ប្រជាពលរដ្ឋនៅសហគមន៍អូរតាញាន ស្រុកបវេល ខេត្តបាត់ដំបង ចោទប្រកាន់នាយកសាលាបឋមសិក្សាអូរតាញាន ថាជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាប្រកាន់បក្ខពួកនិយម និងជ្រើសគ្រូដែលមានទីលំនៅឆ្ងាយពីសាលាទៅបង្រៀនសិស្សមិនទៀងទាត់។ នាយកសាលាបញ្ជក់ថា ការជ្រើសរើសគ្រូបង្រៀននេះ ធ្វើឡើងទៅតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ប្រជាពលរដ្ឋនៅសហគមន៍អូរតាញាន ស្រុកបវេល សម្ដែងការមិនពេញចិត្តនឹងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាពីសំណាក់នាយកសាលានេះ ថាជាការជ្រើសគ្រូតាមអំពើចិត្តរបស់ខ្លួនដោយពុំមានការឯកភាពពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននោះទេ។
ប្រជាពលរដ្ឋម្នាក់ គឺលោក ឡុង យ៉ុន រស់នៅឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៣ វិច្ឆិកា ថា នាយកសាលាបឋមសិក្សាអូរតាញាន ឃុំឃ្លាំងមាស ជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៣នាក់ប្រកាន់បក្ខពួក ដែលជ្រើសរើសយកគ្រូមានទីលំនៅឆ្ងាយពីសាលាបង្រៀនសិស្ស។ គ្រូកិច្ចសន្យា គឺជាគ្រូបង្រៀនដែលក្រសួងអប់រំ ជួលឲ្យបង្រៀនសិស្សសម្រាប់សាលាដែលខ្វះគ្រូបង្រៀន។ លោក ឡុង យ៉ុន បន្តថា លោកនាយកសាលាជ្រើសគ្រូបង្រៀននេះ ធ្វើឡើងតាមអំពើចិត្ត ដោយពុំមានការយល់ស្របពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អូរតាញាន ឡើយ។ លោកព្រួយបារម្ភខ្លាចគ្រូបង្រៀនដែលនាយកសាលាជ្រើសរើសមកនោះ បង្រៀនសិស្សមិនទៀងទាត់ ធ្វើឲ្យក្មេងមិនចេះអក្សរ ហើយខូចអនាគត៖ «បាទ! បានន័យថា គាត់ម្នាក់ឯងគាត់ធ្វើមេភូមិផង មេឃុំផង និងធ្វើជានាយកសាលាទៀត។ គាត់ធ្វើនេះមិនត្រឹមត្រូវទេ ព្រោះនាយកសាលាមិនផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋក្នុងភូមិបានចូលរួមជ្រើសរើសគ្រូបង្រៀនផង»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយកសាលាបឋមសិក្សាអូរតាញាន លោក ស្រេ ហ៊ួ មានប្រសាសន៍ថា ការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យា ធ្វើឡើងទៅតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយថា ការជ្រើសរើសនេះពុំបានប្រកាន់បក្ខពួកដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ។ លោកអះអាងថា មូលហេតុដែលជ្រើសគ្រូបង្រៀនមកពីទីឆ្ងាយនោះ ដោយសារគ្រូដែលជ្រើសនោះមានចំណេះដឹងទៅតាមការណែនាំរបស់ក្រសួងអប់រំ៖ «វាមិនអាចទៅរួចទេ ប្រសិនបើមិនបក្ខពួក ក៏ខ្ញុំត្រូវជ្រើសយកគ្រូដែលមានសញ្ញាបត្រថ្នាក់ទី១២ ដែរ។ ម្យ៉ាងទៀត ការជ្រើសរើសនេះ ខ្ញុំបានធ្វើតេស្ដវាស់ចំណេះដឹងត្រឹមត្រូវ»។
ប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ករណីនាយកសាលាជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាប្រកាន់បក្ខពួកនេះ ពុំមែនកើតមាននៅក្នុងខេត្តបាត់ដំបង ប៉ុណ្ណោះទេ គឺតែងកើតមានស្ទើរគ្រប់បណ្ដាខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជា ទៅហើយ។ អ្នកស្រីបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រសួងអប់រំ ដែលខ្វះការយកចិត្តទុកដាក់ក្នុងការជ្រើសរើសគ្រូបង្រៀនឲ្យបានត្រឹមត្រូវ ហើយធ្វើឲ្យគុណភាពអប់រំមានការធ្លាក់ចុះ៖ «ចា៎! ដោយសារតែក្រសួងអប់រំ បណ្ដោយឲ្យលោកគ្រូអ្នកគ្រូធ្វើអ្វីតាមអំពើចិត្ត ដូចជាការដាក់លុយដាក់កាក់សូកទៅឲ្យមន្ត្រីអប់រំនៅតាមការិយាល័យស្រុកជាដើម។ បញ្ហានេះហើយដែលជាការប្រព្រឹត្តអំពើពុករលួសជាប្រព័ន្ធ»។
សាលាបឋមសិក្សាអូរតាញាន ឃុំឃ្លាំងមាស មានសិស្សកំពុងសិក្សាទាំងអស់ចំនួនជាង ៩០នាក់ មានថ្នាក់រៀន ៦ថ្នាក់ និងមានគ្រូបង្រៀនចំនួន ៥នាក់ ក្នុងនោះគ្រូជាប់កិច្ចសន្យា ៤នាក់ និងគ្រូក្របខ័ណ្ឌរដ្ឋម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
