ដើម្បីជាការចូលរួមចំណែកលើកកម្ពស់ និងលើកទឹកចិត្តបន្ថែមទៀតដល់យុវជន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងសង្គម អង្គការតម្លាភាពកម្ពុជា បានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរអត្ថបទខ្លី ដែលបានចាប់ផ្ដើមប្រកាសទទួលអត្ថបទចូលរួមប្រកួត ពីថ្ងៃទី២០ សីហា ហើយនិងឈប់ទទួលអត្ថបទខ្លីនៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ។
មន្ត្រីសម្របសម្រួលនៃអង្គការតម្លាភាពកម្ពុជា លោក លី ពិជ័យ បានប្រាប់អោយដឹងថា សម្រាប់លក្ខខណ្ឌដែលយុវជនអាចចូលរួមក្នុងការសរសេរអត្ថបទខ្លីមិនលើសពី ៣ទំព័រនេះ អាចជាយុវជនទូទៅ ទាំងនៅរាជធានីភ្នំពេញ និងយុវជនតាមបណ្ដាខេត្ត។ យុវជនត្រូវមានអាយុចាប់ពី ១៥ ដល់ ៣០ឆ្នាំ ដែលចូលចិត្តតាមដានព័ត៌មានដែលទាក់ទងនឹងអំពើពុករលួយនៅលើគេហទំព័រ ឬតាមរយៈហ្វេសប៊ុក (Facebook) របស់អង្គការតម្លាភាព ជាពិសេសយុវជនដែលធ្លាប់បានចូលរួមក្នុងសកម្មភាពផ្សេងៗរបស់អង្គការតម្លាភាពកម្ពុជា ដូចជាកម្មវិធីបោះជំរុំ កម្មវិធីសិក្ខាសាលានានាជាដើម ដោយគ្រាន់តែពួកគេសរសេរពីការផ្លាស់ប្ដូរជីវិតរបស់ពួកគេ និងសក្ដានុពលអ្វីខ្លះរបស់ពួកគេ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងសង្គម។
សម្រាប់ជ័យលាភីអ្នកឈ្នះមានចំនួនត្រឹមតែ ៥នាក់ប៉ុណ្ណោះ ដែលជ័យលាភីលេខ១ នឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង ជ័យលាភីលេខ២ ដល់លេខ៥ នឹងទទួលបានទូរស័ព្ទដៃ រួមនិងប័ណ្ណសរសើរផងដែរ។ នេះជាលើកទីមួយហើយ ដែលអង្គការតម្លាភាពកម្ពុជា បានរៀបចំកម្មវិធី ហើយនិងមានគម្រោងរៀបចំកម្មវិធីជាច្រើនសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។