សិស្សក្រីក្រនៃសហគមន៍ជនជាតិព្នង ភូមិពូតាំង និងក្រុមគ្រួសារជាង ២០០នាក់ បានទទួលជំនួយមនុស្សធម៌ពីក្រុមយុវជននគររាជ ដែលបានធ្វើដំណើរទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរី។ ការផ្តល់ជំនួយមនុស្សធម៌នេះ គឺជាផ្នែកមួយនៃការពង្រឹងវិស័យអប់រំជូនដល់សិស្សានុសិស្សក្រីក្រ ដើម្បីជំរុញឲ្យកុមារនៅជនបទ អាចពង្រឹងសមត្ថភាព និងគុណភាពសិក្សាឲ្យបានកាន់តែប្រសើរ។
កង់ចំនួន ៣០ និងសម្ភារៈសិក្សា មាន ប៊ិក ខ្មៅដៃ បន្ទាត់ សៀវភៅ ប្រាក់ រួមទាំងសម្លៀកបំពាក់រាប់ពាន់សម្រាប់ ត្រូវបានចែកជូនសិស្សសាលាបឋមសិក្សាភូមិពូតាំង និងសហគមន៍ជនជាតិដើមភាគតិចព្នង សង្កាត់រមនា ក្រុងសែនមនោរម្យ ក្នុងដំណើរទស្សនាចររបស់ក្រុមយុវជននគររាជរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា។
នេះជាការងារផ្នែកមនុស្សធម៌របស់ក្រុមយុវជននគររាជ ដែលរៀបចំដំណើរកម្សាន្តរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងការស្វែងរកមូលនិធិសប្បុរស សម្រាប់ជួយពលរដ្ឋក្រីក្រ ជាពិសេសកុមារជាអនាគតទំពាំងស្នងឫស្សី។
យុវជនយុវនារីជាង ២០នាក់ ខ្លះពាក់អាវយឺតរូបសញ្ញាប្រាសាទអង្គរវត្ត និងសរសេរអក្សរថា នគររាជ មានឈ្នួតក្បាលក្រមា ឬពាក់មួករំលេចដោយទង់ជាតិខ្មែរ នាំគ្នាច្រៀងបទនគររាជនិមិត្តសញ្ញានៃបទភ្លេងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងរាំកម្សាន្តបទសម័យជាច្រើនបទជូនសិស្សានុសិស្សសហគមន៍ជនជាតិដើមភាគតិចកម្សាន្តសប្បាយ បង្ហាញក្តីញញឹមសម្រាប់ខ្មែរគ្រប់រូបក្នុងការជួយគ្នាទៅវិញទៅមក។
តារាចម្រៀងជើងចាស់ លោក សាន ផានិត និងជាសមាជិកស្ថាបនិកមូលនិធិ សាវិន ហ្វីលីព ( Savin Philip ) ថ្លែងថា នេះជាកិច្ចសហការមនុស្សធម៌រវាងមូលនិធិ និងក្រុមយុវជននគររាជ ដែលកៀរគរស្វែងរកជំនួយមនុស្សធម៌ជួយដល់ពលរដ្ឋក្រក្រី ជាពិសេសសហគមន៍ជនជាតិដើមភាគតិច។ លោកថា រដូវនេះភ្លៀងធ្លាក់ច្រើន ហេតុនេះសហគមន៍ក្រីក្រនៅតំបន់ជនបទមានតម្រូវការសម្ភារៈប្រើប្រាស់ ជាពិសេសសិស្សានុសិស្សក៏ត្រូវការសម្ភារៈសិក្សា ដើម្បីកសាងសមត្ថភាព និងគុណភាពសិក្សា ដើម្បីទទួលបានការអប់រំទាំងអស់គ្នា៖ « ខ្ញុំជឿជាក់រាល់ពេលខ្ញុំបានព័ត៌មានពីសហគមន៍ក្រីក្រ គឺខ្ញុំមានដៃគូ ពិសេសគឺលោក សាវិន ហ្វីលីព ( Savin Philip ) និងក្រុមចលនានគររាជខាងមនុស្សធម៌ហ្នឹង ដែលជាកម្លាំងធំបំផុតដែលខ្ញុំអាចកៀរគររាល់ការខ្វះខាតក្នុងសហគមន៍បាន »។

