យុវជន​ចូលរួម​កិច្ច​ពិភាក្សា​នយោបាយ​វប្បធម៌​លាប​ពណ៌​គ្នា​ក្នុង​បរិបទ​សង្គម​

0:00 / 0:00

វប្បធម៌​លាប​ពណ៌​គ្នា​ក្នុង​បរិបទ​សង្គម​មុន​ៗ និង​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​ក្រុម​បាន​យុវជន​លើក​យក​មក​ពិភាក្សា​យ៉ាង​ផុលផុស នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ កញ្ញា នា​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (Zaman) រាជធានី​ភ្នំពេញ។

វេទិកា​នេះ​មានការ​ចូលរួម​ប្រមាណ​ជាង​៤​រយ​នាក់ និង​មន្ត្រី​ជាន់ខ្ពស់​ពី​រដ្ឋាភិបាល អ្នកវិភាគ​បញ្ហា​សង្គម និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ដែល​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP) ដើម្បី​លើកទឹកចិត្ត​ឲ្យ​យុវជន​បង្ហាញ​ទស្សនៈ និង​ក្ដី​បារម្ភ​ជុំវិញ​ប្រធានបទ​នេះ​ព្រមទាំង​ផ្តល់​ឱកាស​ចូលរួម​ផ្ដល់​ជា​ដំណោះស្រាយ។

​ក្រុម​យុវជន​វាគ្មិន​កិត្តិយស​និង​អ្នក​ចូល​ក្នុង​វេទិកា​យុវជន ស្ដីពី​វប្បធម៌​លាប​ពណ៌​គ្នា​នៅ​កម្ពុជា យល់ថា វប្បធម៌​លាប​ពណ៌​គ្នា​នេះ គួរ​ត្រូវ​បាន​បញ្ចប់ និង ចាត់​ទុក​បញ្ហា​នេះ​បាន​កប់​ជ្រៅ​ក្នុង​សង្គម ព្រមទាំង​ផ្តល់​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​សម្រាប់​ដឹកនាំ​ការ​អភិវឌ្ឍ​ប្រទេស​ប្រកបដោយ​សុចរិត​នោះ។

ក្រុម​យុវជន ព្រះសង្ឃ​ដែល​និមន្ត និង​អញ្ជើញ​ចូលរួម​បាន​ដាក់​ជា​សំណួរ​បង្ហាញ​ទស្សនៈ និង​សំដែង​រឿង​ឈុត​ខ្លី​ជុំវិញ​ប្រធានបទ​នេះ ដើម្បី​ឲ្យ​មន្ត្រី​តំណាង​រដ្ឋាភិបាល គឺ​លោក ផៃ ស៊ីផាន ជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចូលរួម​ពិភាក្សា ព្រមទាំង​ផ្ដល់​ដំណោះស្រាយ។

ក្រុម​និស្សិត​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​លាប​ពណ៌​គ្នា​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​ពិត​ហើយ​អ្វី​ដែល​ងាយ​មើល​ឃើញ គឺ​សុទ្ធ​តែ​ជា​រឿង​បោក​បញ្ឆោត ក្លែងបន្លំ ហើយ​អ្នក​ដែល​មាន​ឥទ្ធិពល​ធ្វើ​រឿង​នេះ​បាន​ជោគជ័យ​គឺ​ច្រើន​ជា​អ្នក​មាន​អំណាច​ដឹកនាំ​ប្រទេស។

យុវតី​ម្នាក់ ឈ្មោះ ហ៊ុន ស៊ីនួន ជា​អតីត​និស្សិត សង្គមកិច្ច​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ បច្ចុប្បន្ន​ធ្វើការ​នៅ​អង្គការ​យុវសន្តិភាព បាន​ផ្ដល់​ទស្សនៈ​ថា អ្នក​ដែល​លាប​ពណ៌​គ្នា​មិន​ប្រាកដ​ចេញពី​រដ្ឋាភិបាល ឬ​បក្ស​នយោបាយ​ទេ ប៉ុន្តែ​ការ​លាប​ពណ៌​ដែល​មាន​ឥទ្ធិពល​ខ្លាំង គឺ​ច្រើន​ចេញពី​ប្រភព​រដ្ឋអំណាច ឬ​អ្នក​មាន​អំណាច​ទូទៅ៖ «អ៊ីចឹង​អ្នក​មាន​អំណាច​មិន​សំដៅ​តែ ទៅ​លើ​គណបក្ស​នយោបាយ ឬ​សំដៅ​តែ​ទៅ​លើ​រដ្ឋាភិបាល​ទេ វា​អាច​ជា​ស្ថាប័ន​ណា ឬ​បុគ្គល​ណា​ដែល​មាន​អំណាច គាត់​និយាយ​ទៅ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​លាប​ពណ៌​ហ្នឹង ច្រើន​ជាង​ប្រជាជន​ដែល​គាត់​លាប​ពណ៌​គ្នា​រវាង​សហគមន៍»។

