អាជ្ញាធរខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរថៃ ចុះស្រាវជ្រាវករណីអំពើឃាតកម្មលើបុរសម្នាក់នៅក្នុងទឹកដីខ្មែរក្បែរព្រំដែនខ្មែរ-ថៃ ដោយសង្ស័យថា ជាជនជាតិថៃ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៣ កុម្ភៈ។ សាកសពបុរសនោះ ត្រូវបានគេប្រទះឃើញកប់ក្នុងដីកាលពីថ្ងៃទី២១ កុម្ភៈ នៅចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីស្លាប់នេះ សមត្ថកិច្ចសន្និដ្ឋានថាជាអំពើឃាតកម្មគិតទុកជាមុន។
សមត្ថកិច្ចខេត្តប៉ៃលិន លើកឡើងជាជំហានដំបូងថា សមត្ថកិច្ចត្រូវធ្វើកោសល្យវិច័យលើសាកសពបុរសនោះ ដើម្បីឲ្យកាន់តែច្បាស់ថា ជាជនជាតិថៃ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៣ កុម្ភៈ នោះ ឬយ៉ាងណា ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់អាចកំណត់ថ្ងៃ ថានឹងបញ្ចប់ការស្រាវជ្រាវនោះពេលណាទេ ពីព្រោះបញ្ហានេះ គឺជាកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចខ្មែរ រួមនឹងសមត្ថកិច្ចប្រទេសថៃ។
ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ចាន់ឌិន មានប្រសាសន៍នៅថ្ងៃទី២២ កុម្ភៈ ថា សមត្ថកិច្ចកំពុងស្រាវជ្រាវករណីសាកសពបុរសស្លាប់នោះ ប៉ុន្តែគេនៅមិនទាន់បានបញ្ចប់នៅឡើយទេ។ តែយ៉ាងណា លោកសន្និដ្ឋានថាជាអំពើឃាតកម្មគិតទុកជាមុន ក៏ប៉ុន្តែលោកបញ្ជាក់ថា ករណីនេះមិនពាក់ព័ន្ធជាមួយជនជាតិខ្មែរទេ គ្រាន់តែរឿងហេតុកើតឡើងនៅក្នុងទឹកដីខ្មែរប៉ុណ្ណោះ ប៉ុន្តែវាពាក់ព័ន្ធរវាងអ្នករកស៊ីជនជាតិថៃ ដូចគ្នា៖ « គេទើបឃើញសពហ្នឹង ទើបឃើញម្សិលមិញ គេសម្លាប់ហើយ វាយកទៅកប់ក្នុងព្រៃ »។
សាកសពបុរសដែលស្លាប់ គឺសមត្ថកិច្ចសង្ស័យថា ជាជនជាតិថៃ ឈ្មោះ សំនឹក ចារូនជីរៈសាធាន (Somnuek Jaroonjirasathien) អាយុជាង ៥០ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៣ កុម្ភៈ។ ក្រោយពេលបាត់ខ្លួន ក្រុមគ្រួសារក៏បានប្រកាសរកបុរសរូបនេះ ដោយបញ្ជាក់ថាឈ្មោះ សំនឹក រស់នៅខេត្តឈុនបូរី ប្រទេសថៃ។ បុរសរូបនេះមករកស៊ីនៅស្រុកខ្មែរ ដែលបានដាក់ភាគហ៊ុននៅក្រុមហ៊ុនបនល្បែង ឬកាស៊ីណូមួយឈ្មោះ ប៉ៃលិនផ្លាមីងហ្គូ (Pailin Flamingo Casino) ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ។
មន្ត្រីសមត្ថកិច្ចម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឲ្យដឹងថា សាកសពបុរសនោះត្រូវបានគេជីកកកាយចេញពីក្នុងដី នៅកន្លែងកើតហេតុរួចហើយ ប៉ុន្តែលោកមិនអាចជម្រាបជូនលម្អិតផ្សេងពីនេះបានឡើយ ដោយគ្រាន់តែនិយាយថា សាកសពបុរសនោះនឹងត្រូវបញ្ជូនទៅពិនិត្យ ឬធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបន្តទៀត។
ទាក់ទងបញ្ហានេះ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បើទោះបីសមត្ថកិច្ចរកឃើញថា ករណីនេះជាជម្លោះរវាងបរទេស និងបរទេសក៏ដោយ ប៉ុន្តែវាជាការទទួលខុសត្រូវរបស់អាជ្ញាធរកម្ពុជា ផងដែរ ពីព្រោះករណីបែបនេះ កើតឡើងនៅលើទឹកដីខ្មែរ។ ម្យ៉ាង ប្រសិនបើរឿងបែបនេះកើតឡើងច្រើននោះ បង្ហាញថាអាជ្ញាធរខ្មែរមានភាពខ្វះចន្លោះក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព។ លោកយល់ថា ករណីឃាតកម្មនេះ អាចនឹងមានមនុស្សជាច្រើនជាប់ពាក់ព័ន្ធទៀតផង៖ « ទីមួយវាជាកត្តាដែលកើតចេញពីជម្លោះផលប្រយោជន៍។ ហើយទីពីរ យើងមើលទៅការធ្វើឃាតនេះ វាមិនមែនមនុស្សម្នាក់ទេ វាអាចពាក់ព័ន្ធមនុស្សច្រើននាក់ »។
មន្ត្រីសិទ្ធិមនុស្សដដែលបន្តថា អាជ្ញាធរខ្មែរត្រូវស៊ើបអង្កេតបញ្ហានេះឲ្យបានដិតដល់ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ការវិនិយោគ ឬធ្វើជំនួញនៅស្រុកខ្មែរ។ បន្ថែមពីនេះ អាជ្ញាធរក៏ត្រូវរឹតបន្តឹង ឬគ្រប់គ្រងកន្លែងល្បែងស៊ីសងនៅតាមព្រំដែនឲ្យបានហ្មត់ចត់ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកវិនិយោគទុនទាំងឡាយដែលចូលមករកស៊ីនៅស្រុកខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
