យុវជន ២៨រូបមកពីគ្រឹះស្ថានអប់រំចំនួន១០ ក្នុងរាជធានីភ្នំពេញ នឹងឡើងជជែកវែកញែកដេញដោល និងតស៊ូមតិជាសាធារណៈជាភាសាអង់គ្លេស ពីគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDGs)។ នេះជាការប្រកួតប្រជែងថ្នាក់ជាតិរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា។ បេក្ខជនដែលទទួលជ័យលាភីពីការប្រកួតប្រជែងថ្នាក់ជាតិនេះ នឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមការប្រកួតថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅតៃវ៉ាន់។
ការប្រកួតប្រជែងពានរង្វាន់វោហារស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ២០១៦ របស់សភាយុវពាណិជ្ជករអន្តរជាតិ-កម្ពុជា នឹងរៀបចំថ្ងៃទី២៤ ខែមេសា ពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ល្ងាច នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។
ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ-កម្ពុជា លោក ប៉ិច ប៉ូឡែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី៩ មេសា ថា ការប្រកួតប្រជែងនេះមិនត្រឹមតែជាវេទិកាមួយសម្រាប់យុវជនកម្ពុជា ចូលរួមបញ្ចេញទេពកោសល្យនៃសិល្បៈនិយាយស្ដីជាសាធារណៈប៉ុណ្ណោះទេ វាក៏ជាវេទិកាមួយសម្រាប់យុវជន សួរដេញដោល និងតស៊ូមតិពីចំណេះដឹងស្ដីពីគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលផ្ដោតជាសំខាន់ពីការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ៖ « ធម្មតាយើងត្រូវការចូលរួមទាំងអស់គ្នា មិនថាខាងណាខាងណាទេ តែនៅកម្ពុជា យើងមានយុវជនច្រើន។ ជំនួសឲ្យយកបញ្ហាមកត្អូញត្អែរមិនសប្បាយចិត្ត ប៉ុន្តែពួកគាត់គួរចូលរួមផ្ដល់គំនិតយោបល់ថា តើគួរធ្វើដូចម្ដេច ? មតិយោបល់របស់គាត់ ( បេក្ខជន ) បញ្ចេញនៅក្នុងក្របខ័ណ្ឌផ្លូវការដែល អាយ . ស៊ី . ជេ (JCI) របស់យើង បានអនុវត្តទូទាំងពិភពលោក ដើម្បីយកយោបល់របស់គាត់ធ្វើជាដំណោះស្រាយបាន »។
នេះជាលើកទី៦ ហើយសម្រាប់ការប្រកួតប្រជែងផ្នែកតស៊ូមតិ និងជាលើកទី៣ សម្រាប់ការប្រកួតប្រជែងវោហារស័ព្ទរបស់សភាយុវពាណិជ្ជករអន្តរជាតិ-កម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាននេះ គណៈកម្មការរៀបចំការប្រកួត ប្រកាសប្រាប់ពីនីតិវិធីប្រកួត និងបានចាប់ផ្គូផ្គងក្រុមដោយការចាប់ឆ្នោត ហើយក៏ណែនាំបេក្ខជនពីវិធានផ្ទៃក្នុងនៃការប្រកួតប្រជែង។
យុវតី ចៅ មុំដាវី អាយុ ១៩ឆ្នាំ បានថ្លែងថា រូបនាងពេញចិត្តចំពោះមូលបទការប្រកួតប្រជែងស្ដីពីគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា វាជាការចាំបាច់ដែលយុវជនកម្ពុជា គួរស្វែងយល់ និងជជែកគ្នាពីគោលដៅនេះ ដើម្បីជំរុញការសម្រេចគោលដៅសម្រាប់ប្រទេសកម្ពុជា។
ចំណែកបេក្ខជនម្នាក់ទៀត គឺយុវជន យូ វិសាលសម្បត្តិ ប្រាប់ថា មូលបទស្ដីពីគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ គួរឲ្យទាក់ទាញ ហើយលោកថា យុវជនមានសារសំខាន់ខ្លាំងដើម្បីចូលរួមអភិវឌ្ឍជាតិ។
បេក្ខជនម្នាក់ទៀតឈ្មោះ ប៊ិន យ៉ាន រំភើបដែលនឹងចូលរួមការប្រកួតប្រជែងជជែកវែកញែកជាសាធារណៈ។ លោកនិយាយថា លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត ដោយមានទស្សនវិជ្ជាថា ប្រសិនបើលោកអាចប្រកួតឈ្នះ ជាមោនភាពម្យ៉ាង តែអ្វីធ្វើឲ្យលោកកាន់តែពេញចិត្ត គឺឱកាសនៃការដកបទពិសោធន៍រៀនសូត្រពីការប្រកួត។
កាលពីឆ្នាំ២០១៥ យុវតីកម្ពុជា ឈ្មោះ តារា រត្ន ទទួលបានជ័យលាភីក្នុងការប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសជប៉ុន ដោយមានបេក្ខជនចូលរួមពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាហ្វ្រិក អាមេរិក និងអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
