គ្រួសារ​ជន​សង្ស័យ​ចោទ​ពី​បទ​ប្លន់​នៅ​សៀមរាប​ទាមទារ​ដោះ​លែង​ជន​សង្ស័យ

គ្រួសារ​ជន​សង្ស័យ​ម្នាក់​ដែល​ត្រូវ​អាជ្ញាធរ​ឃុំ​ខ្លួន​ពី​បទ​ប្លន់ ទាមទារ​អោយ​អាជ្ញាធរ​ដោះ​លែង​ជន​នោះ​វិញ ដោយ​សំអាង​ថា​ជា​ជន​ស្លូត​ត្រង់។

បុរស​ឈ្មោះ ម៉ិញ រ៉ន អាយុ ៤០​ឆ្នាំ នៅ​ឃុំ​ក្ដាញ់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ត្រូវ​ប៉ូលិស​ខេត្ត​តាកែវ និង​ខេត្ត​សៀមរាប ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា សង្ស័យ​ពី​បទ​ប្លន់​មិន​បាន​សម្រេច។ ប៉ុន្តែ លោកស្រី ទូច សាមីន ត្រូវ​ជា​ភរិយា លោក ម៉ិញ រ៉ន អះអាង​ថា​ប្ដី​របស់​គាត់​ពុំ​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោកស្រី​បន្ត​ថា ប៉ូលិស​មក​ចាប់​ប្ដី​គាត់​ពី​ផ្ទះ​ពេល​កំពុង​ពុះ​ឧស។ លោកស្រី​ថា ប៉ូលិស​ចាប់​ឃុំ​ប្ដី​គាត់​នេះ បន្ទាប់​ពី​មាន​ករណី​ប្លន់​ម៉ូតូ​មិន​បាន​សម្រេច​មួយ កើត​ឡើង​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ហើយ​នៅ​កន្លែង​កើត​ហេតុ​នោះ ក្រុម​ចោរ​ប្រើ​អត្តសញ្ញាណប័ណ្ណ​ប្ដី​គាត់​ដែល​បាន​ជ្រុះ​បាត់ ពេល​គាត់​ត្រឡប់​មក​ពី​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១២។ ប៉ុន្តែ​នៅ​មុន​បោះ​ឆ្នោត ប្ដី​គាត់​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើង​វិញ ហើយ​បាន​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោកស្រី​បន្ត​ថា ក្រោយ​ពី​ប៉ូលិស​ចាប់​ខ្លួន អ្នក​ភូមិ និង​អាជ្ញាធរ​ភូមិ​ឃុំ ឡើង​ទៅ​តវ៉ា​នៅ​ស្នងការដ្ឋាន​ខេត្ត​តាកែវ ធានា​ថា​ប្ដី​គាត់​មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ប្លន់​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ប្ដី​គាត់​ត្រូវ​ប៉ូលិស​បញ្ជូន​ទៅ​ខេត្ត​សៀមរាប៖ «ពី​បទ​ជិះ​ម៉ូតូ​ចាប់​ជំរិត​យក​ម៉ូតូ​គេ ប៉ុន្តែ​អត់​បាន​សម្រេច​ទេ តែ​ម្ចាស់​ម៉ូតូ​គេ​វ៉ៃ។ ម្ចាស់​គេ​នៅ​រស់ គេ​ថា​ស្គាល់​មុខ​ចោរ ខ្ញុំ​សង្ឃឹម​ថា អត់​ពាក់ព័ន្ធ​ទេ ព្រោះ​អី​ប្ដី​ខ្ញុំ​អត់​បាន​ដើរ»

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្ដាញ់ លោក សោម សុភាព ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​បុរស​ឈ្មោះ ម៉ិញ រ៉ន គឺ​សមត្ថកិច្ច​ពី​ថ្នាក់​លើ​មក​អនុវត្ត​ផ្ទាល់ លោក​មិន​បាន​ដឹង​រឿង​នោះ​មុន​ទេ។

ពលរដ្ឋ​ឃុំ​ក្ដាញ់ ឲ្យ​ដឹង​ថា ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​របស់ លោក ម៉ិញ រ៉ន អ្នក​ភូមិ​នាំ​គ្នា​ផ្ដិត​មេដៃ ផ្ញើ​ទៅ​តាម​ភរិយា​ជន​សង្ស័យ ដើម្បី​ឲ្យ​ប៉ូលិស និង​តុលាការ​ខេត្ត​សៀមរាប ធ្វើ​ជា​ភស្តុតាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។