កម្ពុជា​ត្រូវ​ពង្រឹង​គុណភាព​អប់រំ​និង​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច

ដោយ សាន សែល
2017-08-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​របាយការណ៍ «កម្ពុជា៖ ការ​រក្សា​កំណើន​រឹងមាំ ដើម្បី​ប្រយោជន៍​ទាំងអស់​គ្នា» លោក មីហ្គែល អេ. សាន់ឆេស (Miguel E. Sanchez) (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។
អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​របាយការណ៍ «កម្ពុជា៖ ការ​រក្សា​កំណើន​រឹងមាំ ដើម្បី​ប្រយោជន៍​ទាំងអស់​គ្នា» លោក មីហ្គែល អេ. សាន់ឆេស (Miguel E. Sanchez) (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។
RFA/Nuon Soksarim

ធនាគារ​ពិភពលោក លើក​ឡើង​ថា រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ ស្ថានភាព​កម្ពុជា ស្ទុះ​ងើប​គួរ​ឲ្យ​កត់​សម្គាល់ រាប់​ចាប់​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​បង្កើត​ការងារ និង​កំណើន​សេដ្ឋកិច្ច ក៏ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ​នេះ​រក​ឃើញ​ពី​បញ្ហា​ប្រឈម ដែល​កំពុង​គំរាម​កំហែង​ដល់​សុខភាព​សេដ្ឋកិច្ច​កម្ពុជា ដូចជា​ភាព​លំបាក​ធ្វើ​អាជីវកម្ម គុណភាព​អប់រំ​នៅ​ទន់ខ្សោយ និង​ភាព​រិចរិល​នៃ​ធនធាន​ធម្មជាតិ ដែល​បញ្ហា​ទាំងនេះ​តម្រូវ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ទប់ស្កាត់ ដើម្បី​រក្សា​បាន​នូវ​កំណើន​រឹងមាំ និង​មាន​និរន្តរភាព។

ធនាគារ​ពិភពលោក កត់​សម្គាល់​ថា ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍ បាន​ចូលរួម​ចំណែក​ខ្លាំង​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដែល​មាន​អត្រា​កំណើន​ជា​មធ្យម ៧,៦​ភាគរយ ចាប់​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៥។

តាម​រយៈ​កំណើន​នេះ ការងារ​ចំនួន​ប្រមាណ ៣​លាន ៦​សែន​កន្លែង​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវ​បាន​បង្កើន​ឡើង​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ហើយ​វា​បាន​កាត់​បន្ថយ​អត្រា​ពលរដ្ឋ​ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ពី ៤៧,៨​ភាគរយ នៅ​ឆ្នាំ​២០០៧ មក ១៣,៥​ភាគរយ​កាល​ពី​ឆ្នាំ​២០១៤។

បន្ថែម​លើ​នេះ កម្ពុជា បាន​សម្រេច​គោលដៅ​មួយ​ចំនួន​នៃ​ផែនការ​សកល (គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស) ដូចជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​មរណភាព​មាតា​បាន​ជាង​ពាក់​កណ្តាល ហើយ​ការ​ចូល​រៀន​ថ្នាក់​បឋម​សិក្សា ក៏​សម្រេច​បាន​ស្ទើរ​ជិត​គោលដៅ​ដែល​បាន​កំណត់ ព្រម​ទាំង​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ជំងឺ​អេដស៍។

កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា ត្រូវ​បាន​ដំឡើង​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​ម្នាក់​នៅ​ឆ្នាំ​១៩៩៤ មាន ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើង​ដល់ ១,០៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៥។

របាយការណ៍​ទិដ្ឋភាព​រួម​ស្ដីពី «កម្ពុជា៖ ការ​រក្សា​កំណើន​រឹងមាំ ដើម្បី​ប្រយោជន៍​ទាំងអស់​គ្នា» ដែល​ធនាគារ​ទើប​ចេញ​ផ្សាយ លើក​ឡើង​ថា ខណៈ​ការ​រីក​ចម្រើន​នេះ កម្ពុជា កំពុង​ពើប​ប្រទះ​នឹង​បញ្ហា​ថ្មីៗ​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា រក​កត្តា​ថ្មីៗ​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​រឹងមាំ។

លោក មីហ្គែល អេ. សាន់ឆេស (Miguel E. Sanchez) អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​របាយការណ៍​ផ្សេង​ទៀត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ សីហា នា​រាជធានី​ភ្នំពេញ​ថា ការ​ដែល​កម្ពុជា អភិវឌ្ឍ​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប មាន​ន័យ​ថា ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ឬ​ពន្ធ​គយ​សម្រាប់​ការ​នាំ​ចេញ និង​ការ​ទទួល​បាន​ប្រាក់​ជំនួយ​ពី​បរទេស នឹង​ត្រូវ​កាត់​បន្ថយ​ជា​បណ្តើរៗ។

កម្ពុជា ក៏​នឹង​ត្រូវ​បង្កើន​ផលិតភាព​ការងារ​នៅ​ពេល​មាន​ការ​ដំឡើង​ប្រាក់ខែ​បុគ្គលិក ដើម្បី​ឈរ​ប្រកួត​ប្រជែង​នឹង​ទីផ្សារ​ក្បែរ​ខាង។ ទិន្នន័យ​របស់​ធនាគារ​ពិភពលោក បាន​បង្ហាញ​ថា កម្រិត​ផលិតភាព​សម្លៀកបំពាក់​របស់​កម្ពុជា នៅ​ខ្សោយ​ជាង​ប្រទេស​បង់ក្លាដេស ហ្វីលីពីន ថៃ និង​វៀតណាម។

