ក្រុម​និស្សិត​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយ​ចាក់​ជ្រៅ​រឿងរ៉ាវ​សង្គម

0:00 / 0:00

ក្រុម​និស្សិត​មួយ​ក្រុម បាន​ចុះ​ទៅ​សហគមន៍ និង​ទីតាំង​មួយ​ចំនួន ដើម្បី​ផ្ដិត​យក​រូបភាព និង​ប្រមូល​ព័ត៌មាន​ពី​រឿងរ៉ាវ​ដែល​ជា​បញ្ហា​ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា មក​បង្ហាញ​ដល់​សាធារណជន តាម​រយៈ​កម្រង​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ឈ្មោះ ប្រូចេត ស្រ៊ី (Project 3)។ បន្ទាប់​ពី​ចំណាយ​ពេលវេលា​អស់​មួយ​ឆមាស​មក ប្រូចេត ស្រ៊ី បាន​លេច​ចេញ​ជា​រូបរាង​តាម​រយៈ​ការ​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ។

តើ​អ្វី​ទៅ​ជា ប្រូចេត ស្រ៊ី (Project 3) ហើយ​នរណា​ដែល​នៅ​ពី​ក្រោយ​គម្រោង​នេះ?

ខណៈ​ចរាចរណ៍​កំពុង​កក​ស្ទះ​នៅ​តាម​ដង​ផ្លូវ មនុស្សម្នា​មក​ពី​កន្លែង​ផ្សេង​គ្នា ពិសេស​និស្សិត​ដែល​ទើប​ចេញ​ពី​រៀន កំពុង​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ។ ពួក​គេ​អង្គុយ​នៅ​លើ​កៅអី​ជា​ជួរៗ​សម្លឹង​មើល​ផ្ទាំង​ប៉ាណូ ដែល​មាន​រូបភាព​មួយ​កំណាត់ និង​ផ្ទៃ​លាត​ស​មួយ​កំណាត់។

អ្នក​ចូលរួម​រវល់​រក​កន្លែង​អង្គុយ ចំណែក​ក្រុម​និស្សិត​ឆ្នាំ​ទី​៤ នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (DMC = ឌី.អិម.ស៊ី) មួយ​ក្រុម​មាន​គ្នា​ប្រមាណ ២២​នាក់​នេះ​វិញ ចែក​ជើង​គ្នា​ធ្វើ​ការ​រៀងៗ​ខ្លួន។ ខ្លះ​កំពុង​ទទួល​ស្វាគមន៍​ភ្ញៀវ ខ្លះ​កំពុង​បញ្ជា​ម៉ាស៊ីន​ផ្សាយ ហើយ​ខ្លះ​ទៀត​កំពុង​ឈរ​លើ​ឆាក និយាយ​ណែនាំ​ពី​ព័ត៌មាន​របស់​កម្មវិធី ប្រាប់​អ្នក​ចូលរួម។

មេឃ​ចាប់​ផ្ដើម​ងងឹត ហើយ​ក្រុម​និស្សិត​នេះ​ក៏​កំពុង​ចាប់​ផ្ដើម​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​នៅ​លើ​ផ្ទាំង​ប៉ាណូ​ពណ៌​ស​ដែរ។ កម្រង​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​ក្រុម​និស្សិត ឌី.អិម.ស៊ី ចាក់​បញ្ចាំង​នេះ មាន​ឈ្មោះ​ថា ប្រូចេត ស៊្រី (Project 3)។ ប្រូចេត ស៊្រី នេះ​មាន​ភាពយន្ត​ឯកសារ​សរុប​ប្រមាណ ៥៧​នាទី ដែល​ក្នុង​នោះ​មាន​វីដេអូ​ខ្លីៗ​ចំនួន​៨ ផ្សេង​គ្នា ដែល​មួយ​វីដេអូ​មាន​រយៈពេល​ចន្លោះ​ពី ៦ ទៅ ៩​នាទី។ ប្រធានបទ​សំខាន់ៗ​នៃ​ភាពយន្ត​ឯកសារ​ទាំង​៨ នេះ និយាយ​អំពី​ការ​តស៊ូ​របស់​ជន​ពិការ​របប​ខ្មែរ​ក្រហម ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍ ជីវិត​កម្មករ​ត្បូង​នៅ​ប៉ៃលិន សិល្បៈ​បញ្ចូល​សំឡេង​កុន ការ​វិវឌ្ឍ​នៅ​លើ​កោះ​រុង បញ្ហា​របស់​អ្នក​ពិការ​ផ្នែក​សតិបញ្ញា និង​និយាយ​ពី​ស្ថាបត្យកម្ម​ខ្មែរ។