យុវតី​រូប​នេះ​បន្ត​ថា វប្បធម៌​លាប​ពណ៌​គ្នា​មិន​ចំណេញ​ដល់​សង្គម​ទេ​ផ្ទុយទៅវិញ​ចំណេញ​តែ​ទៅ​លើក​អ្នកនយោបាយ អ្នក​មាន​អំណាច ប៉ុន្តែ​ក្រុម​នេះ​ច្រើនតែ​ចងភ្ជាប់​ទាំង​ទាំង​រស់​នោះ​ទៅ​នឹង​បញ្ហា​សង្គម ហើយ​ងាយ​នឹង​គ្រោះ​ដល់​អ្នក​ទន់ខ្សោយ​ដែល​ធ្លាក់​ដល់​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់។

ចំណុច​សំខាន់​មួយទៀត​ដែល​នាំ​ឲ្យ​វប្បធម៌​លាប​ពណ៌​គ្នា​នេះ​មាន​ឥទ្ធិពល​គឺ ការ​ខ្វះ​ព័ត៌មាន​ពិត ខ្វះ​ការ​ផ្សព្វផ្សាយ​ផ្ដល់​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ​ដល់​ភាគ​គី​ដែល​ពាក់ព័ន្ធ។

ជុំវិញ​ប្រធានបទ​នេះ លោក ផៃ ស៊ីផាន បាន​អត្ថាធិប្បាយ​យ៉ាង​ច្រើន​ជុំវិញ​បរិបទ សង្គមចាស់​និង​ថ្មី​និង​បាន​ឲ្យ​តម្លៃ​ចំពោះ​ការចូលរួម​របស់​យុវជន ប៉ុន្តែ​លោក​មិន​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​ថា​វប្បធម៌​លាប​ពណ៌​គ្នា​នេះ​ច្រើន​កើត​ចេញ​មកពី​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​នោះ​ទេ«យុវជន​បាន​លើក​គឺ​បង្កើត​វប្បធម៌​ថ្មី បញ្ចប់​នូវ​ការ​លាប​ពណ៌​ដូច្នេះ​អានេះ​ជា​ចម្លើយ​រួច​ជា​ស្រេច ទៅ​ហើយ​អ្វី​ដែល​គេ​បាន​ឆ្លងកាត់ គឺ​ការ​លាប​ពណ៌​ ដូច្នេះ​ខ្ញុំ​មិន​ចង់​ដាក់​កំហុស​ទៅ​អ្នក​ណា​ទេ យើង​ថា ទាំងអស់​គ្នា​រួម​គ្នា​បញ្ចប់​នូវ​ការ​លាប​ពណ៌»។

ចំណែក​អ្នកវិភាគ​ឯករាជ និង​ជា​អ្នកស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី វិញ​លើក​បង្ហាញ​អំពី​ការ​លាប​ពណ៌​គ្នា​ក្នុង​សង្គម​នយោបាយ​បច្ចុប្បន្ន​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​ខុស ឬ​ត្រូវ​ដោយ​គ្មាន​ការវិនិច្ឆ័យ​មួយ​ប្រកបដោយ​សុក្រឹតភាព ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។

លោក​ថា បើ​អ្នកធំ​មានអំណាច​លាប​ពណ៌​មក​លើ​ប្រជាពលរដ្ឋ មិនសូវ​ជា​មាន​បញ្ហា​អ្វី​ធំ​ដំ​ទេ​តែ​បើ​ពលរដ្ឋ​ហ៊ាន​លាប​ពណ៌​ទៅលើ​មន្ត្រី​ធំៗ​វិញ​ចង់​មិន​ចង់​អាច​ក្លាយ​ជា​រឿង​ចោទប្រកាន់​ធំដុំ​អាច​ជាប់គុក​ជាប់ច្រវាក់​ថែមទៀត«ប៉ុន្តែ​អាច​ចោទ​ប្រកាន់​បាន​ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ ប៉ុន្តែ​អ្នកណា​ដោះស្រាយ​ជម្លោះ​គឺ​តុលាការ ប្រសិន​បើ​តុលាការ​មិន​ដើរ​តួនាទី​ឲ្យ​ឯករាជ្យ​បំផុត​ទេ គឺ​អ្នក​នោះ​ជាប់​គុក​អត់​អំពើ អត់​ប្រយោជន៍»។

