យុវជនគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន។ ក្រៅពីនេះ នៅក្នុងក្រុមគ្រួសារនីមួយៗយុវជនក៏ជាប្រភពរកចំណូលដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារមួយផ្នែកធំដែរ។ ប៉ុន្តែប្រសិនបើ ពួកគេត្រូវរងការរំលោភបំពានផ្នែកច្បាប់ ឬរងនូវភាពអយុត្តិធម៌ណាមួយនោះ តើវានឹងប៉ះពាល់ទៅដល់ការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងប្រទេសជាតិយ៉ាងណាខ្លះ?
តើយុវជនគួរធ្វើអ្វីដើម្បីទទួលបាននូវភាពយុត្តិធម៌ក្នុងសង្គម?
ដើម្បីទទួលបាននូវភាពយុត្តិធម៌នៅក្នុងសង្គម រាប់ចាប់តាំងពីកន្លែងធ្វើការឡើងទៅ ទាមទារឲ្យយុវជនត្រូវហ៊ានតស៊ូមតិដោយស្របច្បាប់ អហិង្សា ដោយមិនរុញរាបើទោះបីជាប្រឈមនូវការបាត់បង់ការងារនិងបញ្ហាផ្សេងក៏ដោយ។
សំឡេងស្រែកតវ៉ារបស់យុវជនឲ្យថៅកែគោរពច្បាប់ការងារ
ការតស៊ូមតិតាមបែបប្រមូលផ្ដុំ ធ្វើកូដកម្មមិនចូលធ្វើការ គឺជាការតស៊ូមតិមួយដ៏ពេញនិយមនាពេលបច្ចុប្បន្ន ដើម្បីឲ្យថៅកែក្រុមហ៊ុន ឬសហគ្រាស ផ្ដល់ដំណោះស្រាយឲ្យពួកគេ នូវអ្វីដែលពួកគេកំពុងទាមទារស្របច្បាប់។
សំឡេងស្រែកក្នុងកូដកម្ម
នេះជាការតវ៉ារបស់យុវជនជាង១រយនាក់ នៅខាងមុខអាគារក្រុមហ៊ុនម៉ៅការផលិតផ្ទាំងរូបភាព និងរចនាម៉ូដឈ្មោះ ទ្រូថាមអាស៊ី (True time Asia) ដែលបានបញ្ឈប់តំណាងបុគ្គលិក៩នាក់ កាលពីចុងខែតុលា នៅគ្រាដែលពួកគេទាមទារឲ្យក្រុមហ៊ុននេះ បញ្ឈប់អ្នកគ្រប់គ្រង៣នាក់ ដែលធ្លាប់ព្រួតវាយបុគ្គលិកនិងវិទ្យុទាក់ទងឲ្យរងរបួសកាលពីខែកក្កដា។ យុវជនទាំងនោះភាគច្រើន គឺជានិស្សិតដែលបានសិក្សាដល់ថ្នាក់ឧត្ដមសិក្សា។
សំឡេងស្រែកទាមទារ
ទន្ទឹមនឹងការតវ៉ានេះ តើពួកគេប្រឈមបញ្ហាអ្វីខ្លះ?