«សំឡេង​ភាពយន្ត»

ពាក់​អាវ​យឺត​ដៃ​ខ្លី​ពណ៌​ទឹកក្រូច ដែល​មាន​សរសេរ​ជា​ពាក្យ​ភាសា​អង់គ្លេស​ថា Project 3 (ប្រូចេត ស៊្រី) កញ្ញា ខាន់ សុគុំមនោ ជា​ផលិតករ​ម្នាក់​នៃ​កម្រង​ភាពយន្ត​ឯកសារ​នេះ។ ជា​និស្សិត​ឆ្នាំ​ទី​៤ វ័យ ២២​ឆ្នាំ កញ្ញា មនោ រៀបរាប់​ឲ្យ​ដឹង​ថា កម្រង​ភាពយន្ត​ឯកសារ ប្រូចេត ស៊្រី នេះ រៀប​ផលិត​ឡើង​តាំង​ពី​ពេល​កញ្ញា​រៀន​នៅ​ឆ្នាំ​ទី​៣ មក​ម្ល៉េះ។ មនោ បញ្ជាក់​ថា ប្រូចេត ស៊្រី ជា​ផ្នែក​សំខាន់​មួយ​ដើម្បី​បញ្ចប់​ការ​សិក្សា​ឆ្នាំ​ទី​៣ របស់​នាង៖ «តាម​ពិត សាលា​សារព័ត៌មាន​គាត់​បង្រៀន​យើង​សំខាន់​បំផុត​ពី​ចំណេះ​ដឹង​ពី​ទ្រឹស្ដី ហើយ​បង្រៀន​ពី​តិចនិក ហើយ​វា​ជា​តួនាទី​របស់​សិស្ស​ដែល​យើង​យក​ទ្រឹស្ដី និង​តិចនិក​ហ្នឹង​យក​ទៅ​អនុវត្ត។ យើង​ត្រូវ​ចំណាយ​ពេល​អនុវត្ត​វា»

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី ដែល​ចូលរួម​កម្មវិធី​បញ្ចាំង ប្រូចេត ស៊្រី នេះ​ដែរ មាន​ប្រសាសន៍​ថា ការ​សិក្សា​ទ្រឹស្ដី​នៅ​ក្នុង​ថ្នាក់ វា​មិន​គ្រប់គ្រាន់​នោះ​ទេ​សម្រាប់​និស្សិត តែ​ពួក​គេ​ត្រូវ​ការ​ការ​អនុវត្ត​ជាក់ស្ដែង​ថែម​ទៀត ដើម្បី​ទទួល​បាន​ជោគជ័យ។

ផលិតករ​វ័យ​ក្មេង កញ្ញា មនោ បញ្ជាក់​ថា យុវជន​គួរ​ស្វែង​យល់​ពី​បញ្ហា​ឲ្យ​បាន​ច្បាស់ ដោយ​មិន​គ្រាន់​តែ​ធ្វើ​អ្វី​តាម​តែ​គេ​ប្រាប់​នោះ​ទេ តែ​យុវជន​រក​ចំណុច​សំខាន់​នៃ​បញ្ហា។ កញ្ញា​បន្ថែម​ថា បញ្ហា​មិន​មែន​មើល​ត្រឹម​តែ​បច្ចុប្បន្ន​នោះ​ទេ តែ​យុវជន​គួរ​ក្រឡេក​មើល​ឫសគល់​នៃ​បញ្ហា​ក្នុង​អតីតកាល​តាម​ឯកសារ និង​ចុះ​ទៅ​ជួប​ជជែក​ផ្ទាល់​ជាមួយ​អ្នក​ដែល​បាន​ដឹង​ពី​បញ្ហា៖ «តួនាទី​របស់​យុវជន​សំខាន់​មែន​ទែន ព្រោះ​យុវជន​អាច​មើល​ឃើញ​អ្វី​ដែល​ថ្មី ព្រោះ​គាត់​អត់​បាន​កើត​ក្នុង​ជំនាន់​មួយ​ពី​ដើម អាយុ​ខ្ទង់ ២០​ជាង។ ចឹង​យើង​អត់​បាន​ដឹង​បញ្ហា​នៅ​ក្រោយ​ជំនាន់ ១៩៩០ ជាង​ហ្នឹង​ទេ។ យើង​ចង់​សិក្សា​ឲ្យ​ដឹង។ យើង​ចង់​ឲ្យ​យុវជន គាត់​មើល​ត្រឡប់​ទៅ​ក្រោយ ដើម្បី​ឲ្យ​គាត់​យល់​អំពី​ដើម​ហេតុ។ ចឹង​វា​សំខាន់​នៅ​ពេល​ដែល​គាត់​យល់​ពី​ដើម​ហេតុ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យើង​ចេះ​ត​ភ្ជាប់​អតីតកាល បច្ចុប្បន្នកាល និង​អនាគត»

