យុវជន​ចម្រុះ​សាសនា​ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​ពិសាខ​បូជា​នៅ​ឧត្តរមានជ័យ

ស្រប​ពេល​ដែល​ពុទ្ធ​សាសនិក និង​ព្រះសង្ឃ​ជា​ច្រើន​រយ​អង្គ បាន​ប្រារព្ធ​ពិធី​បុណ្យ​ពិសាខ​បូជា យុវជន​ចម្រុះ​សាសនា​មួយ​ក្រុម បាន​នាំ​គ្នា​ហែ​ក្បួន​ក្នុង​ន័យ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ដែរ។ ក្នុង​នោះ យុវជន​ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​កាន់​បដា និង​ទង់​សាសនា ដើរ​ដង្ហែ​នៅ​ទី​ប្រជុំ​ជន​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

0:00 / 0:00

អ្នក​ចូល​រួម​ហែ​ក្បួន អះអាង​ថា ពួក​គេ​ចង់​យក​ថ្ងៃ​ពិសាខ​បូជា ជា​ថ្ងៃ​ផ្សព្វផ្សាយ​ការ​កសាង​សន្តិភាព។

ក្រុម​យុវជន​ចម្រុះ​សាសនា​របស់​អង្គការ​យុវជន​សន្តិភាព​ប្រមាណ ២០០​នាក់ ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​បុណ្យ​ពិសាខ​បូជា ដើម្បី​ផ្សព្វផ្សាយ​សន្តិភាព​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ។

សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព អ្នកស្រី ប្រ៉ុក វណ្ណី ជា​អ្នក​រៀបចំ​ការ​ដង្ហែ​ក្បួន​នេះ មាន​ប្រសាសន៍​ថា អ្នក​ចូលរួម​បាន​ដង្ហែ​ក្បួន​ក្នុង​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ពី​ព្រំដែន ជា​ទី​ដែល​ធ្លាប់​មាន​សង្គ្រាម​រវាង​កង​ទ័ព​ខ្មែរ និង​ថៃ។ អ្នកស្រី​បន្ត​ថា គោល​បំណង​សំខាន់​នៃ​ការ​ហែ​ក្បួន គឺ​ចង់​អោយ​យុវជន​យល់​ដឹង​ពី​អត្ថន័យ​នៃ​ការ​កសាង​សន្តិភាព ទាំង​ក្នុង​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា និង​ក្នុង​សាសនា​ដទៃ​ទៀត។

ក្នុង​ចំណោម​យុវជន​ទាំង​ជិត ២០០​នាក់​នោះ ភាគ​ច្រើន​ជា​យុវជន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​យុវជន​នៅ​ទីក្រុង​ភ្នំពេញ និង​មាន​យុវជន​ជនជាតិ​ថៃ ចំនួន ១០​នាក់។ យុវជន​ទាំងអស់​ប្រកាន់​សាសនា​ខុសៗ​គ្នា មាន​ជា​អាទិ៍ ព្រះពុទ្ធ​សាសនា គ្រិស្ត​សាសនា និង​ឥស្លាម​សាសនា​ជា​ដើម។

យុវជន សែម ហាក់ ជា​និស្សិត​ឆ្នាំ​ទី៤ ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​អោយ​ដឹង​ថា ការ​ចូលរួម​របស់​យុវជន​នៅ​ពេល​នេះ​ជា​សារ​សំខាន់​សម្រាប់​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​រក្សា​សន្តិភាព។

កញ្ញា ហាសសាន់ សាទីយ៉ា អោយ​ដឹង​ថា បើ​ទោះ​ជា​នាង​កាន់​សាសនា​ផ្សេង​ក្រៅ​ពី​ព្រះពុទ្ធ​សាសនា ក៏​នាង​ចូលរួម​ក្នុង​ការ​ហែ​ក្បួន​នៅ​ថ្ងៃ​ពិសាខ​បូជា​នេះ ដោយ​ចង់​បង្ហាញ​ថា សន្តិភាព​កើត​ចេញ​ពី​ការ​តាំង​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ មិន​ប្រកាន់​ពូជ​សាសន៍ និង​ជំនឿ​សាសនា​ឡើយ។

ការ​ហែ​ក្បួន ដើម្បី​សន្តិភាព​របស់​ក្រុម​យុវជន បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​២០១១ នៅ​ក្រោយ​ពេល​ដែល​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​នៅ​តាម​ព្រំដែន​រវាង​ខ្មែរ-ថៃ បាន​បន្ត​មិន​អាច​បញ្ចប់​បាន។ ការ​ហែ​ក្បួន​លើក​ទី១ គឺ​នៅ​ថ្ងៃ​ពិសាខ​បូជា​ឆ្នាំ​មុន នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។