ក្នុងចំណោមអ្នកតវ៉ា យុវជន សួន ចំរើន គឺជាយុវជនមួយរូបដែលមានភាពរហ័សរហួន និងចេញមុខចេញមាត់ជាងគេក្នុងការតវ៉ានោះ ទាំងស្រែកដាក់ឧបករណ៍បំពងសំឡេងនិងលើកបដា។
យុវជនរូបនេះ អះអាងថា ពួកគេមិនអាចសំងំឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនប្រើអំណាចរំលោភសិទ្ធិបុគ្គលិកបានឡើយ៖ «លះបង់នូវពេលវេលាសុវត្ថិភាព សន្តិសុខខ្លួនឯងដើម្បីត្រូវការឲ្យមានសុខសន្តិភាពសេរីភាព និងសេចក្ដីថ្លៃថ្នូរ និងកិត្តិយស។ នេះជាសារទៅដល់យុវជនឲ្យបានច្រើនទៀតថាពួកខ្ញុំធ្វើនេះដើម្បីសិទ្ធិសេរី សេចក្ដីថ្លៃថ្នូរ ដើម្បីឲ្យអ្នកគ្រប់គ្រងទាំងឡាយដឹងថា យុវជនត្រូវការឲ្យមានការឲ្យតម្លៃ ឲ្យតម្លៃផ្នែកសីលធម៌ ផ្នែកនិយាយស្ដីគ្នាតាមលក្ខណៈជាអ្នកដឹកនាំ អត់មាននិយាយគ្នាតាមលក្ខណៈប្រើអំណាចអាងមានជាងអីទេគឺមានភាពស្មើគ្នា កុំប្រើហិង្សាកុំប្រើកាយវិការឬជាអាវុធសម្លុតគំរាមតាមមុខនាទីតំណែងអីឲ្យសោះ។ អ៊ីចឹងហើយខ្ញុំត្រូវការរើសបម្រាស់ ត្រូវការសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ពួកខ្ញុំ ទើបពួកខ្ញុំទាមទារឲ្យខ្លាំងៗជាងនេះមែនទែន»។
ដោយឡែកយុវតីមួយរូបទៀត គឺកញ្ញា អឹម សុម៉ាលី វ័យ២១ឆ្នាំ ក្នុងសំលៀកបំពាក់បែបទាន់សម័យមកចូលរួមកូដកម្មនោះដែរ ថ្លែងថា ដើម្បីឲ្យមានការផ្លាស់ប្ដូរនៅកន្លែងការងាររបស់នាងស្របតាមច្បាប់ប្រទេសកម្ពុជា នាងស៊ូលះបង់អស់នូវភាពភ័យខ្លាច សុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ ថែមទាំងមិនផ្ដល់ប្រាក់ខែឲ្យទៀតផង ដោយសារតែការចេញមុខតវ៉ាជាញឹកញាប់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី នាងអះអាងថា ការតវ៉ាក្រោមកម្ដៅថ្ងៃ និងក្រោមភ្លៀង មិនអាចរាំងចិត្តរបស់ពួកគេ ឲ្យបញ្ឈប់ការតវ៉ាអហិង្សានេះបានឡើយរហូតមានដំណោះស្រាយ៖ «ពួកខ្ញុំខំប្រឹងធ្វើកូដកម្មហ្នឹង គេអត់មានចេញមកជួយដោះស្រាយអីទេ នៅសម្ងំស្ងៀមបាត់ឈឹងហ្មង។ ត្រូវតែនាំគ្នាធ្វើកូដកម្មឲ្យខ្លាំងជាងមុន មួយថ្ងៃជាថ្ងៃអត់មានរាថយអីទេ ធ្វើទាល់តែមានដំណោះស្រាយហ្មង។ អារម្ភរឿងថាសុវត្ថិភាពតាមផ្លូវ អាហ្នឹងសម្រាប់អ្នកផ្ទះខ្ញុំគាត់អ្នកបារម្ភ ប៉ុន្តែឥឡូវគាត់គាំទ្រខ្ញុំឲ្យធ្វើអ៊ីចឹងទៀត គាត់យល់ថា ខ្ញុំអត់ធ្វើខុសច្បាប់។ ពេលធ្វើកូដកម្មហ្នឹងលះបង់កម្លាំងពេលវេលាអ៊ីចឹងណា ថវិកាអីរៀងខ្លួន ដោយសារម្នាក់ៗមានចិត្តថា មិនចង់ឲ្យគេមើលងាយ មិនចង់ឲ្យគេកៀបសង្កត់ អ៊ីចឹងលះបង់ទាំងប៉ុន្មានហ្នឹងទោះបីរវល់ប៉ុណ្ណាក៏ត្រូវតស៊ូទាំងអស់គ្នាដែរ។ កុំឲ្យគេមើលងាយខ្មែរពេក អត់គិតរឿងសម្រស់ទេខ្ញុំអត់ឲ្យគេជាន់ឈ្លីកិត្តិយសខ្ញុំទេ សុខចិត្តហាលក្ដៅហាលភ្លៀងខ្ញុំតស៊ូមកទាំងអស់ មកតាំងពីព្រលឹមទល់ព្រលប់បានខ្ញុំទៅវិញ»។
