នៅភ្នំពេញជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ច មុខរបរ ដែលអាចងាយរកចំណូលបានច្រើនជាងនៅតំបន់ជនបទ។ យុវជនក្មេងៗជាច្រើនធ្វើចំណាកស្រុក បង្កើតមុខរបរលក់ដូរ ដើម្បីជួយក្រុមគ្រួសារដែលការដាំស្រូវវស្សាឆ្នាំ២០១៤ គ្មានទឹក ទើបផ្សងមករកស៊ីលក់ដូរគ្រាប់ធញ្ញជាតិនៅភ្នំពេញ។
ជក់ភ្នែកមើលការតវ៉ារបស់ក្រុមស្ត្រីរងគ្រោះដីធ្លីនៅបឹងកក់ ដែលសមត្ថកិច្ចដាក់របងបង្ខាំងច្រើនជាន់ ហើយមានស្ត្រីខ្លះហ៊ានតោងរបង ដើម្បីរត់ចេញក្រៅទៅដាក់ញត្តិជូននាយករដ្ឋមន្ត្រី អ្នកលក់មួយរូបរាងតូចស្តើង មានសម្បុរស្រអែម កម្ពស់ប្រហែល ១,៦០ម៉ែត្រ ពាក់មួកបិទមាត់ជិតសល់តែប្រឡង់ភ្នែក ដែលគ្រាប់ភ្នែកខាងស្តាំពាក់គ្រាប់ភ្នែកជ័រ ហាក់ភាំងស្មារតីនឹងទិដ្ឋភាពនោះ មិនបានឮអ្នកទិញស្រែកសួរតម្លៃលក់គ្រាប់សណ្ដែកដី និងគ្រាប់ឈូកស្ងោរនោះទេ៖ «បង! សណ្ដែកនេះតម្លៃប៉ុន្មានដែរ? សណ្ដែកនេះតម្លៃប៉ុន្មានដែរ១កំប៉ុង?»។
បន្ទាប់ពីវាល់សណ្ដែកដីលក់ឲ្យគេរួច អ្នកលក់នោះឲ្យដឹងថា គាត់ឈ្មោះ តូច ចំណាប់ អាយុ ២៥ឆ្នាំ មកពីភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាអតីតសិស្សថ្នាក់ទី១០ វិទ្យាល័យ ហ៊ុន សែន កំពង់ចក។
យុវជនអះអាងថា គាត់នៅលីវ មានបងប្អូន ៧នាក់ ដីស្រែគាត់គ្មានទេ ប៉ុន្តែឪពុកម្ដាយគាត់មានដីស្រែ។ តូច ចំណាប់ បន្តថា ការធ្វើស្រែវស្សានៅឆ្នាំ២០១៤ នេះ គឺគាត់ព្រោះគ្រាប់ស្រូវយកតែម្តង មកពីទឹកភ្លៀងធ្លាក់តិច គ្មានទឹកដាំសន្ទូងទេ។ យុវជនដដែលបន្តថា របរដើរលក់គ្រាប់ធញ្ញជាតិនេះ គឺស្រាលជាងធ្វើកម្មករសំណង់ ហើយមានសេរីភាពជាង ប៉ុន្តែគាត់ដើរឆ្ងាយទម្រាំលក់អស់សណ្ដែកដី និងគ្រាប់ឈូកស្ងោរអស់១កញ្ច្រែង៖ «ព្រោះខ្ញុំគិតថា អ្វីក៏ដោយធ្វើខ្ញុំខ្លួនឯង គ្រាន់បើជាងធ្វើខ្ញុំគេ។ បើធ្វើសំណង់ គេជេរ ពិបាកណាស់ យើងរកខ្លួនឯងអ៊ីចឹង វាស្រណុក ចង់លក់ក៏លក់ ចង់មិនលក់ហីទៅ»។
យុវជនបន្តថា គាត់រកស៊ីនៅក្នុងទីក្រុងលក់ឆាប់ដាច់ ធ្វើគ្រាប់ធញ្ញជាតិមិនផ្អូម ងាយប្រមូលលុយ។ ទន្ទឹមនោះ គាត់ងាយស្រួលធ្វើដំណើរទៅលេងផ្ទះ និងបានដឹងសុខទុក្ខម្តាយឪពុក ងាយស្រួលជាងការឆ្លងដែនប្រថុយប្រថានទៅធ្វើការនៅប្រទេសថៃ ដែលថៅកែ និងយោធាថៃ ធ្វើបាប៖ «ចៀសវាងការចំណាកស្រុក ព្រោះយើងគិតថា ចំណាកស្រុកក៏គ្មានចំណេញអីប៉ុន្មានដែរ ដូចតែគ្នាហ្នឹង គិតសព្វៗទៅ យើងនៅជិតផ្ទះស្រណុកឆាប់បានដល់ផ្ទះផង»។
