អាជ្ញាធរស្រុកស្ទោង និងខាងមន្ត្រីជំនាញផ្នែកសុខាភិបាល ថាពួកគេកំពុងពិនិត្យលើសំណុំរឿងពលរដ្ឋម្នាក់ស្លាប់ ដោយសង្ស័យថា អាចពាក់ព័ន្ធនឹងការព្យាបាលរបស់គ្លីនិកឯកជនមួយ។ យ៉ាងណាលទ្ធផលពីការសិក្សាយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែខាងក្រុមគ្រួសារសពចង់ឱ្យមន្ត្រីក្រសួងពាក់ព័ន្ធត្រួតពិនិត្យរាល់កន្លែងព្យាបាលទាំងអស់ឱ្យបានត្រឹមត្រូវ។
អធិការនគរបាលស្រុកស្ទោង ឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាម ក្រុមកម្លាំងចម្រុះ រួមនឹងមន្ត្រីជំនាញសុខាភិបាលខេត្ត ព្រមទាំងខាងមន្ត្រីតុលាការខេត្តកំពង់ធំ ផង បានចុះធ្វើការងារនេះ ប៉ុន្តែការសន្និដ្ឋានឱ្យប្រាកដយ៉ាងណានោះ គេនៅមិនទាន់ដឹងនោះទេ។
អធិការនគរបាលស្រុកស្ទោង លោ យ៉ុង សុន មានប្រសាសន៍នៅថ្ងៃទី២៧ កញ្ញា ថា សមត្ថកិច្ចបានបិទគ្លីនិកព្យាបាលជំងឺមួយឈ្មោះ ហ៊រ ម៊ី ភ្លាមៗ ជាបណ្ដោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើកោសល្យវិច័យពីមន្ត្រីជំនាញខេត្តជាមុន ថាតើករណីស្លាប់ពលរដ្ឋម្នាក់កាលពីថ្ងៃទី២៥ កញ្ញា អាចពាក់ព័ន្ធការព្យាបាលរបស់គ្រូពេទ្យដែរ ឬយ៉ាងណា? រីឯគ្រូពេទ្យដែលគេសង្ស័យថា បានព្យាបាលអ្នកភូមិបណ្ដាលឱ្យស្លាប់នោះ គឺរត់គេចខ្លួនបាត់ ពីព្រោះមិនឃើញនៅផ្ទះទេ៖ «បានមកដល់ពេលនេះយើងកំពុងប្រមូលឯកសារបន្ថែមទៀត ហើយយើងបានប្រមូលឯកសារពីខាងរកគ្រោះអីឯកសារពេទ្យគឺយើងប្រមូលយកមក»។
កាលពីថ្ងៃទី២៥ កញ្ញា ពលរដ្ឋរស់នៅភូមិគោករវៀង ឃុំប្រឡាយ ស្រុកស្ទោង ឈ្មោះ ជុំ លាប ភេទស្រី អាយុ ២៨ឆ្នាំ បានទៅព្យាបាលជំងឺនៅគ្លីនិកឯកជនមួយឈ្មោះ ហ៊រ ម៊ី ដែលមានទីតាំងនៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង។ ក្រោយពីបានព្យួរសេរ៉ូមនៅគ្លីនិកមួយនេះ អ្នកស្រី ជុំ លាប គឺកាន់តែមានសភាពធ្ងន់ធ្ងរ ហើយក៏ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក។
អធិការស្រុកដដែលបញ្ជាក់ថា អ្នកស្រី ជុំ លាប គឺមានជំងឺបេះដូងរ៉ាំរ៉ៃជាយូរណាស់មកហើយ។ យ៉ាងណាលោកថា ខាងក្រុមគ្រួសារសពអ្នកស្រី ជុំ លាប មិនបានប្ដឹងផ្ដល់ ចំណែកខាងលោកគឺនៅរង់ចាំគោលការណ៍ពីខាងតុលាការ ដើម្បីធ្វើការងារនេះបន្តទៀត។ លោកបន្ថែមទៀតថា បញ្ហានេះ នៅស្រុកស្ទោង គឺកើតឡើងពីរករណីហើយ ប៉ុន្តែអ្នកស្លាប់គឺសុទ្ធតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃ។
