អ្នក​ទោស​ម្នាក់​ស្លាប់​ដោយ​ថប់​ក្នុង​ទ្រូង​និង​ហើម​ខ្លួន​នៅ​ពន្ធនាគារ​ពោធិ៍សាត់

អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ម្នាក់ បាន​ស្លាប់​នៅ​ម៉ោង ២ រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១២ ខែ​តុលា ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដោយ​មាន​អាការៈ​ថប់​ក្នុង​ទ្រូង និង​ហើម​ខ្លួន​ប្រាណ។

ឪពុក​របស់​ជន​រងគ្រោះ លោក ភឹម ឡាយ មាន​ប្រសាសន៍​ថា កូន​ប្រុស​របស់​លោក​ឈ្មោះ ភឹម ម៉ៅ អាយុ ១៩​ឆ្នាំ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ខែ ពី​បទ​ដុត​រោង និង​ចម្ការ​ធូរេន​របស់​ថៅកែ​ស្ថានីយ​លក់​សាំង​សូគីមិច (SOKIMEX) ប្រចាំ​នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ។ ក៏ប៉ុន្តែ កូន​របស់​លោក​ទើប​តែ​អនុវត្ត​ទោស​បាន ៧​ខែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​៧ ខែ​តុលា លោក​បាន​ចូល​ទៅ​សួរ​សុខ​ទុក្ខ​កូន ហើយ​កូន​បាន​ត្អូញ​ប្រាប់​គាត់​ថា ខ្លួន​មាន​អាការៈ​តឹង​ណែន និង​ថប់​ក្នុង​ទ្រូង​យ៉ាង​ខ្លាំង។

ជន​រងគ្រោះ​មាន​ស្រុក​កំណើត​នៅ​ភូមិ​វាលវង់ ឃុំ​រកាប ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ ក្រុម​គ្រួសារ​បាន​នាំ​យក​សព​ទៅ​បូជា និង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​ព្រៃញែក ក្រុង​ពោធិ៍សាត់។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ចាត់​ករណី​ស្លាប់​របស់​ទណ្ឌិត​នេះ​ថា ជា​ការ​ធ្វេស​ប្រហែល​របស់​មន្ត្រី​ពន្ធនាគារ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។