នាយករងវិទ្យាល័យគាស់ក្រឡ ខេត្តបាត់ដំបង ចោទប្រកាន់អភិបាលស្រុកគាស់ក្រឡ ថារួមដៃជាមួយនាយកសាលានេះ ធ្វើរបាយការណ៍បញ្ជូនទៅមន្ទីរអប់រំខេត្ត ដកលោកចេញពីតំណែង ដោយសាររឿងបង្រៀនសិស្សឲ្យយល់ដឹងបញ្ហានយោបាយនៅក្នុងសង្គម។ អភិបាលស្រុកគាស់ក្រឡ អះអាងថា ការស្នើឲ្យដកតំណែងនាយករងនេះ ធ្វើឡើងដោយមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ។
នាយករងវិទ្យាល័យគាស់ក្រឡ សម្ដែងការមិនពេញចិត្តទៅនឹងសកម្មភាពរបស់អភិបាលស្រុកគាស់ក្រឡ និងនាយកសាលាមួយនេះ ថាជារឿងអយុត្តិធម៌មកលើគ្រូបង្រៀនថ្នាក់ក្រោម មិនអាចទទួលយកបាន។
នាយករងវិទ្យាល័យគាស់ក្រឡ លោក កែវ វិចិត្រ មានប្រសាសន៍នៅថ្ងៃទី១៤ សីហា ថា អភិបាលស្រុកគាស់ក្រឡ និងនាយកសាលាមួយនេះមួលបង្កាច់ដោយធ្វើរបាយការណ៍បញ្ជូនទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដកលោកចេញពីតំណែង ដោយសារឃើញលោកបង្រៀនសិស្សឲ្យយល់ដឹងពីបញ្ហានយោបាយនៅក្នុងសង្គម។ លោកអះអាងថា ការងារនយោបាយដែលលោកបង្រៀននោះ ដើម្បីអប់រំសិស្សឲ្យយល់បញ្ហាសង្គម ដូចជាពាក្យថាសាលារៀនផ្សារភ្ជាប់ទៅនឹងរបរនយោបាយ សេដ្ឋកិច្ច និងការរស់នៅរបស់ពលរដ្ឋនៅក្នុងសង្គម។ ដូច្នេះ ពាក្យថានយោបាយចំពោះសិស្ស គឺត្រូវគោរពវិន័យសាលា។
លោកបន្ថែមថា ប្រសិនបើក្នុងប្រទេសមួយពលរដ្ឋមិនយល់ពីអត្តសញ្ញាណរបស់ខ្លួន ជារឿងមិនល្អទេ ដូច្នេះពលរដ្ឋត្រូវយល់ពីនយោបាយ។ លោកថា ពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង មានសិទ្ធិទៅបោះឆ្នោត ហើយអាយុ ២៥ឆ្នាំឡើងទៅ មានសិទ្ធិឈរជាតំណាងឲ្យគេបោះឆ្នោត។ នេះជាកាតព្វកិច្ចរបស់ពលរដ្ឋ៖ « ខ្ញុំណែនាំហើយ នៅពេលនោះលោកនាយកសាលាបានកត់កំណត់ហេតុ និងថតវីដេអូយកទៅប្ដឹងអភិបាលស្រុក ថាខ្ញុំនិយាយរឿងនយោបាយប៉ះពាល់នឹងការរៀនរបស់សិស្សានុសិស្ស ប៉ះពាល់នឹងអារម្មណ៍ របស់លោក គ្រូអ្នកគ្រូ មិន សប្បាយចិត្ត ក្នុងរឿងដែលខ្ញុំ និយាយបង្រៀន សិស្សនោះ »។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកគាស់ក្រឡ លោក ផេង សិទ្ធី មានប្រសាសន៍ថា ការស្នើដកនាយករងពីតំណែង ធ្វើឡើងទៅតាមសំណើរបស់ក្រុមគ្រូបង្រៀនចំនួន ២៧នាក់ ព្រោះពួកគាត់បម្រុងធ្វើពហិការមិនចូលបង្រៀនសិស្ស៖ « អត់មានទេ បើនិយាយទៅគ្រប់ស្រុកទាំងអស់អត់មានសិទ្ធីអីទៅសម្រេចទេ គឺខាងក្រសួង និង មន្ទីរអប់រំ ខេត្តបាត់ដំបង គេមកធ្វើ កំណត់ហេតុ របស់គេ បាទ !»។
ចំណែកនាយកវិទ្យាល័យគាស់ក្រឡ លោក សឿន សុភាព ធ្លាប់មានប្រសាសន៍ថា នាយករងរូបនេះកន្លងមកតែងបង្កបញ្ហាធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងរបស់សាលា។
ទោះជាយ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តបាត់ដំបង លោក ម៉ែន សុខធៃ អះអាងថា ការដកតំណែងនាយករងនេះ ដោយសាររូបលោកជាឆ្អឹងទទឹងកដោយរាយការណ៍បញ្ហាលោកនាយកសាលាចាយវាយថវិកា ភី.ប៊ី (PB) របស់សាលាគ្មានតម្លាភាព៖ « លោកនាយក សាលាគាត់បែបជាបង្វែររឿង ទាំងអស់នេះទៅជា រឿងផ្សេង ទៅវិញ ដោយ មន្ទីរអប់រំ អត់បាន ចុះមក ត្រួតពិនិត្យ ។ ហើយរឿង ទាំងនេះហើយ ដែលធ្វើឲ្យ កើតមាន រឿងរ៉ាវ កាន់តែ វែងឆ្ងាយ »។
អាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លោក ងី សែត ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះទេនៅថ្ងៃទី១៤ សីហា។
ប៉ុន្តែនាយករងវិទ្យាល័យគាស់ក្រឡ លោក កែវ វិចិត្រ អះអាងថា ខាងមន្ទីរបានបញ្ជូនរឿងនេះទៅក្រសួងអប់រំ រួចទៅហើយ ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត។
បច្ចុប្បន្ន នាយករងរូបនេះត្រូវបាននាយកសាលាដកបញ្ឈរជើងឲ្យកាន់ផ្នែកវាយជួងសម្រាប់ឲ្យសិស្សចូលរៀន ហើយនៅពេលចេញលិខិតផ្លូវការពីក្រសួងមក នឹងត្រូវដកឲ្យទៅប្រចាំការនៅមន្ទីរអប់រំខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