កញ្ញា មនោ ថ្លែង​ថា រយៈពេល​នៃ​វីដេអូ​ឯកសារ ប្រូចេត ស៊្រី ខ្លី​ក៏​ពិត​មែន តែ​មិត្ត​រួម​ថ្នាក់​របស់​នាង និង​រូប​នាង​ផ្ទាល់ បាន​ហែល​ឆ្លង​កាត់​នូវ​ឧបសគ្គ​ជាច្រើន ទម្រាំ​អាច​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ទាំង​៨ ឲ្យ​សាធារណជន​បាន​ទស្សនា៖ «ខ្ញុំ​យល់​ថា រឿង​គ្រឿង​របស់​ប្រើប្រាស់ ហើយ​ដូច​ជា​កាមេរ៉ា ដូចជា​សំឡេង​អី​ហ្នឹង។ នៅ​ពេល​ហ្នឹង ក្រុម​ច្រើន​ណាស់​ដែល​ត្រូវ​ការ​យក​របស់​ទៅ​ប្រើ​ទាំងអស់​គ្នា។ មួយ​ទៀត ណា​មួយ​ខ្ញុំ​ជា​ស្រី តាម​ពិត​មិន​ជា​បញ្ហា​ទេ​សម្រាប់​ខ្ញុំ តែ​គ្រួសារ​ខ្ញុំ​គាត់​បារម្ភ។ តាម​ពិត ខ្លួន​ខ្ញុំ​អត់​មាន​រឿង​អី​បារម្ភ​ទេ ជួនកាល​ត្រូវ​ទទួល​ទូរស័ព្ទ​អ្នក​ផ្ទះ គាត់​បារម្ភ។ បញ្ហា​ផ្សេងៗ ដូច​ត្រូវ​ត្រៀម​ខ្លួន​មុន ត្រូវ​ត្រៀម​ចិត្ត​ត្រៀម​កាយ ថា​យើង​ជា​សិស្ស​កាសែត ជា​សិស្ស​សារព័ត៌មាន។ ការ​សម្ភាស​អាជ្ញាធរ​មាន​បញ្ហា»

ក៏ប៉ុន្តែ កញ្ញា មនោ បញ្ជាក់​ថា ឧបសគ្គ​ទាំង​នេះ​ធ្វើ​ឲ្យ​ក្រុម​ផលិតករ​វ័យ​ក្មេង​ទាំង​នេះ បាន​យក​ទ្រឹស្ដី​ទៅ​អនុវត្ត​ជាក់ស្តែង ពិសេស​បាន​រៀន​ពី​ការ​រស់នៅ​ជាមួយ​គ្នា៖ «ហើយ​អ្វី​ដែល​ខ្ញុំ​រៀន​ពី​ក្នុង​ហ្នឹង ក្រៅ​ពី​តិចនិក គឺ​វិធី​ដោះស្រាយ​បញ្ហា ព្រោះ​ពេល​ដែល​យើង​ធ្វើ​ការ វា​មិន​ដូច​អ្វី​ដែល​យើង​រៀន​ទេ ដូច​ទ្រឹស្ដី​យើង។ ចឹង​យើង​ត្រូវ​ធ្វើ​ម៉េច​ចេះ​បត់​បែន​ពេល​ជួប​ប្រទះ​បញ្ហា ដូចជា​ដែល​ខ្ញុំ​ត្រូវ​ទៅ​ដល់​នោះ មុន​នឹង​ទៅ​មាន​គម្រោង​ទាំងអស់។ បើ​យើង​ទៅ​ទទេ យើង​ត្រូវ​មាន​គម្រោង​ច្បាស់លាស់ ត្រូវ​ចេះ​រៀបចំ ព្រោះ​យើង​ត្រូវ​ទៅ​ឆ្ងាយ ត្រូវ​ចំណាយ​លុយ។ សាលា​គេ​ឧបត្ថម្ភ​ឲ្យ​យើង​បាន​តែ​ម្ដង​ទេ បើ​យើង​ទៅ​ដល់​អត់​មាន​អី​សោះ មក​វិញ​យើង​ត្រូវ​ចេញ​លុយ​ខ្លួន​ឯង​ម្ដង​ទៀត​ហើយ»