និយាយបណ្ដើរ ប្រមូលគ្រាប់សណ្ដែកដីបណ្ដើរ តូច ចំណាប់ រៀបរាប់ពីការបោះបង់ការរៀននោះថា បើគិតពីការរៀន គឺ ១២ ទៅ ១៣ឆ្នាំ ទើបបញ្ចប់ការសិក្សាវិទ្យាល័យ។ ការរៀននោះ គឺយូរពេក គាត់ចាយលុយរៀនកួរច្រើន ហើយមិនរំពឹងថាប្រឡងបញ្ចប់ការសិក្សាមានជំនាញច្បាស់លាស់នោះ អាចមានការងារធ្វើជាប់លាប់នោះទេ។ យុវជនថា បើរំពឹងការងារឯកជន បានប្រាក់ខែតិច ហើយឆាប់ចប់កុងត្រា រួចត្រូវទ្រថៅកែ ឬអែបអបចៅហ្វាយនាយ ទើបធ្វើការបានយូរឆ្នាំ។ បើចង់ធ្វើការងាររដ្ឋវិញ ទម្រាំរកឃើញកន្លែងដាក់ពាក្យប្រឡងចូលធ្វើការ ក៏មិនសង្ឃឹមជាប់ដែរ។
តូច ចំណាប់ បន្តថា គាត់នៅជនបទគ្មានពេលស្តាប់វិទ្យុ និងមើលទូរទស្សន៍ប្រកាសដំណឹងផ្សេងៗនោះទេ។ យុវជនថា ភាពអស់សង្ឃឹមនេះ ទើបគាត់បញ្ចប់ការសិក្សាត្រឹមជាប់សញ្ញាបត្របឋមភូមិ រៀនគ្រាន់តែចេះអាន និងចេះសរសេរ ហើយមកលក់ដូរនៅភ្នំពេញ ជួលផ្ទះគេនៅ ទើបរហ័សមានលុយចាយ៖ «ដោយសារជីវភាពគ្រួសារវាអត់សូវសម្បូរលុយកាក់ ហើយណាមួយសម័យឥឡូវគេត្រូវការរៀនកួរច្រើន ពេលយើងអត់មានលុយរៀនកួរ និងគ្មានសមត្ថភាព ឈប់តែម្តងទៅ»។
យុវជនបន្តថា គាត់លក់សណ្ដែកដីស្ងោរ សណ្ដែកដីលីង និងលក់គ្រាប់ឈូកនេះ គាត់ត្រូវទៅទិញគ្រាប់ធញ្ញជាតិនោះនៅផ្សារដើមគរ ផង និងផ្សារកណ្ដាល ផង។ គាត់ចម្អិនរួច ដើរលក់១ថ្ងៃអស់សណ្ដែកដី១បាវ គ្រាប់ឈូក ៥ ទៅ ១០គីឡូ និងសណ្ដែកដីលីងកន្លះតៅ៖ «មុខរបរនេះគ្រាន់តែថា វាលំបាកបន្តិចត្រង់ថា យើងយកមកលាងយកមកស្ងោរ អ្វីដែលសំខាន់ គឺថា យើងធ្វើទៅដើម្បីចិញ្ចឹមគ្រួសារយើង។ ខ្ញុំទៅទិញទទួលម៉ូយនៅផ្សារដើមគរ ហើយឈូកយកនៅផ្សារកណ្ដាល ហើយសណ្ដែកដីលីងក៏នៅផ្សារកណ្ដាល ដែរ»។
នៅក្នុងការលក់ដូរនេះដែរ មនុស្សជាច្រើនបានលូកចាប់យកគ្រាប់សណ្ដែកដីពីកញ្ច្រែងយកទៅហូបមួយក្តាប់ម្នាក់ៗ ដោយមិនបង់ប្រាក់។ ប៉ុន្តែយុវជននៅតែឈរញញឹម មិនហ៊ានថាឲ្យគេទេ។ ចំណែកអ្នកដែលទិញក៏ចាប់ភ្លក់ច្រើនក្តាប់ ទើបហ៊ានទិញមួយកំប៉ុងតម្លៃ ១.៥០០រៀលនោះ ទិញរួចក៏សុំថែមមួយក្តាប់ទៀត៖ «ចុះធ្វើម៉េចបើគេតម្រូវឲ្យគេភ្លក់អ៊ីចឹង ជួនកាលយើងខាតអ៊ីចឹងទៅ គេហូបច្រើនទៅ ខាតច្រើនទៅ បើហូបតិចអត់អីទេ។ អត់ហ៊ានថាឲ្យគេទេ របស់យើងត្រូវលក់ចែកគេភ្លក់ទៅហើយហ្នឹង»។