សហគមន៍ព្នង ភូមិពូតាំង នៅចម្ងាយជាង ១០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សហគមន៍នេះរស់នៅប្រកាន់ខ្ជាប់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ដែលអភិរក្សធនធានធម្មជាតិមានដីធ្លីព្រៃឈើ របាំតន្ត្រី ជាដើម។
តំណាងសហគមន៍ពូតាំង លោក ទន់ វណ្ណី រៀបរាប់ថា អំណោយមនុស្សធម៌នេះមានសារប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋជនជាតិដើមភាគតិច ជាពិសេសកុមារជាសិស្សសាលាដែលត្រូវការមធ្យោបាយធ្វើដំណើរ និងសម្ភារៈសិក្សាសម្រាលការលំបាកក្នុងការទៅសាលារៀន។ លោកកត់សម្គាល់ថា ការផ្តល់ជំនួយសប្បុរសធម៌នេះ គឺជាសកម្មភាពខ្មែរជួយខ្មែរដើម្បីជួយសហគមន៍ជនជាតិដើមភាគតិចបានរីកចម្រើន៖ « ភាគច្រើនកូនសិស្សទាំងអស់នៅភូមិពូតាំង គឺជាជនជាតិដើមភាគតិច។ ចំណែកក្មេងដែលខ្វះខាតខ្លាំង យើងអាចផ្តល់កង់ឲ្យគាត់ធ្វើជាមធ្យោបាយធ្វើដំណើរទៅមក។ យើងអាចនិយាយបានថា ការចែកអំណោយនេះដើម្បីលើកកម្ពស់ជីវភាពពួកគាត់ និងធ្វើឲ្យសិស្សសប្បាយក្នុងការរៀន »។
ចំណែកចៅសង្កាត់រមនា លោក ភី ងូត កត់សម្គាល់ដែរថា ការប្រឈមរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងមូលដ្ឋាន គឺកង្វះខាតការយល់ដឹង ជាពិសេសការអប់រំ និងសិក្សាធិការ។ លោកថា អំណោយសប្បុរសផ្នែកសម្ភារៈសិក្សានេះ នឹងជំរុញឲ្យសហគមន៍ជនជាតិដើមភាគតិចមានឱកាសបន្ថែមទៀត ដើម្បីជំរុញឲ្យកូនចៅបានទៅសាលារៀនកាន់តែច្រើន៖ « ប្រជាពលរដ្ឋគាត់មិនសូវយល់ដឹងពីការអប់រំ និងការសិក្សា ព្រោះទំនៀមទម្លាប់ប្រពៃណីជនជាតិអ៊ីចឹង។ ចំពោះសប្បុរសជនមានសុធាជ្រះថ្លាជូនអំណោយទៅលើសិស្សក្រីក្រនៅភូមិពូតាំង នេះ ខ្ញុំសូមថ្លែងអំណរគុណដែលគាត់មកចែកជូនកង់ ប៊ិក សៀវភៅជូនសិស្សក្រីក្រនៅទីនេះ »។
ក្រុមយុវជននគររាជ ចេញដំណើរពីខេត្តសៀមរាប ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្លងកាត់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង មកខេត្តមណ្ឌលគិរី។ នេះជាដំណើរទស្សនាចរលើកទីពីរ បន្ទាប់ពីដំណើរដូចគ្នានេះធ្វើឡើងនៅខេត្តកោះកុង ដើម្បីប្រមូលមូលនិធិជួយដល់កុមារក្រីក្រនៅឃុំជីផាត ស្រុកថ្មបាំង កាលពីខែមេសា កន្លងទៅ។
