ក្នុងរយៈពេលនៃពិធីកាន់បិណ្ឌនេះ គេសង្កេតឃើញតាមវត្តមួយចំនួននៅក្នុងទីក្រុង គឺព្រះសង្ឃសំបូរចង្ហាន់ ក៏ប៉ុន្តែចំពោះវត្តខ្លះដែលស្ថិតនៅទីជនបទដាច់ស្រយាល ដូចជានៅស្រុកគូលែន ខេត្តព្រះវិហារ វិញ គឺមានការខ្សត់ខ្សោយចង្ហាន់ ដែលពេលខ្លះដាច់វេន ដោយគ្មានអ្នកភូមិកាន់បិណ្ឌទៀតផង។
ភូមិក្ដាក់ នៃឃុំភ្នំត្បែង២ ស្រុកគូលែន គឺជាទីជនបទដាច់ស្រយាលមួយដែលស្ថិតនៅតំបន់ព្រៃចម្ងាយជាង ៥០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងកើតពីទីរួមខេត្តព្រះវិហារ។ ប្រជាពលរដ្ឋនៅទីនោះ បានប្រារព្ធធ្វើពិធីកាន់បិណ្ឌតាមគន្លងប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ ប៉ុន្តែអ្វីដែលខុសគ្នារវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅទីជនបទនោះ គឺការខ្សត់ខ្សោយចង្ហាន់យកទៅប្រគេនព្រះសង្ឃក្នុងពេលដែលពិធីកាន់បិណ្ឌកំពុងប្រព្រឹត្តិទៅជាបន្តបន្ទាប់នេះ។
វត្តក្ដាក់ គឺជាទីអារាមមួយដែលមានព្រះសង្ឃមិនច្រើនប៉ុន្មាន គង់នៅសម្រាប់ឱ្យប្រជាពលរដ្ឋបានធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីនៃព្រះពុទ្ធសាសនា។ ក៏ប៉ុន្តែនៅក្នុងរដូវកាន់បិណ្ឌនេះ គឺព្រះសង្ឃហាក់មិនមានចង្ហាន់ដែលមានរសជាតិឆ្ងាញ់ និងគ្រប់គ្រាន់សម្រាប់ឆាន់ ដូចជាព្រះសង្ឃដែលគង់នៅទីក្រុងទេ។
បុរសឈ្មោះ គង់ យួន គឺជាអ្នកភូមិក្ដាក់ នៃឃុំភ្នំត្បែង២ ក្នុងចំណោមអ្នកភូមិជាង ៤០០គ្រួសារផ្សេងទៀត។ គាត់មានប្រសាសន៍ថា ចាប់តាំងតែពិធីកាន់បិណ្ឌបានប្រព្រឹត្តទៅជាច្រើនថ្ងៃមកនេះ គឺរូបលោក និងអ្នកភូមិតែងនាំគ្នាកាន់វេន ដោយធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តដូចប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីដែរ ក៏ប៉ុន្តែចង្ហាន់នៅទីនេះ មិនមានរសជាតិឆ្ងាញ់ និងសំបូរសប្បាយសម្រាប់ព្រះសង្ឃទេ ពីប្រជាពលរដ្ឋដែលរស់នៅទីជនបទដាច់ស្រយាលមានជីវភាពក្រីក្រ មិនមានលទ្ធភាពទៅទិញបន្លែ និងម្ហូបអាហារពីផ្សារមកឡើយ។
លោក គង់ យួន៖ «យើងអ្នកជនបទចុងកាត់មាត់ញក វាមិនសូវជាហូរហៀរ មិនសូវជាមានម្ហូបអាហារឆ្ងាញ់ៗនោះទេ គឺមានតែអន្លក់ព្រៃ ដូចជាចុងផ្ដៅ ត្រួយននោង ផ្លែននោង បុកប្រហុកអីជាដើម»។
ព្រះសង្ឃដែលគង់នៅក្នុងទីវត្តក្ដាក់នោះ ក៏ទទួលស្គាល់ថា នៅក្នុងពិធីកាន់បិណ្ឌនេះ ថ្វីត្បិតតែមានពុទ្ធិបរិស័ទតែងនាំគ្នាមកកាន់វេន និងយកចង្ហាន់មកប្រគេនជាបន្តបន្ទាប់ ក៏ប៉ុន្តែព្រះអង្គហាក់មិនសូវបានឆាន់ចង្ហាន់ដែលឆ្ងាញ់ៗទេ។