ទោះជាយ៉ាងនេះក្តី យុវជននៅតែអះអាងថា ១ថ្ងៃអាចសល់ប្រាក់ ៣ ទៅ ៤ម៉ឺនរៀល បន្ទាប់ពីផាត់លុយដើម។ ប្រាក់នេះ ក្រៅពីទិញអាហារ និងបង់ថ្លៃផ្ទះជួល គាត់សន្សំផ្ញើទៅឲ្យម្តាយចាត់ចែងផ្ញើទៅបង ដែលកំពុងរៀននៅខេត្តផ្សេង។ យុវជនថា រដូវភ្ជុំបិណ្ឌជិតមកដល់ គាត់ខំរកលុយឲ្យបានច្រើន ដើម្បីជិះឡានទៅស្រុក និងជូនលុយឪពុកម្ដាយ។
តូច ចំណាប់ បន្តថា គាត់មានបងប្អូន ៧នាក់។ បង ៤នាក់ មានគ្រួសារ ចំណែកបងប្រុសម្នាក់ កំពុងរៀនមហាវិទ្យាល័យនៅបន្ទាយមានជ័យ ឆ្នាំទី៣។ បងប្រុសនោះត្រូវការលុយច្រើនក្នុងពេលសិក្សា៖ «តែចំពោះគាត់មួយពិបាកណាស់ ដឹងតែ ១០ថ្ងៃទារលុយៗ។ ជួនកាលម៉ែគាត់លក់ស្រូវផ្ញើទៅឲ្យ ព្រោះគាត់រៀនវាមិនងាយចប់ទើបបានឆ្នាំទី៣»។
យុវជនឲ្យដឹងថា គាត់មករស់នៅភ្នំពេញប្រកបរបរលក់សណ្ដែកដី និងគ្រាប់ឈូកស្ងោរនេះ គឺជួលផ្ទះគេស្នាក់នៅរួមគ្នា ៦នាក់ ក្នុងតម្លៃ ៥០ដុល្លារក្នុង១ខែ។ ក្នុង១ថ្ងៃគាត់លក់សណ្ដែកដីស្ងោរឈូកស្ងោរ និងសណ្ដែកដីលីង តែ ៦ម៉ោងទេ។ គាត់លក់អស់ ហើយគាត់សម្រាក។ កន្លែងលក់ដាច់ជាងគេ គឺម្តុំពេទ្យកាល់ម៉ែត និងធនាគារអេស៊ីលីដា (Acleda Bank)។ គាត់លក់ដាច់នៅម៉ោង ១១ ទៅ ១២ថ្ងៃត្រង់ ដែលមនុស្សជាច្រើនចេញទៅទទួលទានអាហារថ្ងៃត្រង់ ហើយគេឈប់តាមផ្លូវជួយទិញគាត់៖ «នៅពេលដែលម៉ោងម៉ាដណ្ដប់ ពីរដណ្ដប់គេចេញ យើងទៅតែកន្លែងហ្នឹង ម៉ោង ១២ ខ្ញុំទៅលក់នៅធនាគារអេស៊ីលីដា។ ឥឡូវនេះខ្ញុំដើរលក់តាមផ្ទះដាច់បាន ៤ ទៅ ៥កំប៉ុងអីទេកន្លែងហ្នឹង ជួនកាលគេចង់ហូប ជួនកាលគេអត់ចង់។ ពេលព្រឹកលក់តាមផ្ទះ ថ្ងៃបន្តិចបានខ្ញុំទៅលក់នៅធនាគារ វាសម្បូរមនុស្ស»។
ក្រៅពីយុវជនរូបនេះប្រកបរបរលក់ដូររកចំណូលស្របច្បាប់ ក៏មានអ្នកមកពីខេត្តផ្សេងៗដែលរស់នៅចម្រុះក្នុងផ្ទះជួល ម្តុំពេទ្យរុស្ស៊ី និងនៅក្បែរប្រឡាយទឹកស្អុយ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌចំការមន និងខណ្ឌទួលគោក។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា មិនទាន់ស្រង់ស្ថិតិជនចំណាកស្រុកក្នុងប្រទេស និងជនបរទេសអន្តោប្រវេសន៍ ដែលកំពុងស្នាក់នៅក្នុងទីក្រុង ដែលរកស៊ីលក់ដូរ ឬដើរសុំលុយបរិច្ចាគជំនួយបែបសាសនាផ្សេងៗនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
