កម្មករកម្មការិនីរោងចក្រស៊ីងហ្វាង (Xing Fang) ប្រមាណ៤០០នាក់ បន្តតវ៉ានៅមុខរោងចក្រ ឈានចូលដល់ថ្ងៃទី៥ហើយ គិតត្រឹមថ្ងៃទី២២ ខែ សីហា ដើម្បីទាមទាមលក្ខខណ្ឌការងារ ២២ ចំណុច។ ពួកគេគ្រោងនាំគ្នាទៅតវ៉ាមុខក្រសួងការងារ នៅដើមសប្ដាហ៍ក្រោយនេះ បើសិនភាគីរោងចក្រមិនព្រមដោះស្រាយ តាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការឯកភាពរបស់រោងចក្រ ជាមួយកម្មករកន្លងទៅទេ ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ។
មន្ត្រីច្បាប់ផ្នែកដោះស្រាយវិវាទ នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) លោក ស៊ាង យ៉ូត ឲ្យដឹងនៅថ្ងៃទី២២ សីហា ភាគីរោងចក្រស៊ីងហ្វាង នៅមិនព្រមអនុវត្តតាមសេចក្ដីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការឯកភាពរបស់ខ្លួនជាមួយកម្មករសូម្បីតែមួយចំណុច។ ដូច្នេះហើយទើបកម្មករបន្តតវ៉ាទាមទារ ដោយមិនព្រមចូលធ្វើការ។
យ៉ាងណាក៏ដោយក្រសួងការងារ បានខិតខំសម្របសម្រួលបញ្ចប់ជម្លោះនៃរោងចក្រនេះដែរ ដោយលោក គ្រួច សុថាវី អគ្គលេខាធិការរងគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មនៃក្រសួងការងារ បញ្ជាក់ថាក្រសួងនឹងហៅថៅកែរោងចក្រនេះមកដោះស្រាយ ជូនកម្មករ ហើយសំណូមពរដល់កម្មករយោគយល់ និងសម្របសម្រួលគ្នាដើម្បីដោះស្រាយតាមនីតិវិធីការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
