កម្មករ​២៧​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ

រថយន្ត​ដឹក​កម្មករ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​បន្ត​កន្ទុយ​គ្នា​ចំនួន ៣​គ្រឿង នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បណ្ដាល​ឲ្យ​កម្មករ​ជាច្រើន​នាក់​រង​របួស។ ប្រភព​ពី​សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​តៃកុង​ឡាន​ធ្វេស​ប្រហែស​ក្នុង​ការ​បើកបរ ទើប​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង។

0:00 / 0:00

កម្មករ ២៧​នាក់ ធ្វើ​ការ​នៅ​រោងចក្រ ៣​កន្លែង​ផ្សេង​គ្នា ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ខណៈ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ផ្ទះ​មក​កន្លែង​ធ្វើ​ការ។

ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ សាំង វ៉ូ (Sang Woo) លោក ស៊ុន ពិសី មាន​ប្រសាសន៍​ថា រថយន្ត​ទួរីស ៣​គ្រឿង ដែល​មាន​ដឹក​កម្មករ​ជិត ១០០​នាក់ បាន​បុក​បន្ត​កន្ទុយ​គ្នា​នៅ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ខាង​កើត​ស្ពាន​អូរក្រាំងអំបិល ក្នុង​ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​វេលា​ម៉ោង ៦ និង ៤០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

លោក​បន្ត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ផ្ដើម​ចេញ​ពី​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង ដែល​នាំ​មុខ​បាន​ឈប់​ភ្លាមៗ​ពេល​កំពុង​ធ្វើ​ដំណើរ ហើយ​រថយន្ត​ទី​២ ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ទី​១ ហើយ​ឡាន​ដឹក​កម្មករ ២​ទៀត ក៏​បាន​បុក​គ្នា​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​កម្មករ ២៧​នាក់ និង​តៃកុង​ឡាន​ម្នាក់​ទៀត រង​របួស។

លោក​បញ្ជាក់​ថា កម្មករ​ដែល​របួស​ទាំង​នោះ​មាន ២៣​នាក់ ធ្វើ​ការ​នៅ​រោងចក្រ សាំង វ៉ូ ៣​នាក់​នៅ​រោងចក្រ យូណាយធិត និង​ម្នាក់​នៅ​រោងចក្រ វេន ស៊ុន។ ក្នុង​ចំណោម​កម្មករ​រង​របួស​ទាំង​នោះ មាន​ម្នាក់​មាន​ផ្ទៃ​ពោះ ៤​ខែ ហើយ​គ្រូពេទ្យ​កំពុង​ពិនិត្យ​តាម​ដាន​ថា មាន​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬ​ទេ?៖ «ឡាន​ដឹក​កម្មករ​ខាង​មុខ​នោះ គាត់​បាន​ឃើញ​ឡាន​ខាង​មុខ​មួយ​ទៀត គាត់​បង្អង់​ល្បឿន អា​ទួរីស​ដឹក​កម្មករ​គាត់​ក៏​បន្ថយ​ល្បឿន​ដែរ តែ​ដោយ​ឡែក​អា​ឡាន​បន្ទាប់​មួយ​ទៀត អា​ឡាន​ដឹក​កម្មករ​ទី​២ ហ្នឹង គាត់​អត់​បន្ថយ​ល្បឿន​ទេ គឺ​គាត់​គេច​អត់​ទាន់ គាត់​បុក​ឡាន​ដឹក​កម្មករ​នៅ​ខាង​មុខ ហើយ​ឡាន​ក្រោយ​ក៏​បុក​បន្ត​គ្នា​ទៀត​ទៅ»