តែទោះជាយ៉ាងណា ការតវ៉ារបស់ពួកគេនឹងមិនអត់ប្រយោជន៍នោះទេ។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ជាភាសាអង់គ្លេសថា វាយអឌីភី (YRDP) លោក ជាង សុខា មានមតិថា លោកគាំទ្រចំពោះសកម្មភាពទាមទាររបស់យុវជនប្រកបដោយអហិង្សា និងសន្តិវិធី ស្របពេលដែលនីតិវិធីផ្លូវច្បាប់ក៏ត្រូវដំណើរការព្រមគ្នាដែរនោះ។ លោកថា ការតវ៉ាឬការតស៊ូមតិរបស់យុវជនគឺមានតម្លៃទៅដល់ការបណ្ដុះស្មារតីឲ្យមានភាពបន្សាំនូវការតវ៉ា ដោយសារតែបរិបទប្រទេសកម្ពុជានៅមានវប្បធម៌ភ័យខ្លាច និងបាក់ស្បាតក្នុងការចូលរួម ហើយបច្ចុប្បន្ននេះក្ដីការតវ៉ាក៏ស្ថិតក្នុងស្ថានភាពភ័យខ្លាចនៅឡើយនោះ។ លោក ជាង សុខា បញ្ជាក់ថា ចលនានៃការតស៊ូបែបអហិង្សាសកម្មនេះ និងអាចនាំឲ្យស្ថាប័នពាក់ព័ន្ធគិតគូរ រីឯអ្នកនយោបាយក៏ចាប់ផ្ដើមពិចារណាសម្រាប់ការដឹកនាំប្រទេសជាតិនៅពេលខាងមុខ៖ «គំរូភាពហ្នឹងលើកទឹកចិត្តឲ្យយុវជនចាប់ផ្ដើមប្រើប្រាស់សិទ្ធិនិងតួនាទីរបស់ខ្លួនក្នុងការទាមទារអ្វីដែលខ្លួនបានបាត់បង់ ឬក៏អ្វីដែលជាតម្រូវការរបស់ខ្លួន។ ខ្ញុំមើលឃើញថានេះជារបត់ថ្មី១ហើយវាស្របជាមួយហ្នឹង គោលការណ៍ប្រជាធិបតេយ្យដែលយើងប្រើប្រាស់សិទ្ធិទាមទារដោយសន្តិវិធីហ្នឹង។ ការទាមទារវាមិនមែនជារឿងមួយដែលងាយស្រួលពេកទេ ទាំងយើងអ្នកតស៊ូដើម្បីទាមទារហ្នឹង ក៏ទាមទារឲ្យមានការអត់ធ្មត់ច្រើនមែនទែន ហើយអ្នកឆ្លើយតបក៏មិនមែនឆ្លើយតប ដោយស្រួលពេកទេ អ៊ីចឹងហើយទោះបីវានៅក្នុងស្ថានភាពដែលលំបាកបែបហ្នឹងក៏ដោយ បើសិនជាអ្នកទាមទារតស៊ូមតិហ្នឹងគាត់នៅតែព្យាយាមអត់ធ្មត់ហើយប្រកាន់នូវគោលការណ៍អហិង្សាខ្ញុំគាំទ្រ ទៅមុខនឹងសម្រេចគោលដៅ»។
ការតស៊ូមតិបែបអហិង្សាគឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យ៖«ពួកយើងត្រូវការយុត្តិធម៌មែនអត់ ? ពួកយើងត្រូវការកិត្តិយសសេចក្ដីថ្លៃថ្នូរមែនអត់ ? ហេតុនេះហើយបានជាពួកយើងធ្វើការទាមទារបែបនេះត្រូវអត់ទាំងអស់គ្នា។ បង្ហាញពីភាពរឹងមាំរបស់យើងទាំងអស់គ្នា បង្ហាញថាយើងខ្មែរមិនត្រូវបានគេជិះជាន់ទេទាំងអស់គ្នា។ ស៊ូៗ ស៊ូ ៗ ស៊ូ ៗ»។
ក្រៅអំពីការតស៊ូមតិដោយស្រែកតវ៉ា គូររូបភាព លើកបដា គូរមុខមាត់ និងតាមរូបភាពអហិង្សាផ្សេងៗនោះ ចម្រៀងក៏ជាវិធីតស៊ូមតិមួយសម្រាប់អ្នកតវ៉ានាពេលកន្លងមក ដើម្បីបន្ទន់ចិត្តស្ថាប័នពាក់ព័ន្ធងាកមកដោះស្រាយបញ្ហាជូនពួកគេផងដែរ ដូចដែលចម្រៀងរបស់ក្រុមយុវវ័យនាំសារ ដែលបទតស៊ូ!!!៕
... ចម្រៀង ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
