តើ​ការងារ​ស្ម័គ្រ​ចិត្ត​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​យុវជន?

មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ស្ថានទូត អង្គការ​ជាតិ អន្តរជាតិ ដែល​ធ្វើ​ការ​លើក​ស្ទួយ​យុវជន បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ចាប់​អារម្មណ៍ និង​ចូល​រួម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ដោយ​ព្រោះ​គេ​មើល​ឃើញ​ថា ការងារ​ស្ម័គ្រ​ចិត្ត នឹង​នាំ​ឲ្យ​យុវជន​បាន​មក​វិញ​នូវ​ប្រយោជន៍​ជាច្រើន ដូច​ជា ទទួល​បាន​បទពិសោធន៍​ការងារ ពង្រឹង​សមត្ថភាព​បន្ថែម​ក្នុង​ពេល​កំពុង​សិក្សា និង​ឈាន​ទៅ​ទទួល​បាន​ការងារ និង​តំណែង​ល្អ​សម្រាប់​ថ្ងៃ​អនាគត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

0:00 / 0:00

ជាង​នេះ​ទៅ​ទៀត យុវជន​កម្ពុជា នឹង​អាច​ប្រកួត​ប្រជែង​ការងារ​ជាមួយ​យុវជន​អាស៊ាន ដែល​នឹង​ចូល​មក​តាម​រយៈ​សមាហរណកម្ម​អាស៊ាន នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​យុវជន​កម្ពុជា ថា​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ​យុវជន​អាស៊ាន​បាន​ដែរ​ឬ​អត់​នោះ ត្រូវ​បាន​ស្ថាប័ន​រដ្ឋ និង​សង្គម​ស៊ីវិល​យក​ចិត្ត​ទុក​ដាក់ ហើយ​ទាមទារ​ឲ្យ​យុវជន​ខ្លួន​ឯង​ត្រូវ​បន្សាំ​ខ្លួន​ជាមួយ​នឹង​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​ស្រុក​ជា​បណ្ដើរៗ។

នៅ​ក្នុង​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៣ ដែល​ប្រារព្ធ​ឡើង​នៅ​កម្ពុជា ក្រោម​ប្រធាន​បទ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត គឺ​ធ្វើ​ជា​ជន​គំរូ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស៊ាន បូរ៉ាត ថ្លែង​ថា ការ​ចូល​រួម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត គឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​មាន​តម្លៃ​បំផុត និង​មិន​អាច​ខ្វះ​បាន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​សង្គម ក្នុង​ការ​លើក​តម្កើង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​សិទ្ធិ​ចូល​រួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម។

«សំឡេង»

ការងារ​ស្ម័គ្រ​ចិត្ត​បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និង​បាន​លើក​កម្ពស់​ដល់​ជំនាញ និង​ទេពកោសល្យ​របស់​យុវជន ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​ទៅ​កាន់​ការងារ​អាជីព​សម្រាប់​អនាគត ហើយ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ ក៏​បាន​បង្កើត​ឱកាស និង​អប់រំ​ដល់​យុវជន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ក្នុង​ការ​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និង​ស្វែង​យល់​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាន់​ពេល​វេលា។

ចំណែក​តំណាង​អ្នក​សម្រប​សម្រួល​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន ហៅ​ថា យូ.អិន.ហ្វែស.ភី.អេ (UNFPA) លោក ម៉ាក ឌើវីវ (Marc Derveeuw) មាន​ប្រសាសន៍​ថា យុវជន​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ។ លោក​ថា អង្គការ​នេះ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​សុខុមាលភាព​យុវជន ជំរុញ​ភាព​រីក​ចម្រើន​ខាង​ផ្នែក​បញ្ញា​ស្មារតី បង្កើត​ចំណេះ​ដឹង​អំពី​សិទ្ធិ​របស់​ពួក​គេ សីលធម៌ និង​គុណ​តម្លៃ និង​ជំនាញ​ដែល​យុវជន​ត្រូវ​ការ ដើម្បី​ជំរុញ​ការងារ​ស្ម័គ្រ​ចិត្ត។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា សព្វ​ថ្ងៃ មាន​ជីវភាព​ប្រសើរ​ឡើង​ដោយសារ​តែ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត ដែល​បាន​ជួយ​ការងារ​ជា​ច្រើន។

យ៉ាង​ណា​ក៏ដោយ ក្រៅ​អំពី​ការ​ជំរុញ​ឲ្យ​យុវជន​ចាប់​អារម្មណ៍ ហើយ​ងាក​មក​ចូល​រួម​ក្នុង​កិច្ចការ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ស្រុក​នោះ សង្គម​ស៊ីវិល​បាន​ឈាន​មួយ​កម្រិត​ទៀត ដោយ​ជំរុញ​ឲ្យ​យុវជន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ដើម្បី​ឈាន​ដល់​ការ​ស្ម័គ្រ​ចិត្ត​ថ្នាក់​តំបន់ ដែល​ធ្វើ​នេះ​អាច​ឲ្យ​ពួក​គេ​កាន់​តែ​មាន​សមត្ថភាព​ថែម​ទៀត ដូច​យុវជន​នៅ​ប្រទេស​ដទៃ​ដែល​ចូល​មក​បម្រើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​កម្ពុជា ឈាន​ដល់​ការ​ប្រកួត​ប្រជែង​ជាមួយ​អាស៊ាន និង​មិន​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​ស្រូប​យក​ការងារ​ពី​កម្ពុជា ឡើយ។