ព្រះភិក្ខុ សុវណ្ណ សំណាង គឺជាព្រះសង្ឃ ១អង្គ ដែលទើបតែនិមន្តមកពីខេត្តកំពង់ចាម ទៅគង់នៅវត្តក្ដាក់ មានព្រះថេរដីកាថា ព្រះអង្គទើបតែមកគង់នៅក្នុងវត្តក្ដាក់ នៅពេលពិធីកាន់បិណ្ឌបានចាប់ផ្ដើមប៉ុណ្ណោះ។ ក្នុងពេលដែលព្រះអង្គគង់នៅមួយរយៈឃើញថា វត្តមួយនេះខ្សត់ចង្ហាន់ខ្លាំងណាស់៖ «វាកម្សត់ចង្ហាន់ណាស់ និយាយឱ្យចំទៅវាស្រុកព្រៃអ៊ីចឹង ញោមញាតិ ក៏គាត់ក្រខ្សត់ដែរ។ ពេលខ្លះឆាន់អំបិលបុកម្ទេស ឬក៏កូនត្រីអ៊ីចឹងទៅ គឺវាមិនសំបូរដូចវត្តគេនៅទីក្រុងទេ»។
វត្តក្ដាក់ ក្រៅតែពីព្រះសង្ឃខ្សត់ខ្សោយចង្ហាន់នៅក្នុងពិធីកាន់បិណ្ឌនោះ គឺមានបញ្ហាប្រឈមមុខមួយចំនួនទៀត ដូចជាព្រះសង្ឃគ្មានអំពូលអគ្គិសនីគ្រប់គ្រាន់សម្រាប់ដាក់បំភ្លឺនៅសាលាឆាន់ទេ ដោយសារព្រះសង្ឃគ្មានបច្ច័យយកទៅទិញអំពូល និងម៉ាស៊ីនភ្លើងជាដើម។
មេឃុំភ្នំត្បែង២ លោក ប៉ោយ ទុំ ឱ្យដឹងថា នៅវត្តក្ដាក់ បច្ចុប្បន្នមានព្រះសង្ឃចំនួន ៤អង្គគង់នៅក្នុងភាពខ្វះខាតចង្ហាន់ប្រចាំថ្ងៃ។ លោកមេឃុំបញ្ជាក់ទៀតថា នៅថ្ងៃគ្មានបុណ្យទាន គឺពេលខ្លះព្រះសង្ឃដាច់ចង្ហាន់តែម្ដង ដោយតាអាចារ្យ ឬក៏យាយជី ជាអ្នកធ្វើចង្ហាន់ប្រគេនព្រះសង្ឃឱ្យឆាន់ជាមួយអំបិលបុកម្ទេសក៏មាន ក៏ប៉ុន្តែនៅពេលកាន់បិណ្ឌនេះ ទោះយ៉ាងណាក៏ពុទ្ធបរិស័ទប្រឹងប្រែងធ្វើចង្ហាន់មកប្រគេនព្រះសង្ឃដែរ ទោះឆ្ងាញ់ ឬមិនឆ្ងាញ់ក៏ដោយ៖ «យើងដាក់វេន គណៈកម្មការក្រុមធ្វើវេន បុកកន្ទួត ចុងផ្ដៅ មានកង្កែប ក្ដាម ខ្យង ជារបស់ព្រៃ ជួនណាអ្នកគ្រាន់បើទៅ គេមានធ្វើចង្ហាន់សាច់គោ សាច់ជ្រូកអីខ្លះដែរ»។
លោកមេឃុំភ្នំត្បែង ឱ្យដឹងថា បញ្ហាដែលព្រះសង្ឃវត្តក្ដាក់ ខ្សត់ខ្សោយចង្ហាន់នេះមិនមែនមានន័យថា នៅជុំវិញវត្ត មិនមានប្រជាពលរដ្ឋរស់នៅច្រើននោះទេ គឺមានប្រជាពលរដ្ឋរស់នៅច្រើនជាង ៤០០គ្រួសារ ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងនោះសុទ្ធសឹងតែជាអ្នកមិនសូវនៅផ្ទះ ដោយនាំគ្នាទៅនៅក្នុងព្រៃធ្វើស្រែនិងចំការ។
នៅឃុំភ្នំត្បែង២ មិនមែនមានវត្តក្ដាក់ តែមួយទេ គឺមានវត្តឈូក១ ទៀត ក៏ប៉ុន្តែវត្តទាំងអស់នៅក្នុងឃុំនេះ គឺសុទ្ធតែមានស្ថានភាពដូចគ្នា ដោយសារព្រះសង្ឃមិនសូវមានចង្ហាន់គ្រប់គ្រាន់ទេ។ បញ្ហាដែលវត្តនៅតំបន់នោះខ្សត់ខ្សោយ គឺដោយសារតែផ្លូវទៅកាន់តំបន់នោះមិនទាន់ល្អស្អាត មានស្ថានភាពរអិលនៅពេលភ្លៀងធ្លាក់ និងពិបាកធ្វើដំណើរ ហើយមនុស្សពីតំបន់ផ្សេងមិនទាន់មានចេញចូលទៅកាន់ទីនោះឱ្យបានច្រើនគ្នានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
