បុរស​ម្នាក់​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ពីរ​គ្រាប់​នៅ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី

បុរស​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ នៅ​ខេត្ត​រតនគិរី មួយ​រូប បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ព្រៃ​នៃ​សួន​ឧទ្យាន​ជាតិ​វីរជ័យ មិន​ដឹង​មូលហេតុ។ប៉ូលិស​សន្និដ្ឋាន​ជំហាន​ដំបូង​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ​ថា ជា​ការ​ធ្វើ​អត្តឃាតកម្ម ក៏ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម។

0:00 / 0:00

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) នៅ​ថ្ងៃ​ច័ន្ទ ទី១៦ ខែ​កញ្ញា អំពាវនាវ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សួន​ឧទ្យាន​ជាតិ​វីរជ័យ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង​របស់​មន្ត្រី​អាដហុក ចាត់​ទុក​ថា ករណី​បាញ់​សម្លាប់​នោះ គឺ​ជា​ករណី​ឃាតកម្ម មិន​មែន​ជា​អំពើ​អត្តឃាតកម្ម​នោះ​ទេ ពីព្រោះ​សាក្សី​ដែល​ធ្វើ​ដំណើរ​ជាមួយ​ជន​រងគ្រោះ អះអាង​ថា ពួក​គេ​មិន​មាន​អាវុធ​ទេ នៅ​ពេល​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ​គ្រញូង​នោះ។

លោក​សង្ស័យ​ថា ជា​ករណី​បាញ់​សម្លាប់​ដោយ​គំនុំ​ក្នុង​របរ​កាប់​ឈើ​ប្រណិត​ខុស​ច្បាប់៖ «ករណី​នេះ យើង​មាន​ការ​សង្ស័យ​ថា វា​អាច​មាន​ការ​ប៉ះ​ទង្គិច​ទៅ​លើ​អ្នក​រក​ស៊ី​ឈើ​គ្រញូង​ក្នុង​ព្រៃ​ដូច​គ្នា មាន​ការ​ប្រើប្រាស់​អាវុធ​អនាធិបតេយ្យ ដើម្បី​ការពារ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន»

បុរស​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ខ្យាង ឃុំ​តាវែងក្រោម ស្រុក​តាវែង លោក ញ៉ង ចុត អាយុ ៣១​ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា នៅ​ចំណុច​ព្រៃ​សួន​ឧទ្យាន​ជាតិ​វីរជ័យ ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ពី​ភូមិ។ ជន​រងគ្រោះ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ចំនួន​ពីរ​គ្រាប់ បាញ់​ត្រូវ​ភ្នែក និង​ក្បាល។

សាក្សី​អ្នក​រួម​ដំណើរ​ជាមួយ​ជន​រងគ្រោះ ឈ្មោះ នី ខាត់ខង មាន​ប្រសាសន៍​បញ្ជាក់​ថា ពួក​គេ​ទាំង​ពីរ​នាក់​បាន​ទៅ​រក​កាប់​ឈើ​គ្រញូង​ក្នុង​ព្រៃ តាំង​ពី​ព្រឹក​ថ្ងៃ​កើត​ហេតុ ប៉ុន្តែ​មិន​មាន​កាន់​អាវុធ​អ្វី​នោះ​ទេ រហូត​មក​ទល់​នឹង​វេលា​ម៉ោង​ប្រមាណ ១២ បន្ទាប់​ពី​បរិភោគ​បាយ​នៅ​ក្នុង​ព្រៃ​រួច ហើយ​គេ​ទាំង​ពីរ​នាក់​បាន​បំបែក​ផ្លូវ​គ្នា ដើម្បី​ស្វែង​រក​ដើម​គ្រញូង។ លោក ខាត់ខង បន្ត​ថា គាត់​បាន​ដើរ​បែក​ចេញ​ពី​ជន​រងគ្រោះ​ប្រមាណ​កន្លះ​ម៉ោង ក៏​ឮ​សូរ​ស្នូរ​កាំភ្លើង​មួយ​គ្រាប់ ហើយ​ភ្លាមៗ​នោះ កាំភ្លើង​ផ្ទុះ​ពីរ​គ្រាប់​ថែម​ទៀត ទើប​គាត់​រត់​ទៅ​កន្លែង​ស្នូរ​កាំភ្លើង ក៏​ឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់​នៅ​ទីនោះ ទើប​គាត់​វិល​មក​ភូមិ​ប្រាប់​ដំណឹង​នេះ​ជូន​ក្រុម​គ្រួសារ និង​រាយការណ៍​ទៅ​ក្រុម​សមត្ថកិច្ច៖ «ខ្ញុំ​ក៏​សង្ស័យ​អ៊ីចឹង​ដែរ ព្រោះ​ចេញ​ពី​ផ្ទះ​ប្រហែល​ម៉ោង ៧ គាត់​ស្ពាយ​បាឡូ ហើយ​ពូថៅ ខ្ញុំ​ក៏​កាំបិត ហើយ​ស្ពាយ​ការុង​ដូច​គ្នា។ អត់​មាន​អាវុធ​ទេ​ពេល​ទៅ​ហ្នឹង ចូល​ទៅ​ដល់​ព្រៃ​ហ្នឹង​ដើរ​ជាមួយ​គ្នា»