អភិបាលរងក្រុងសែនមនោរម្យ លោក យ៉ាង ឈន វាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមយុវជននគររាជ ដែលខិតខំកៀរគររកជំនួយសប្បុរសផ្តល់ជូនពលរដ្ឋនៅខេត្តដាច់ស្រយាល ភាគច្រើនមានជីវភាពក្រីក្រ។ លោកអំពាវនាវសុំឲ្យសហគមន៍ ជំរុញកូនមកសាលារៀន និងសុំឲ្យកូនចៅសហគមន៍ខិតខំរៀនសូត្របង្កើនចំណេះដឹង រួមចំណែកកសាង និងអភិវឌ្ឍសហគមន៍បានរីកចម្រើន៖ « ភូមិពូតាំង នេះពិតជាក្រីក្រមែន ព្រោះកន្លងមកមិនដែលមានទេ។ ខ្ញុំគិតថា នេះជាកិត្តិយសដ៏ថ្លៃថ្លាចំពោះខ្ញុំ ក៏ដូចសប្បុរសជនដែរ។ សូមឲ្យម៉ែឪក្មេងៗទាំងអស់នោះ ជំរុញកូនឲ្យមកសិក្សាឲ្យចេះដឹង ហើយថែរក្សាសម្ភារៈជូនឲ្យយើងនេះឲ្យបានគង់វង្សល្អ ថាឲ្យក្មួយៗទាំងអស់គ្នាខំសិក្សាឡើងឲ្យបានចេះដឹងដូចបងៗទាំងអស់នេះ »។

ទោះបីជាយ៉ាងណាក៏ដោយ សមាជិកស្ថាបនិកក្រុមយុវជននគររាជ លោក សារម្យ គុណ្ណាស័ក្តិ ជាសិល្បករមានរហស្សនាមឌីជេអាចារ្យធំ បញ្ជាក់ថា គោលបំណងរបស់ក្រុមយុវជននគររាជ គឺចង់ចែករំលែកសេចក្តីស្រឡាញ់ និងស្នាមញញឹមចំពោះកុមារក្រីក្រនៅខេត្តមណ្ឌលគិរី។ សាររបស់យុវជននគររាជ ជូនកុមារក្រីក្រជនជាតិដើមភាគតិច គឺធ្វើយ៉ាងណាឲ្យខិតខំរៀនសូត្រ និងទទួលនូវក្តីសង្ឃឹមសម្រាប់ជីវិតរស់នៅរបស់ពួកគេ ហើយប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត៖ « ឲ្យក្មួយៗប្អូនៗទទួលយកស្នាមញញឹមទាំងអស់គ្នា ហើយខិតខំរៀនសូត្រមិនថាយើងជាជនជាតិភាគតិចភាគច្រើនអ្វីទេ នៅពេលយើងស្ថិតនៅលើដែនដីជាមួយគ្នានេះ យើងជាខ្មែរតែមួយ។ អ៊ីចឹងយើងត្រូវតែទទួលបានសិទ្ធិរៀនសូត្រ យើងផ្តល់ក្តីសង្ឃឹមឲ្យកម្លាំងចិត្តឲ្យគាត់ជាមុនសិន ដើម្បីឲ្យគាត់ខិតខំរៀនសូត្រ »។
ក្រុមយុវជននគររាជ បង្កើតឡើងតាំងពីឆ្នាំ២០១៥។ ក្រុមនេះមានសមាជិកសកម្មជាយុវជនយុវនារីសិល្បករ សិប្បករ និស្សិតស្ម័គ្រចិត្តមានគ្នាជាង ៣០នាក់មកពី ២៤ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ នៅក្នុងដំណើរទស្សនាចរនៅខេត្តមណ្ឌលគិរី ក្រុមយុវជននគររាជបានលើកបដាមានន័យទេសចរណ៍មនុស្សធម៌ និងចូលរួមទស្សនារបាំវប្បធម៌ជនជាតិព្នង និងជិះដំរីកម្សាន្តចែកចាយក្តីស្រឡាញ់ និងក្តីសង្ឃឹមចំពោះជនក្រីក្រនៅសហគមន៍ជនជាតិព្នង ភូមិពូតាំង និងដើម្បីបង្ហាញពីសក្ដានុពលវិស័យអចលនទ្រព្យ ទាក់ទាញវិស័យទេសចរណ៍ក្នុងតំបន់ជនជាតិដើមភាគតិច៕
វីដេអូ៖ សិស្សក្រីក្រនៅមណ្ឌលគិរីទទួលជំនួយមនុស្សធម៌
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