អ្នក​សម្រប​សម្រួល​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​យុវជន នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន កញ្ញា ស៊ាប ស៊ីណេត មាន​មតិ​ថា សមត្ថភាព​យុវជន​កម្ពុជា បច្ចុប្បន្ន​នៅ​មាន​កម្រិត ប៉ុន្តែ​អាច​ទៅ​រួច​បើ​សិន​ជា​យុវជន​ចូល​រួម​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន នោះ​យុវជន​នឹង​ឈាន​ជើង​មួយ​ជំហាន​ទៀត​ទៅ​ដល់​ការងារ​ស្ម័គ្រ​ចិត្ត​ថ្នាក់​តំបន់។ កញ្ញា​បន្ត​ថា ឆ្នាំ​២០១៣ គឺ​ជា​ឆ្នាំ​ដំបូង​ដែល​កម្ពុជា បាន​បង្កើត​កម្មវិធី​យុវជន​ស្ម័គ្រ​ចិត្ត​អាស៊ាន ហៅ​ជា​ភាសា​អង់គ្លេស​ថា ឌឹ អាស៊ាន យូត វូលិនធារ ប្រូក្រាម (The ASEAN youth volunteer program) ទន្ទឹម​នឹង​គ្នា​នេះ ទាមទារ​ឲ្យ​ក្រសួង​អប់រំ ត្រូវ​តែ​ពង្រឹង​គុណភាព​អប់រំ​ជាង​ពេល​បច្ចុប្បន្ន។ ជាមួយ​គ្នា​នោះ កញ្ញា​អំពាវនាវ​ទៅ​រដ្ឋាភិបាល ឲ្យ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​កម្រិត​ថ្នាក់​តំបន់ ជូន​យុវជន​ឲ្យ​បាន​ទូលំទូលាយ។

«សំឡេង»

ការងារ​ស្ម័គ្រ​ចិត្ត ពិត​ជា​មាន​សារសំខាន់​សម្រាប់​យុវជន​យុវតី ដែល​កំពុង​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍​របស់​ពួក​គេ។

យុវតី ធ សៅណេត អាយុ ២៣​ឆ្នាំ ដែល​មាន​សម្បុរ​ស្រអែម​សក់​រួញ​អង្កាញ់ មក​ពី​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បាន​និយាយ​ថា ក្នុង​សហគមន៍​របស់​នាង​មាន​យុវជន​តិច​ណាស់​ដែល​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​សម្រាប់​សហគមន៍ ពីព្រោះ​ពួក​គេ​មិន​ទាន់​យល់​ពី​សារសំខាន់​នៃ​ការងារ​ស្ម័គ្រ​ចិត្ត។

«សំឡេង»

យុវជន ផង់ ពិណន់ អាយុ ២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​សង្គមវិទ្យា បាន​ថ្លែង​ថា គាត់​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​តាម​រយៈ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៣​ឆ្នាំ​មក​ហើយ ជា​មួយ​យុវជន​ក្នុង​សហគមន៍ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ចាប់​អារម្មណ៍​ការ​សិក្សា​រៀន​សូត្រ និង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍។ យុវជន​ដដែល​អះអាង​ថា ការងារ​ស្ម័គ្រ​ចិត្ត​ពិត​ជា​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​ក្ដី​សង្ឃឹម​ជា​ច្រើន​សម្រាប់​ថ្ងៃ​អនាគត។

«សំឡេង»

កញ្ញា ហូសេន ស៊ុបប្រិយ ជា​យុវតី​ពី​ខេត្ត​កំពង់ចាម ថ្លែង​ថា ការងារ​ស្ម័គ្រ​ចិត្ត​បាន​ផ្ដល់​គុណ​តម្លៃ​ជា​ច្រើន​ដល់​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​ពេល​កំពុង​រៀន​សូត្រ​បណ្ដើរ​ធ្វើ​ការ​បណ្ដើរ។ ប៉ុន្តែ​នាង​ត្អូញ​ថា ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍​របស់​នាង​បច្ចុប្បន្ន នៅ​មាន​បញ្ហា​ខ្លះ​ពី​អាជ្ញាធរ​ផង និង​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ផង។ បញ្ហា​នោះ គឺ​ខ្វះ​ការ​សហការ និង​ការ​មិន​អោយ​តម្លៃ​ពួក​គេ​ជា​យុវជន​វ័យ​ក្មេង​នៅ​ឡើយ។

«សំឡេង»

ពុំ​មាន​របាយការណ៍​ណា​មួយ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាក់​លាក់​ថា មាន​យុវជន​កម្ពុជា ប៉ុន្មាន​នាក់ ដែល​ចេញ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​លើ​គ្រប់​វិស័យ​នោះ​ទេ។ ប៉ុន្តែ របាយការណ៍​វិភាគ​ស្ថានភាព​យុវជន​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ឆ្នាំ​២០០៩ ដែល​សង្គម​ស៊ីវិល​ស្រង់​ដាក់​ក្នុង​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ថា​មាន​យុវជន​ប្រមាណ ៣៥% ទៅ ៤០% ចូល​ប្រឡូក​ក្នុង​តួនាទី​ស្ម័គ្រ​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។