លោក កែម ឡី បាន​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​អាច​ឲ្យ​បញ្ចប់​ការ​លាប​ពណ៌​គ្នា ឬ​ចោទ​ប្រកាន់​គ្នា​ដោយ​ខុស​ការពិត។ ក្នុង​នោះ​មាន​ដូច​ជា​ការ​ពង្រឹង​លើ​ការសិក្សា​ស្រាវជ្រាវ​តាម​បែប​ចូលរួម​ទាំងអស់​គ្នា ត្រូវ​មាន​អ្នក​ជំនាញ​ខាង​ស៊ើបអង្កេត​ច្បាស់លាស់ និង​ឯករាជ្យ ពង្រឹង​យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ចំណែក​តុលាការ​ត្រូវតែ​ឯករាជ្យ ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវ​គេ​ចោទប្រកាន់​នោះ​ទើប​អាច​ជៀស​ផុត​ពី​គ្រោះថ្នាក់​ពី​ការ​លាប​ពណ៌​គ្នា ឬ​ចោទប្រកាន់​ខុស​ការពិត​នោះ​បាន។

រំលឹក​ទៅ​ប្រវត្តិសាស្ត្រ​ខាងដើម​បង្ហាញ​ថា​ការ​ផ្លាស់ប្ដូរ​ពី​របប​មួយ​ទៅ​របប​មួយ​អ្នកនយោបាយ​តែង​កេង​ចំណេញ​ពី​គ្នា ផ្តួល​រំលំ​គ្នា បំផ្លាញ​គ្នា​ទៅវិញ​មក តាមរយៈ​វប្បធម៌​លាប​ពណ៌​គ្នា​នេះ ប៉ុន្តែ​គ្រោះថ្នាក់​ចំពោះ​ប្រទេសជាតិ និង​វាសនា​អនាគត​របស់​យុវជន​ជារឿយៗ​ពុំ​មាន​អ្នកទទួលខុសត្រូវ​ឡើយ។

បញ្ហា​នេះ​ទៀតសោត​កំពុង​ស្ថិតនៅ​រ៉ាំរ៉ៃ​ក្នុង​សង្គម​ខ្មែរ និង​កំពុង​ក្លាយ​ជា​ជំងឺ​របស់​អ្នក​នយោបាយ។

ទាក់ទង​ករណី​នេះ​ដែរ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​លោក ជាង សុខា ដែល​ជា​អ្នក​ផ្ដើម​លើក​យក​ប្រធានបទ​នេះ​មក​ពិភាក្សា មិន​ចង់​ឲ្យ​ដាន​ចាស់​នេះ​វិល​មក​ជា​ថ្មី​ទៀត សម្រាប់​យុវជន​ជំនាន់​ថ្មី និង​មិន​ចង់​ឲ្យ​សង្គម​ថ្មី​មាន​ដំបៅ​ចាស់​នេះ​បន្ត​ទៀត​ឡើយ៖ «អ៊ីចឹង​ហើយ​យើង​មិន​ចង់​បន្ត​អា​វប្បធម៌​ហ្នឹង​នៅ​ក្នុង​សង្គម​ខ្មែរ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​នេះ ប្រហែល​ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ក្នុង​ការ​ចូលរួម ក្នុង​សកម្មភាព​នយោបាយ​ដើម្បី​លុប​បំបាត់ ឬ​កាត់​បន្ថយ​វប្បធម៌​លាប​ពណ៌​ហ្នឹង ព្រោះ​វា​អត់​មាន​ចំណេញ​អី​ក្រៅ​ពី​ការ​បែក​បាក់ ការ​ឈឺ​ចាប់ វា​អត់​មាន​អី​ចំណេញ​ពី​ការ​សម្លាប់​គ្នា​ទេ​កន្លង​មក គឺ​ដោយសារ​តែ​រឿង​អស់​ហ្នឹង​បាទ »

គោលបំណង​របស់​វេទិកា​យុវជន​ដែល​លើក​ប្រធានបទ​វប្បធម៌​លាប​ពណ៌​គ្នា​នៅ​កម្ពុជា​គួរ​ត្រូវ​បាន​បញ្ចប់​មក​ពិភាក្សា​នេះ គឺ​ចង់​លើកទឹកចិត្ត​ឲ្យ​យុវជន​បង្ហាញ​ទស្សនៈ​និង​ក្ដី​បារម្ភ ព្រមទាំង​ឆ្លុះបញ្ចាំង​ពី​ប្រធានបទ​នេះ​ទៅលើ​អ្នកនយោបាយ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ចំពោះ​ការចូលរួម​ក្នុង​សកម្មភាព​សង្គម និង​នយោបាយ ដើម្បី​លើកកម្ពស់​ការ​ឲ្យ​តម្លៃ និង​ទទួលស្គាល់​ភាព​ផ្សេងគ្នា​នៃ​គំនិត​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។