កម្មការិនី​រោងចក្រ សាំងវ៉ូ ម្នាក់ គឺ​លោក ម៉ន សុលីន បាន​រៀប​រាប់​ថា រថយន្ត​បាន​បុក​កម្មករ​បន្តបន្ទាប់ ធ្វើ​ឲ្យ​តៃកុង​ឡាន​សន្លប់ ហើយ​កម្មករ​ទង្គិច​ក្បាល​គ្នា ខ្លះ​ទង្គិច​នឹង​កញ្ចក់​ទ្វារ ហើយ​ខ្លះ​ទៀត ត្រូវ​បោក​ខ្ទប់​នឹង​កៅអី៖ «ឡាន​គេ​ឈប់​មុន​ឡាន​ខាង​មុខ រួច​បុក​រុញ​តៗ​គ្នា​ទៅ មាន​អ្នក​ខ្លះ​រលាត់​ក្បាល​ជង្គង់ ប៉ោង​ភ្នែក។ ខាង​ឡាន​ខ្ញុំ​នោះ របួស​រលាត់​ជើង​សង​ខាង ខ្លះ​ប៉ះ​ថ្ងាស​នឹង​កញ្ចក់​ឡាន ទង្គិច​គ្នា​ឯងៗ»

ជន​រងគ្រោះ​ម្នាក់​ទៀត លោកស្រី ស៊ុំ ចាន់ធី ដែល​មាន​ផ្ទៃ​ពោះ បញ្ជាក់​ថា គ្រូពេទ្យ​បាន​ពិនិត្យ​ដោយ​ឆ្លុះ​អេកូ រួច​បញ្ជាក់​ថា របួស​គាត់​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ។ ប៉ុន្តែ គាត់​នៅ​មាន​អាការៈ​ចុក​ចុង​ដង្ហើម ហើយ​ឈឺ​ក្បាល​ត្រង់​កន្លែង​ដែល​បោក​ខ្ទប់​នឹង​ទ្វារ​ឡាន។

ប្រភព​សហជីព បញ្ជាក់​ថា ភ្លាមៗ​ក្រោយ​កើត​ហេតុ ខាង​ថៅកែ​រោងចក្រ​បាន​ទៅ​មើល​កម្មករ​នៅ​មន្ទីរពេទ្យ ដោយ​មាន​យក​បាយ និង​ភេសជ្ជៈ​ទៅ​ឲ្យ​ពួក​គេ ហើយ​ខាង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ធានា​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​ឲ្យ​កម្មករ។ ប្រភព​ដដែល​បន្ត​ថា កម្មករ​ដែល​រង​របួស​ទាំងអស់ មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ហើយ​ពួក​គេ​ខ្លះ​បាន​ចេញ​ពី​មន្ទីរពេទ្យ ហើយ​ខ្លះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ។

ទាក់ទិន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ អធិការ​រង​ស្រុក​សំរោងទង លោក សាយ សេត បាន​បន្ទោស​ករណី​គ្រោះ​ថ្នាក់​នេះ​ថា ជា​ការ​ធ្វេស​ប្រហែស​របស់​តៃកុង​ឡាន​ដែល​មិន​ប្រុង​ប្រយ័ត្ន​នូវ​ឧបសគ្គ​ខាង​មុខ នៅ​ពេល​បើកបរ៖ «បើ​និយាយ​ទៅ តៃកុង​រថយន្ត​ទី​៣​ហ្នឹង គាត់​ធ្វេស​ប្រហែស គាត់​មាន​ឧបសគ្គ​អី​មិន​មាន​វិធាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ត្រឹមត្រូវ ដូច​អា​ទី​១ ទី​២​ហ្នឹង ប្រហែល​ជា​គាត់​លឿន​ហើយ ឬ​ក៏​គាត់​បើក​មិន​មាន​ចន្លោះ​សុវត្ថិភាព»

យ៉ាង​ណា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​តៃកុង​ឡាន​ណា​ម្នាក់​ដែល​បង្ក​ហេតុ​នោះ​ទេ គឺ​គ្រាន់​តែ​សាក​សួរ​ចម្លើយ និង​កត់​កំណត់​ហេតុ​ការពារ ក្រែង​មាន​ជន​រងគ្រោះ​ណា​ម្នាក់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ថ្ងៃ​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។