ឧបសគ្គ​មួយ​ទៀត​នោះ គឺ​ការ​ចាប់​ផ្តើម​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៨០ ក្នុង​ចំណោម​១៨៥។ ឧទាហរណ៍ អ្នក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា ត្រូវការ​ពេល​ចំនួន ៤៧​ថ្ងៃ តែ​នៅ​ប្រទេស​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ត្រូវ​ការ​រយៈពេល​ជា​មធ្យម ២៥,៩​ថ្ងៃ។

ការ​សិក្សា​របស់​ប្រជាជន​កម្ពុជា ដែល​ជា​មូលធន​មនុស្ស (human capital) នៅ​មាន​កម្រិត​ទាប​ខ្លាំង។ ជាក់ស្តែង នៅ​កម្ពុជា អត្រា​បញ្ចប់​ការ​សិក្សា​មធ្យមសិក្សា​បឋមភូមិ ឬ​ថ្នាក់​ទី​៩ មាន ៤៣​ភាគរយ នៅ​ឆ្នាំ​២០១៣ ធៀប​នឹង ៧១​ភាគរយ នៃ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ដទៃ​ទៀត។ ហើយ​ការ​វាយ​តម្លៃ​ថ្នាក់​ជាតិ​អំពី​សមិទ្ធផល​របស់​សិស្ស បាន​រក​ឃើញ​ថា សិស្ស​ថ្នាក់​ទី​៦ ចំនួន ៣៩​ភាគរយ មាន​ពិន្ទុ​ទាប​ចំពោះ​សមត្ថភាព​អាន​ភាសា​ខ្មែរ​កម្រិត​បឋម។

ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សឹករិចរិល​ធម្មជាតិ ក៏​បាន​បង្ក​ហានិភ័យ​ដល់​និរន្តរភាព​សេដ្ឋកិច្ច។ ការ​ប៉ាន់ស្មាន​នៅ​ឆ្នាំ​២០១៦ របស់​អង្គការ​ឃ្លាំ​មើល​អាល្លឺម៉ង់ (German watch) បាន​រក​ឃើញ​ថា ការ​ខូចខាត​ជា​មធ្យម​ពី​គ្រោះ​មហន្តរាយ​មាន​តម្លៃ​ចំនួន​ប្រមាណ ២៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ធនាគារ​ពិភពលោក អះអាង​ថា សម្បត្តិ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា កំពុង​ត្រូវ​បាន​រិចរិល​យ៉ាង​ឆាប់​រហ័ស ដោយសារ​សកម្មភាព​សេដ្ឋកិច្ច​ដែល​គ្មាន​និរន្តរភាព។ ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា បន្ត​រឹងមាំ និង​មាន​និរន្តរភាព​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ខណៈ​ការ​ងើប​ឡើង​នៃ​ហានិភ័យ​ទាំងនេះ ធនាគារ​ពិភពលោក បាន​កំណត់​គន្លង និង​វិធីសាស្ត្រ​មួយ​ចំនួន។

សេដ្ឋវិទូ​យល់​ថា ការ​បង្កើន​ភាព​ប្រកួតប្រជែង ដូចជា​ការ​កាត់​បន្ថយ​ចំណាយ​នៃ​ការ​បង្កើត និង​ដំណើរការ​អាជីវកម្ម និង​ការ​ជំរុញ​វិនិយោគ​សាធារណៈ និង​ឯកជន ព្រម​ទាំង​ការ​ពង្រឹង​ភាព​រឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច គឺ​ជា​គន្លឹះ។ ទី​ពីរ ការ​វិនិយោគ​លើ​ជំនាញ​តាម​រយៈ​ការ​លើក​កម្ពស់​ការ​ទទួល​ស្គាល់​យន្តការ​ធានា​គុណភាព​អប់រំ​នៅ​កម្រិត​មធ្យម​សិក្សា និង​ឧត្តម​សិក្សា។ ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស (TVET) និង​ការ​កាត់​បន្ថយ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ ក៏​នឹង​កែប្រែ​ស្ថានការណ៍​ឲ្យ​ប្រសើរ​ឡើង។

អនុសាសន៍​ចុង​ក្រោយ គឺ​ការ​រក្សា និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ និង​ការ​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ ដូចជា​ការ​គ្រប់គ្រង​តំបន់ និង​ព្រៃ​ការពារ​ប្រកប​ដោយ​ចីរភាព និង​ការ​អនុវត្ត​របៀបវារៈ​រៀបចំ​ផែនការ​ទីក្រុង​រឹងមាំ។

ធនាគារ​ពិភពលោក បញ្ជាក់​ថា ការ​អនុវត្ត​នូវ​អនុសាសន៍​កំណែ​ទម្រង់ និង​កែលំអ​ការ​ផ្តល់​សេវា​វិស័យ​សាធារណៈ ត្រូវការ​សមត្ថភាព​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល