បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​ខេត្ត​ស្វាយរៀង​ត្រូវ​ជន​មិន​ស្គាល់​មុខ​អារ​ករ​សម្លាប់

អនុប្រធាន​សាខា​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា ប្រចាំ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​អារ​ក​សម្លាប់ រួច​យក​ទៅ​ទុក​ចោល​នៅ​មុខ​ផ្ទះ​របស់​ជន​រងគ្រោះ នៅ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​យប់​ថ្ងៃ​ទី៩ សីហា។ ជុំវិញ​ករណី​ឃាតកម្ម​ដ៏​សាហាវ​ខាង​លើ មន្ត្រី​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា ការ​ស្លាប់​នេះ​អាច​ពាក់ព័ន្ធ​រឿង​គំនុំ​ផ្ទាល់​ខ្លួន និង​ការ​ខ្ចី​ប្រាក់​ពី​ជន​រងគ្រោះ។

0:00 / 0:00

ជន​រងគ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់ ឈ្មោះ លោក ស្រៀង ប៉េងសែ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១ រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៩ សីហា ឈាន​ចូល​ថ្ងៃ​ទី១០ នៅ​ភូមិ​គយត្របែក សង្កាត់​គយត្របែក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។

សាច់​ញាតិ​របស់​សព បាន​អះអាង​ថា នៅ​វេលា​ម៉ោង ៩​យប់ ថ្ងៃ​ទី​៩ សីហា ជន​រងគ្រោះ​បាន​សុំ​ភរិយា​របស់​ខ្លួន​ចេញ​ទៅ​ដើរ​លេង​នៅ​ខាង​ក្រៅ​ផ្ទះ​ជា​មួយ​មិត្តភ័ក្ដិ​មួយ​ម៉ោង។ ប៉ុន្តែ ក្រោយ​មក វេលា​ម៉ោង​ប្រហែល ១​យប់ ដោយ​ពុំ​ឃើញ​ប្ដី​ត្រឡប់​មក​ផ្ទះ​វិញ ស្ត្រី​ជា​ប្រពន្ធ​បាន​ហៅ​ទូរស័ព្ទ​ទៅ​រក​ជន​រងគ្រោះ​ដែរ តែ​ពេល​នោះ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​របស់​ជន​រងគ្រោះ​ឡើយ។

