្ឈប់កាលពីចុងឆ្នាំ២០១២ ឱ្យចូលធ្វើការវិញ។
អគ្គលេខាធិការរងនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា នៅខេត្តសៀមរាប មួយរូប គឺលោក ផាត ភត ថ្លែងថា ក្នុងចំណោមអ្នកទាំង ៣១នាក់នោះ គឺមានថ្នាក់ដឹកនាំសហជីព ៣នាក់ ហើយអ្នកផ្សេងទៀតជាសកម្មជន៖ «ខាងគម្រោងគាត់បានបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីព ៣១នាក់។ អ៊ីចឹងបានតវ៉ាប្ដឹងទៅអាជ្ញាកណ្ដាល អាជ្ញាកណ្ដាលបានកាត់ឱ្យយកថ្នាក់ដឹកនាំ និងសកម្មជន ៣១ ហ្នឹងចូលធ្វើការវិញ។ ប៉ុន្តែ ខាងគម្រោងហ្នឹង គាត់អត់ព្រមទទួលទេ។ ដល់មកដល់ថ្ងៃហ្នឹង ខាងសមាជិកសហជីពបានសម្រេចចិត្តបោះឆ្នោតធ្វើកូដកម្មនៅថ្ងៃហ្នឹង»។
លោក ផាត ភត បញ្ជាក់បន្ថែមថា ភាគីកម្មករទាមទារលក្ខខណ្ឌមាន ៣ចំណុច៖ «ទាមទារទៅតាមអ្វីដែលអាជ្ញាកណ្ដាលបានកាត់ គឺថ្នាក់ដឹកនាំ និងសកម្មជន ៣១នាក់ចូលធ្វើការវិញ ហើយគិតប្រាក់រំឭកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ។ ទីពីរ ស្ត្រីដែលមានផ្ទៃពោះ គឺសម្រាកលំហែមាតុភាព ៩០ថ្ងៃ ដោយមានប្រាក់ពាក់កណ្ដាលនៃប្រាក់ឈ្នួលរបស់គាត់ប្រចាំខែហ្នឹង ហើយទីបី គឺឱ្យនិយោជកហ្នឹងចរចាអនុសញ្ញារួមជាមួយសហជីព»។
ប្រធានការដ្ឋាន និងជាបុគ្គលិកផ្នែកបុរាណវិទ្យារបស់ឥណ្ឌា ហៅកាត់ជាភាសាអង់គ្លេសថា អេ.អែស.អាយ (ASI = Archeology Service of India) គឺលោក ចាន់ ឡាយ ឱ្យដឹងថា ខាងគម្រោង និងមន្ត្រីមន្ទីរការងារខេត្តសៀមរាប បានជួបប្រជុំដោះស្រាយបញ្ហានេះនៅព្រឹកថ្ងៃទី៣ កក្កដា ហើយលក្ខខណ្ឌរបស់កម្មករដែលដាក់មក គម្រោងនឹងបញ្ជូនទៅស្ថានទូតឥណ្ឌា។ លោកបញ្ជាក់ទៀតថា បញ្ហាកម្មករ ៣១នាក់ ដែលបានបញ្ឈប់នោះ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាលឱ្យអនុវត្តទៅតាមច្បាប់ ឬតុលាការ ប៉ុន្តែមិនបានតម្រូវឱ្យគម្រោងទទួលយកវិញទេ។
លោក ចាន់ ឡាយ៖ «ខាងគម្រោងហ្នឹងបានឱ្យក្រៅផ្លូវការ ព្រោះគាត់អត់មានសិទ្ធិអីសម្រេចទេ ហើយអត់មានជាលាយលក្ខណ៍អក្សរឱ្យទេ។ អ៊ីចឹងព្រឹកមិញហ្នឹង គាត់ថាសុំពេលប្រាំថ្ងៃទៀត គម្រោងហ្នឹងបង្ហាញថា ត្រូវបានបិទ។ អ៊ីចឹងគម្រោងហ្នឹងបង់ប្រាក់ទៅឱ្យគាត់ទាំងអស់គ្នាទៅតាមច្បាប់ការងារ។ ប្រាំថ្ងៃទៀតហ្នឹងមានឯកសារ តែអារឿងបង់ប្រាក់ មិនមែនប្រាំថ្ងៃទៀតទេ អាហ្នឹងរង់ចាំចម្លើយស្ថានទូត។ ដូចគ្នា ប្រាំថ្ងៃទៀតហ្នឹង គឺលាយលក្ខណ៍ជាអក្សរ គឺដូចជូនដំណឹងគាត់ថា បិទគម្រោង»។
ប្រធានគម្រោងជួសជុលប្រាសាទតាព្រហ្ម លោក ស៊ីង ស៊ូដ មានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទតាព្រហ្ម គឺមានការគ្រប់គ្រងរួមរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា។ លោកបញ្ជាក់បន្ថែមថា ការទាមទាររបស់ភាគីកម្មករ ដែលឱ្យទទួលយកអ្នកទាំង ៣១នាក់នោះ ខាងគម្រោងមិនអាចទទួលយកបានទេ ពីព្រោះការងារនៅទីនោះស្បើយ ហើយគម្រោងជួសជុលនៅប្រាសាទតាព្រហ្ម ក៏នឹងត្រូវចប់នៅពេលឆាប់ៗ ក្នុងឆ្នាំ២០១៤ នេះ។ លោកថា បញ្ហានៅពេលនេះ គឺខាងលោកនឹងអនុវត្តទៅតាមច្បាប់កម្ពុជា។
នៅល្ងាចថ្ងៃទី៣ កក្កដា អគ្គលេខាធិការរងនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា នៅខេត្តសៀមរាប មួយរូប គឺលោក ផាត ភត បង្ហាញជំហររបស់ភាគីកម្មករដែលអាចទទួលយកលទ្ធផលនៃកិច្ចប្រជុំរវាងមន្ត្រីគម្រោង និងមន្ត្រីមន្ទីរការងារ។ ក៏ប៉ុន្តែលោកថា បញ្ហានៅស្ទាក់ស្ទើរ គឺខាងគម្រោងមិនទាន់ចេញកិច្ចព្រមព្រៀងរួមជាមួយសហជីពកម្មករជាលាយលក្ខណ៍អក្សរ។ លោកថ្លែងថា កម្មករនៅបន្តកូដកម្មរហូតមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
