កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់អាយុ ៤០ឆ្នាំនៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ។ សមត្ថកិច្ចសង្ស័យថា បុរសនោះអាចជាជនដៃដល់ក្នុងការសម្លាប់ស្ត្រីម្នាក់នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ នាភូមិតាភុល សង្កាត់ស្វាយដង្គំ កណ្ដាលទីក្រុងសៀមរាប ហើយកាត់ក្បាលយកទៅបាត់។
ការចាប់ខ្លួននេះ កើតឡើងជាង ១០ម៉ោងនៅក្រោយពីគេបានឃើញសាកសពស្ត្រីម្នាក់ឈ្មោះ ឡេន សិលា អាយុ ២៤ឆ្នាំ ទីលំនៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ត្រូវបានគេសម្លាប់ដោយកាត់ក្បាល ហើយទុកដងខ្លួនចោលនៅនឹងផ្ទះសំណាក់។
នាយការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប គឺលោកអនុសេនីយ៍ឯក អ៊ុយ ចយ។ លោកមានប្រសាសន៍នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ថា កម្លាំងរបស់លោកបានចាប់ខ្លួនបុរសឈ្មោះ ចាន់ ឆាយ ហៅ សំ ភារ៉ាត អាយុ ៤០ឆ្នាំ ទីលំនៅភូមិព្រៃចាស់ សង្កាត់គោកដូង ក្រុងសៀមរាប ពីបទសង្ស័យថា បានសម្លាប់មនុស្ស។ លោក អ៊ុយ ចយ បញ្ជាក់ថា តាមការសួរចម្លើយ គឺបុរសឈ្មោះ ចាន់ ឆាយ បានសារភាពថា គេពិតជាបានសម្លាប់ស្ត្រីឈ្មោះ ឡេន សិលា មែន ដោយសារតែខឹងនឹងនាងផ្ដាច់ពាក្យអាពាហ៍ពិពាហ៍ ហើយទៅទាក់ទងចំណងស្នេហ៍ជាមួយបុរសផ្សេងទៀត។
បន្ទាប់ពីចាប់ខ្លួននោះ បុរសឈ្មោះ ចាន់ ឆាយ បាននាំកម្លាំងកងរាជអាវុធហត្ថ ទៅកកាយយកក្បាលរបស់ស្ត្រីឈ្មោះ ឡេន សិលា ដែលគេបានកាត់យកទៅដុត និងកប់ចោលនៅក្នុងដីទៅហើយនោះមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