សិស្ស​ប្រមាណ ៣០​នាក់​ក្នុង​មួយ​ឆ្នាំ នឹង​ត្រូវ​ផ្ដល់​អាហារូបករណ៍​ឲ្យ​ចូល​សិក្សា​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍។ ក្នុង​រយៈពេល ៤​ឆ្នាំ និស្សិត​នឹង​សិក្សា​ពី​ជំនាញ​សរសេរ​ព័ត៌មាន ថត​រូប ការ​សិក្សា​ស្រាវជ្រាវ និង​ផលិត​ភាពយន្ត ជាដើម។

បន្ទាប់​ពី​មើល​វីដេអូ​ឯកសារ ប្រូចេត ស៊្រី នេះ​ហើយ យុវជន ម៉ាន កូតា និស្សិត​ឆ្នាំ​ទី​១ និយាយ​ផង​ញញឹម​ផង​ថា វីដេអូ​ឯកសារ​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ទូទៅ ដែល​សង្គម​កម្ពុជា កំពុង​តែ​ជួប​ប្រទះ ហើយ​យុវជន កូតា មាន​ជំនឿ​ជឿជាក់​លើ​សមត្ថភាព​របស់​យុវជន​កម្ពុជា៖ «មើល​វីដេអូ​នេះ​ហើយ មាន​អារម្មណ៍​ខ្ញុំ​បាន​ឃើញ​ផ្នែក​មួយ​ទៀត​នៃ​និស្សិត​កម្ពុជា ព្រោះ​អ្នក​ខ្លះ​គិត​ថា ខ្មែរ​មិន​អាច​ទៅ​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន​ទេ តែ​តាម​រយៈ​វីដេអូ​ដែល​ខ្ញុំ​បាន​មើល​ហើយ ការ​ឆ្លើយ​សំណួរ​ផ្សេងៗ​របស់​ពួក​និស្សិត​ទាំងអស់​ហ្នឹង ខ្ញុំ​គិត​ថា​និស្សិត​ខ្មែរ​ក៏​មាន​សមត្ថភាព​ដូច​ប្រទេស​គេ​ដែរ»

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា សង្កេត​ឃើញ​ថា ការងារ​ដែល​ក្រុម​និស្សិត​ធ្វើ​នេះ វា​ជា​របត់​ថ្មី​មួយ​ទៀត បើ​ទោះ​ជា​ពួក​គេ​ធ្វើ​កិច្ចការ​នេះ​សម្រាប់​តម្រូវការ​របស់​សាលា​ក៏ដោយ។ លោក​ថា ខណៈ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាជន មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ភាពយន្ត​ឯកសារ​ទាំង​នេះ​នឹង​ជួយ​ដល់​អ្នក​ផលិត​ផ្ទាល់ និង​សង្គម​ទាំង​មូល៖ «វា​ជួយ​ឲ្យ​ទី​មួយ គឺ​យុវជន​ខ្លួន​ឯង​ហ្នឹង ដឹង​ពី​តថភាព​ជាក់ស្ដែង​ដែល​កើត​មាន​ក្នុង​សង្គម។ ទី​ពីរ គឺ​គាត់​ពាំនាំ​នូវ​ភាព​ពិត​មក​ដល់​យុវជន​ដែល​មាន​អាយុ​ស្រករៗ​គាត់​នេះ ធ្វើ​ឲ្យ​យុវជន​ផ្សេង​ទៀត​មាន​ការ​យល់​ដឹង​ដូច​គាត់ ឲ្យ​ចូលរួម​កាន់​តែ​ខ្លាំង​ថែម​ទៀត ក្នុង​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​របស់​សង្គម​យើង»

នៅ​ពេល​រៀន​ចប់ កញ្ញា ខាន់ សុគុំមនោ ចង់​ក្លាយ​ជា​អ្នក​ផលិត​កុន​ឯកសារ ដោយ​កញ្ញា​សង្ឃឹម​ថា នឹង​អាច​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​ខាង​មុខ៖ «នៅ​អនាគត បើ​មាន​ឱកាស ខ្ញុំ​ចង់​ផលិត​កុន​ដែរ តែ​បែប​ជា​ឯកសារ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​រក​កន្លែង​ណា​មួយ​ដែល​ខ្ញុំ​អាច​សហការ​ជាមួយ​គេ ដើម្បី​ផលិត​ភាពយន្ត​ឯកសារ ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។