ប្រជាពលរដ្ឋម្នាក់ត្រូវចាប់ខ្លួន ក្នុងការតវ៉ាដោយបិទកំណាត់ផ្លូវលេខ៧៦ ប្រមាណ ៣០នាទី នៅចំណុចផ្សារកា៩ ព្រំប្រទល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ នៅរសៀលថ្ងៃទី២៦ កុម្ភៈ។
ក្រុមអ្នកតវ៉ាបានបំបែកគ្នាវិញ នៅពេលសមត្ថកិច្ចបានដាក់កងកម្លាំងរាប់រយនាក់ ប្រដាប់ដោយអាវុធមកបណ្ដេញអ្នកតវ៉ាមិនឲ្យបិទផ្លូវជាតិ។
ការតវ៉ាបិទកំណាត់ផ្លូវជាតិនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីកងកម្លាំងចម្រុះរបស់អាជ្ញាធរខេត្តបណ្ដេញប្រជាពលរដ្ឋនៅតំបន់គ្រញូងសែនជ័យ ក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ចេញពីរោងស្នាក់នៅ ហើយរុះរើខ្ទមប្រក់កៅស៊ូជាង ១០០ខ្ទម និងរោងតម្កល់ព្រះពុទ្ធរូប ទីសក្ការៈរបស់អ្នកភូមិមិនឲ្យមកតាំងទីលំនៅក្នុងតំបន់នោះ។
អ្នកតវ៉ាមួយរូបសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិជាង ១០០នាក់ បាននាំគ្នាដាក់របាំងបិទផ្លូវនេះបំណងតវ៉ាសុំឲ្យអាជ្ញាធរដោះស្រាយការដុតបំផ្លាញរោងស្នាក់នៅ និងបណ្ដេញពួកគាត់ចេញពីលំនៅឋានលើកទី២នេះ៖ «ចាប់មនុស្សទៅហើយ កំពុងសួរប្រពន្ធ មិនដឹងម៉េចទេ គេអត់ដោះលែងទេ។ ប្រជាពលរដ្ឋបែកគ្នាអស់ហើយ ឥឡូវគេអត់ឲ្យប្រជាពលរដ្ឋចូលទៅក្នុងទៀតទេ ហើយកន្លែងធ្វើសាលាគេលើកព្រះចេញហើយ កន្លែងដាក់បារ៉ាស់ប្រុងធ្វើបាតុកម្មឲ្យតំណាងរដ្ឋាភិបាលជួយដោះស្រាយរំសាយវិញហើយ។ ទី១ គឺគំរាម ទី២ គឺកាំភ្លើងប្រើអំពើហិង្សាលើប្រជាពលរដ្ឋហ្នឹង។ គេហាមដាច់ខាតមិនឲ្យនៅ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