ម្ដាយ​ក្មេក​ជន​រងគ្រោះ ឈ្មោះ អ្នកស្រី ប៉ឹក ចន្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ សីហា ថា ពេល​ជន​រងគ្រោះ​ចេញ​ទៅ​ខាង​ក្រៅ ពេល​នោះ​អ្នកស្រី​ថា​បាន​ឮ​សូរ​ស៊ីផ្លេ​ម៉ូតូ​មក​ទទួល​ជន​រង​គ្រោះ​ដែរ តែ​អ្នកស្រី​ថា ពេល​នោះ​ពុំ​បាន​ដឹង​ថា​ជា​នរណា​ទេ៖ «ធ្លាប់​ចេញ​ទៅ​ក្រៅ​ជួន​ជ្រុល​ម៉ោង​រហូត​ដល់​ម៉ោង​១​អី​អ៊ីចឹង​ដែរ។ ខ្ញុំ​ធ្លាប់​ប្រាប់​ថា​ជិត​បោះ​ឆ្នោត​អី កុំ​ឲ្យ​កូន​ដើរ​យប់​ពេក ហើយ​អ៊ីចឹង​ដឹង​ពី​ណា​ល្អ​ពី​ណា​អាក្រក់​ពី​ណា​ស្អប់​យើង​អី​អ៊ីចឹង។ ថា​ម៉ាក់​ចាំ​កូន​កាត់​បន្ថយ​កូន​លែង​ដើរ​យប់​ជ្រៅ​ពេក​ហើយ។ បាន​ប្រហែល​កន្លះ​ខែ ប៉ុន្តែ​អត់​ទាន់​បាន​កន្លះ​ទេ ស្រាប់​មាន​រឿង​អ៊ីចឹង​តែ​ម្ដង​ហ្នឹង»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អធិការ​រង​ក្រុង​ស្វាយរៀង លោក ប្រាក់ ជុត បញ្ជាក់​ថា អាជ្ញាធរ​ប៉ូលិស​កំពុង​តាម​រក​មុខ​សញ្ញា​ជន​ដៃ​ដល់​នៅ​ឡើយ៖ «បញ្ហា​ហ្នឹង​កើត​មែន ប៉ុន្តែ​ឥឡូវ​ប៉ូលិស​យើង​កំពុង​តែ​ស្រាវជ្រាវ ពុំ​ទាន់​ដឹង​ថា​រឿង​ហ្នឹង​យ៉ាង​ម៉េច​ច្បាស់​លាស់​នៅ​ឡើយ កំពុង​តែ​ស៊ើប​អង្កេត។ បាទ! នៅ​ទេ ឥឡូវ​កំពុង​តែ​ស៊ើប​អង្កេត»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិនណារ័ត្ន ថ្លែង​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ អាច​ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក ដែល​ធ្លាប់​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ខ្ចី​ប្រាក់​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ៖ «គេ​សម្លាប់​ពី​ក្រៅ អ្នក​ដែល​សម្លាប់​ហ្នឹង​ចិត្ត​ឡូយ គឺ​ថា​យក​មក​ទម្លាក់​ចោល​នៅ​នឹង​មុខ​ផ្ទះ ប្រហែល​ដឹក​យក​ស្នាម​កង់​ម៉ូតូ​គាត់​ប្រហែល​ជា​យក​មក​ដល់​កន្លែង​ហ្នឹង។ អ្នក​ហ្នឹង​រើ​ដឹង​ខ្លួន​វិញ អ្នក​ហ្នឹង​ដឹង​ខ្លួន​បាន​ជា​មាន​ការ​សម្លាប់​បំបិទ​មាត់​។ មុន​ដំបូង​ស្មាន​ថា​ងាប់​ហើយ យក​មក​ចោល​ហ្នឹង ដល់​ពេល​ហើយ​អត់​ទាន់​ងាប់ អារ​ក​បន្ថែម​សម្លាប់​នៅ​កន្លែង​ហ្នឹង​តែ​ម្ដង។ ហើយ​ការ​អារ​ក​ហ្នឹង យើង​មើល​ទៅ​មនុស្ស​ហ្នឹង​អត់​មាន​កម្លាំង​អី​ហ្នឹង​រើ​ទេ ប្រហែល​ជា​មាន​ដៃ​អី​ទប់​តិចៗ​ជាមួយ​អ្នក​ល្មើស​ហ្នឹង»

លោក​បន្ត​ថា តាម​ការ​សន្និដ្ឋាន​ទំនង​គេ​អាច​ធ្វើ​ទារុណកម្ម​ពី​ខាង​ក្រៅ ដោយ​ការ​អារ​ផ្ដាច់​សរសៃ​ដៃ​ជន​រងគ្រោះ​យ៉ាង​ព្រៃផ្សៃ មុន​នឹង​គេ​សម្លាប់​ជន​រងគ្រោះ​នោះ។

ជន​រងគ្រោះ ឈ្មោះ លោក ស្រៀង ប៉េងសែ អាយុ ២៨​ឆ្នាំ បាន​បម្រើ​ការងារ​ក្នុង​តំណែង​ជា​អនុ​ប្រធាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា សាខា​ខេត្ត​ស្វាយរៀង។ លោក ប៉េងសែ បាន​រួម​រស់​ជាមួយ​ភរិយា​នៅ​ភូមិ​គយត្របែក សង្កាត់​គយត្របែក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។ មន្ត្រី​អង្គការ​លីកាដូ អះអាង​ថា ជន​រងគ្រោះ​អាច​ស្លាប់​នៅ​វេលា​ប្រមាណ​ម៉ោង ១​រំលង​អាធ្រាត្រ ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី១០ សីហា។

ទោះ​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ប៉ូលិស​នៅ​ពុំ​ទាន់​អាច​ចាប់​ឃាតក​ដៃ​ដល់​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។ បច្ចុប្បន្ន សព​ជន​រងគ្រោះ​ត្រូវ​បាន​សាច់​ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​គន្លង​ព្រះពុទ្ធ​សាសនា នៅ​គេហដ្ឋាន​សព​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។