ទោះជាបែបនេះក្តី ពលរដ្ឋនៅភូមិគោករវៀង លោក ជុំ សុខ ត្រូវជាបងប្រុសអ្នកស្រី ជុំ លាប មានប្រសាសន៍ថា ខាងលោកមិនមានគម្រោងប្ដឹងគ្រូពេទ្យនោះទេ ពីព្រោះខាងគ្លីនិក ហ៊រ ម៉ី ក៏បានចេញសំណងជាង ៤លានរៀល ដើម្បីធ្វើបុណ្យប្អូនរបស់លោក។ លើសពីនេះទៀត ប្អូនរបស់លោកពិតជាមានជំងឺបេះដូងប្រាកដមែន ម្យ៉ាងគ្រួសារលោកក្រីក្រ គ្មានលទ្ធភាពប្ដឹងផ្ដល់ឡើយ ហើយសពក៏បានធ្វើបុណ្យរួចហើយដែរ។ យ៉ាងណាលោកបញ្ជាក់ថា មុនពេលអ្នកជំងឺស្លាប់ គឺគ្រូពេទ្យនៅគ្លីនិកមួយនេះ បានចាក់ថ្នាំ ព្រមទាំងព្យួរសេរ៉ូមដល់ប្អូនរបស់លោក៖ «ថ្ងៃក្រោយ ចាប់ពីថ្ងៃនេះទៅ សុំឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យឱ្យបានច្បាស់លាស់ផង កុំឱ្យមានបញ្ហាតទៅទៀត»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងទៅខាងគ្លីនិក ហ៊រ ម៉ី បានទេ នៅថ្ងៃទី២៧ ខែកញ្ញា។
យ៉ាងណា ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោក ស្រី ស៊ិន បញ្ជាក់ថា ការធ្វើកោសល្យវិច័យពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ច គឺបានត្រឹមសាកសួរទៅក្រុមគ្រួសារអ្នកស្លាប់ និងសាក្សីខ្លះប៉ុណ្ណោះ ពីព្រោះអ្នកជំងឺបានស្លាប់ទៅហើយ ដោយលោកបញ្ជាក់ថា គេមិនអាចឈានទៅវះកាត់សាកសពដើម្បីធ្វើកោសល្យវិច័យបានឡើយ។ ដូចនេះ ខាងលោកក៏នៅមិនអាចសន្និដ្ឋានបានយ៉ាងណាដែរ៖ «ព័ត៌មានបឋម គឺស្ត្រីដែលស្លាប់ហ្នឹង មានជំងឺធ្ងន់ធ្ងរ។ អ៊ីចឹងជំហានដំបូងយើងពិបាកសន្និដ្ឋានថា មកពីការព្យាបាល ឬយ៉ាងម៉េច»។
ប្រធានមន្ទីរដដែលឱ្យដឹងថា ម្ចាស់គ្លីនិកនោះ គឺមានសញ្ញាប័ត្រវេជ្ជបណ្ឌិតត្រឹមត្រូវ។ លោកអះអាងថា កន្លងទៅខាងមន្ទីរសុខាភិបាលខេត្តកំពង់ធំ តែងផ្សព្វផ្សាយឱ្យគ្រប់ស្ថាប័ន ឬ គ្លីនិក ទាំងរដ្ឋនិងឯកជន ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់។ ត្រូវមានសញ្ញាប័ត្រ និងមានលិខិតអនុញ្ញាតពីក្រសួងត្រឹមត្រូវ មុនបើកកន្លែងធ្វើអាជីវកម្ម។ លោកបន្ថែមថា ដ្បិតតែគ្រូពេទ្យមិនអាចសង្គ្រោះជីវិតអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរទាំងអស់ឱ្យរួចផុតពីសេចក្ដីស្លាប់ក៏ដោយ ប៉ុន្តែមិនត្រូវឱ្យអ្នកជំងឺស្លាប់ដោយការធ្វេសប្រហែសណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