ប្រធាន​ភូមិ​ខ្យាង លោក មច់ ឆើ មាន​ប្រសាសន៍​កត់​សម្គាល់​ថា លោក និង​សមត្ថកិច្ច​ប៉ូលិស បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ឃើញ​ជន​រងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​ពីរ​កន្លែង​ខុស​គ្នា។ ហេតុ​នេះ លោក​សន្និដ្ឋាន​ថា ជន​រងគ្រោះ​មិន​មែន​បាញ់​សម្លាប់​ខ្លួន​ឯង​ទេ។ លោក​បន្ត​ថា ជន​រងគ្រោះ​ជា​ប្រជាពលរដ្ឋ​ក្នុង​ភូមិ មិន​ដែល​មាន​ទំនាស់​អ្វី​ក្នុង​ភូមិ​នោះ​ទេ៖ «បាញ់​ខ្លួន​ឯង​ពីរ​គ្រាប់​ត្រង់​ហ្នឹង ហើយ​ខ្ញុំ​នៅ​ឆ្ងល់ បើ​គាត់​បាញ់​ខ្លួន​ឯង​តែ​មួយ​គ្រាប់​ងាប់​បាត់​ហើយ»

ទាក់ទិន​ករណី​នេះ​ដែរ ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ផែន ឌីណា មាន​ប្រសាសន៍​ថា ប៉ូលិស​បាន​រក​ឃើញ​កាំភ្លើង អាកា ៤៧ (AK 47) ស្វ័យ​បត់​ចាស់​មួយ​ដើម ដែល​មាន​សភាព​កប់​ក្នុង​ដី​យូរ​ថ្ងៃ​នៅ​ក្បែរ​សព​ជន​រងគ្រោះ និង​ពិនិត្យ​ឃើញ​ជន​រងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​ភ្នែក និង​ចិញ្ចើម ដូច្នេះ​ប៉ូលិស​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រងគ្រោះ​ទំនង​ធ្វើ​អត្តឃាត​ខ្លួន​ឯង។ លោក​អះអាង​ថា សមត្ថកិច្ច​នឹង​បន្ត​ស៊ើប​អង្កេត​ករណី​នេះ ប្រសិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ដែល​សង្ស័យ​ថា ជន​រងគ្រោះ​ត្រូវ​គេ​សម្លាប់៖ «យើង​មាន​កំណត់​ហេតុ​ត្រឹមត្រូវ​ចូល​រួម​ប៉ុន្មាន​នាក់​អ៊ីចឹង​ទៅ។ ឥឡូវ យើង​កំណត់​ប៉ុណ្ណឹង ប៉ុន្តែ​យើង​នៅ​តែ​ស្រាវជ្រាវ​រក​ពី​មូលហេតុ បើ​មាន​តម្រុយ​ណា​ផ្សេង​លើ​ព័ត៌មាន​ហ្នឹង យើង​នឹង​អាច​ស្រាវជ្រាវ​បន្ត​ទៀត»

យ៉ាង​នេះ​ក្តី សព​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​សម្រេច​កប់​នៅ​ក្នុង​ព្រៃ​នោះ ពីព្រោះ​មិន​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​មក​ភូមិ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។